រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបានប្រកាសថា ចាប់ពីពេលនេះតទៅ រដ្ឋឈប់ប្រគល់ដីសម្បទានទៅក្រុមហ៊ុនឯកជនទៀតហើយ គឺទុកដីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ និងអតីតយុទ្ធជន និងនិវត្តជន ។
ការប្រកាសរបស់ប្រមុខរដ្ឋស្តីទីបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ដែលរៀបចំធ្វើឡើងនាទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។
ថ្លែងជាសាធារណៈសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ២០១២មក យើងមិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនណាទៀតទេ ហើយយើងនឹងបន្ដមិនផ្ដល់ដីធ្លី សម្រាប់ក្រុមហ៊ុនបន្ដទៀតទេ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដីធ្លីដែលរដ្ឋបានដកហូតមកវិញ សម្ដេចបានណែនាំជាបន្ដបន្ទាប់ឲ្យរក្សាទុកដីធ្លីនោះ គឺជាដីធ្លីសម្រាប់ផ្ដល់សម្បទានសង្គមកិច្ចជូនអ្នកខ្វះដី ដែលក្នុងនោះ គឺមួយភាគ ក៏ត្រូវបានផ្ដល់សម្រាប់អតីតយុទ្ធជន ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវបន្ដគ្រប់គ្រងដីធ្លីឲ្យបានម៉ត់ចត់ ដើម្បីផ្ដល់ជូនដល់អតីតយុទ្ធជន សម្រាប់អ្នកដែលខ្វះដីពិតប្រាកដ ។
សម្ដេចតេជោបានជំរុញដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្ដពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្ដល់ដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ, អតីតយុទ្ធជន និងនិវត្តន៍ជន ដែលក្រីក្រពិតប្រាកដផងដែរ ។
នាឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ក្នុងនាមខ្ញុំជាមួយនឹងភរិយា ខ្ញុំសូមប្រកាសនូវថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន១០០ខ្នង ក្នុងមួយឆ្នាំ
រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០ ព្រោះអាណត្តិរបស់ខ្ញុំនឹងអស់នៅក្នុងឆ្នាំ២០៣០»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចនឹងប្រើពេលវេលាចំនួន៥ឆ្នាំនេះ ដើម្បីជួយសាងសង់ផ្ទះចំនួន៥០០ខ្នង សម្រាប់ជូនអតីតយុទ្ធជន ហើយសម្រាប់ឆ្នាំនេះ ក្នុងថ្ងៃនេះ ឫស្អែក សម្តេចនឹងបើកប្រាក់សម្រាប់សាងសង់ផ្ទះសម្រាប់១០០ខ្នង ហើយឆ្នាំក្រោយនឹងបន្តបើកប្រាក់សម្រាប់សាងសង់១០០ខ្នងទៀត តទៅរហូតដល់គ្រប់៥ឆ្នាំ ដល់ឆ្នាំ២០៣០។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីឆ្នាំ២០៣០ រួចហើយនោះ សម្តេចនឹងបន្តពិនិត្យមើលបន្តទៀត សម្រាប់ការជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជននេះផងដែរ ៕
ចែករំលែកព័តមាននេះ