រាជធានីភ្នំពេញ ៖ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន០៣ទីតាំងផ្សេងគ្នានៅកណ្ដាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃ ចុះឡោមព័ទ្ធបង្ក្រាបនិងឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន២៤នាក់ ព្រមទាំងដករហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន ។ ប្រតិបត្តិការនេះ ធ្វើឡើងជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ។

តាមគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន០២កន្លែង និងបង្ក្រាបទីតាំង០១កន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតបញ្ជាក់ និងឃ្លាំមើលទីតាំងខាងលើប្រមាណ ០៣ខែកន្លងមក ។

ការបង្ក្រាបធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងគោលការណ៍ណែនាំពី លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពី នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ។

សមត្ថកិច្ចជំនាញបានរកឃើញជនបរទេសសរុបចំនួន២៤នាក់ (ស្រី ០៣នាក់) លើ០៣សញ្ជាតិ កំពុងស្នាក់នៅ និងបម្រើការងារក្នុងទីតាំងខាងលើ ដែលបានដកហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ Tablet Ipad ទូរសព្ទដៃ និងSimcard បរទេស ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

បច្ចុប្បន្ន ជនសង្ស័យជាជនបរទេសទាំងអស់ខាងលើ ត្រូវបាននាំខ្លួនមកនាយកដ្ឋានជំនាញ បន្តនីតិវិធីសាកសួរឈានទៅស្រាវជ្រាវកំណត់ស្វែងរកមុខសញ្ញាមេខ្លោង ដើម្បីអនុវត្តតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ