ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! ផ្ទះពលរដ្ឋជាង១ពាន់ខ្នង រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង និងរតនគិរី

12 ម៉ោង មុន

ខេត្តស្ទឹង​-រតនគិរី៖ លំនៅឋានប្រជាពលរដ្ឋជាង១.៥០០ខ្នង រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង និងរតនគិរី។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃទី២៩ ខែកញ្ញា…

ខេត្តស្ទឹង​-រតនគិរី៖ លំនៅឋានប្រជាពលរដ្ឋជាង១.៥០០ខ្នង រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង និងរតនគិរី។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ​បានអញ្ជើញដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ដែលបានជន់លិចផ្លូវ ដំណាំ សាលារៀន និងផ្ទះប្រជាពលរដ្ឋមួយចំនួន ស្ថិតក្នុងឃុំសាមឃួយ ឃុំកំភុន ឃុំភ្លុក នៃស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្រសួងបានបញ្ជាក់ថា តាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ភូមិចំនួន១៧ នៃឃុំចំនួន៧ ក្នុងមូលដ្ឋានស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយប៉ះពាល់ផ្ទះចំនួន ៦៥១ខ្នង សាលារៀន៤ខ្នង វត្តមួយកន្លែង ផ្លូវជាតិ ៥០០ម៉ែត្រ ផ្លូវលំជនបទ ១៧.៧៤០ម៉ែត្រ ព្រមទាំងដំណាំស្រូវ ១.៤៤៦ហិកតា និងដំណាំរួមផ្សំ ១.៩៤៩ហិកតា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ត្រូវបន្តការយកចិត្តទុកដាក់ចុះអន្តរាគមន៍ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ហើយត្រូវបន្តកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរពាក់ព័ន្ធផងដែរ។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេស្រែពក ដែលបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ៨៦៦ខ្នង ទំនប់អាងស្ដុកទឹកប្រវែង ៥ម៉ែត្រ ផ្លូវក្រាលក្រួសក្រហម ៦៥,៦គីឡូម៉ែត្រ សំណង់លូកាត់ផ្លូវចំនួន ៣១កន្លែង ព្រមទាំងផ្ទៃដីស្រែ ២.០៩៤ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ២.២៦៩ហិកតា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចុះស្រង់ទិន្នន័យខូចខាតជាក់ស្តែងលើប្រព័ន្ធធារាសាស្រ្ត ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង សម្ភារៈប្រើប្រាស់ និងសត្វចិញ្ចឹម ដើម្បីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ