ប្រទេសចិន ៖ អតីតរដ្ឋមន្ត្រីកសិកម្មចិន លោកTANG RENJIANG ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃទី២៨ កញ្ញា ពីបទពុករលួយ ជាមួយការព្យួរទោសមិនទាន់ប្រហារជីវិតរយៈពេល២ឆ្នាំ។ នេះបើតាមការប្រកាសរបស់តុលាការក្រុងចាងជុន ខេត្តជីលីន។
ការកាត់ទោសនេះ ស្ថិតក្នុងក្របខណ្ឌនៃយុទ្ធនាប្រឆាំងអំពើពុករលួយរបស់ប្រធានាធិបតីចិន លោកស៊ីជីនពីង ដែលបណ្ដាលឲ្យឥស្សរជនជាន់ខ្ពស់ចិនច្រើនរូប ត្រូវខ្ទាតចេញរួចហើយ។ ក្នុងសេចក្ដីប្រកាសមួយតុលាការបញ្ជាក់ថា ទាក់ទិននឹងលោកTANG RENJIANG លោកទទួលសំណូកក្នុងទឹកប្រាក់សរុបជាង២៦៨លានយន់ (៣២លានអឺរ៉ូ) ពីឆ្នាំ២០០៧ ដល់២០២៤។
សំណូកទាំងនោះ នាំឲ្យមានការខាតបង់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជន ទើបត្រូវទទួលការកាត់ទោសប្រហារជីវិត។ ជនជាប់ចោទបានសារភាពទោសកំហុស និងសម្ដែងនូវវប្បដិសារី។ មុនក្លាយជារដ្ឋមន្ត្រីកសិកម្ម លោកTANG RENJIANG ធ្លាប់ជាពិសេសកាន់តំណែងអភិបាលខេត្តហ្គានស៊ូ ព្រមទាំងជាអនុប្រធានតំបន់ស្វយ័តក្វាងស៊ី។
ការធ្លាក់ពីតំណែងរបស់លោក គឺបន្ទាប់ពីការស៊ើបអង្កេតពីបទពុករលួយដូចលោកដែរទាក់ទិននឹងអតីតរដ្ឋមន្ត្រីការពារជាតិចិន២រូបលោកLI SHANGFUE និងលោកWEI FENGHE ។ តាមបណ្ដាសារព័ត៌មានចិនថា លោកWEI FENGHE ត្រូវបានដកចេញពីតំណែង ក្រោយក្លាយជារដ្ឋមន្ត្រីការពារជាតិបានត្រឹម៧ខែ បន្ទាប់មកដេញចេញពីបក្សកុំមុយនីស្តចិន ពិសេស ជាប់សង្ស័យពីបទពុក
រលួយ។ អ្នកបន្តតំណែងពីលោកជារដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន លោកDONG JUN ក៏ធ្លាប់ជាកម្មវត្ថុនៃការស៊ើបអង្កេតពីបទពុករលួយដែរ ៕
ចែករំលែកព័តមាននេះ