ប្រទេសម៉ាឡេស៊ី៖ កម្ពុជា និងទីក្រុងម៉ាឡាកា នៃប្រទេសម៉ាឡេស៊ី បានរួមគ្នាផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ទ្វេភាគី ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម ជាពិសេសទេសចរណ៍មូស្លីម។
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែកញ្ញានេះ បានឱ្យដឹងថា កាលពីម្សិលមិញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម YAB Datuk Seri Utama Ab Rauf Bin Yusoh, Chief Minister of Melaka ដោយទទួលលទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះមានជាអាទិ៍ ពង្រឹងកិច្ច សហប្រតិបត្តិការលើការងារទេសចរណ៍មូស្លីម, ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ម៉ាឡាកានិងកម្ពុជា ព្រមទាំងជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាដោយមានការលើកទឹកចិត្តនិងមានភាពទាក់ទាញ។
ក្រសួងបានរំលេចថា ដោយសារទីក្រុងម៉ាឡាកា ជាទីក្រុងប្រវត្តិសាស្ត្រ និងបានដាក់បញ្ចូលក្នុងតំបន់បេតិកភណ្ឌពិភពលោក, ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងស្នើឱ្យមានការចែករំលែកបទពិសោធល្អៗក្នុងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ និងទេសចរណ៍ទីក្រុង។
ភាគីកម្ពុជា បានជម្រាបជូនថា តាមរយៈការដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍មូស្លីម (២០២៣-២០២៧) និងស្តង់ដាមូស្លីមហ្រែនលី កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរពីម៉ាឡាកា ពិសេសទេសចរណ៍មូស្លីម។
សូមជម្រាបជូនថា នៅម៉ាឡេស៊ី, Chief Minister of Melaka មានតួនាទីជាប្រមុខរាជរដ្ឋាភិបាលនៅរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី ដែលគ្រប់គ្រងអំណាចនីតិប្រតិបត្តិនៅក្នុងរដ្ឋម៉ាឡាកា៕
ចែករំលែកព័តមាននេះ