ខេត្តព្រះសីហនុ ៖ ទណ្ឌិតចំនួន៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តព្រះសីហនុ ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ (ត្រពាំងផ្លុង) ដើម្បីរំដោះភាពចង្អៀតណែន ។ នេះបើយោងតាមផេកគ្គនាយកដ្ឋានពន្ធនាគារបានផ្សាយ កាលពីថ្ងៃរសៀលថ្ងៃទី២៨ ខែកញ្ញា ២០២៥ ។

អគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរ និងដឹកជញ្ជូនអ្នកទោស(ជនជាប់ចោទ)ចំនួន៩៨នាក់ ពីពន្ធនាគារខេត្តព្រះសីហនុ ។ ព្រោះដោយសារមានភាពចង្អៀតណែនទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន ។

ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព ។ មន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែល ដោយទទួលបានគោលការណ៍ឯកភាពពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្របពេលសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពធូរស្រាល អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំប្រតិបត្តិការផ្ទេរនិងដឹកជញ្ជូនអ្នកទោស ដែលបានផ្ញើឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាបចំនួន ១ ១២៥នាក់(ស្ត្រី ៦៣នាក់) ទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យជាកន្លែងដើមវិញ ។

ប្រតិបត្តិការនេះ ចាប់ផ្តើមនៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ និងបានចេញដំណើរនៅម៉ោង៦ព្រឹក ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួមពីឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ បានមកដល់គោលដៅនៅវេលាម៉ោង៩ព្រឹក ប្រកប ដោយសុវត្ថិភាព ក្នុងនោះបានប្រើប្រាស់កម្លាំងមន្ត្រីពន្ធនាគារការពារសរុបចំនួន ១៦៥នាក់ និងរថយន្តក្រុងដឹកជញ្ជូនចំនួន ៣៧គ្រឿង ៕
ចែករំលែកព័តមាននេះ