រាជធានីភ្នំពេញ ៖ តាមការបញ្ជាក់ពីសំណាក់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានថា បារាំងបានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ ហើយបារាំងគាំទ្រ ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ ។

ការលើកឡើងរបស់ទូតថ្មីបារាំងប្រចាំនៅកម្ពុជា ឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD)ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនដល់ឯកឧត្តមប្រធានាធិបតីបារាំងក៏ដូចជាពល រដ្ឋបារាំង ដែលបានសម្តែងការព្រួយបារម្ភភា្លមៗនៅក្រោយការឈ្លានពានបានកើតមានឡើង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។ ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) បានអបអរសាទរបទឈប់បាញ់ដោយសង្ឃឹមថា ជម្លោះនឹងត្រូវបានដោះស្រាយ ប៉ុន្តែមិនដូច្នេះទេភាគីថៃបានរំលោភបទឈប់បាញ់ បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជាស្លូតត្រង់ម្តងហើយម្តងទៀត ។

បញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជារឿងថ្មីទេ ។ វាបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារប្រទេសថៃបដិសេធ មិនប្រើប្រាស់ផែនទីទទួលស្គាល់ ដោយអន្តរជាតិធ្វើឡើងដោយបារាំង-សៀម (Franco-Siamese) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ថៃប្រើប្រាស់ផែនទីឯកតោភាគី ។
សម្តេចបានគូសបញ្ជា្កក់ថា ៖«កម្ពុជាប្រាថ្នាចង់រួមរស់នៅដោយសន្តិវិធីជាមួយប្រទេសជិតខាងជាមិត្តល្អ ហើយនៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយព្រំដែនរបស់យើងទៅជាព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ» ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី អត់ធ្មត់ ដើម្បីការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋ ដោយសារកម្ពុជាស្គាល់នូវរស់ជាតិសង្គ្រាម ដូច្នេះមិនចង់ឱ្យពលរដ្ឋរងទុក្ខលំបាកជាថ្មីម្តងទៀតនោះទេ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរពីការដោះស្រាយបញ្ហាដោយសន្តិវិធីនេះជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងបណ្តាប្រទេសជាមិត្តនានារួចហើយ ដូច្នេះសមង្ឃឹមថា ជម្លោះនេះនឹងដោះស្រាយបានក្នុងពេលឆាប់ៗនេះ ។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំងវិញ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម អូលីវីយ៉េ រីឆាដ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរដែលមានតាំងពីយូរមកហើយ ។ ក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅឆ្នាំ២០២៦ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ។
តាមរយៈដំណើរទស្សនកិច្ចនេះ បារាំងនឹង ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា ដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវប្បធម៌សុខាភិបាលជាដើម ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជានឹងបង្ហាញពីឱកាសពិសេសមួយ ក្នុងការលើកកម្ពស់ភាពជាដៃគូរបស់យើងបន្ថែមទៀត និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
សម្តេចបានកត់សម្គាល់ថា ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្ត បន្ទាប់នាពេលកន្លងមកព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញទស្សនកិច្ចនៅបារាំង សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទើបបានបំពេញទស្សនកិច្ចនៅបារាំង ហើយសម្តេចប្រធានរដ្ឋសភាផ្ទាល់ក៏បានបំពេញទស្សនកិច្ច នៅបារាំងកាលពីឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ