ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​​ស្រា​អែ​ល​ព្រម​ទទួលយក​ផែនការ​សន្តិភាព​នៅ​ហ្គា​ហ្សា​របស់​លោក​ត្រាំ​

3 ម៉ោង មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កាលពី​ថ្ងៃ​ទី​២៩ ​កញ្ញា ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ថ្លែងអំណរគុណ​ចំពោះ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ដែល​ព្រម​ទទួលយក​ផែនការ​សន្តិភាព​មាន​២០​ចំណុច​របស់​លោក សម្រាប់​ជ្រោយ​ហ្គា​ហ្សា ហើយ​លោក​​សង្ឃឹមលើ​ចម្លើយ​តប​ជា​វិជ្ជមាន​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។…

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កាលពី​ថ្ងៃ​ទី​២៩ ​កញ្ញា ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ថ្លែងអំណរគុណ​ចំពោះ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ដែល​ព្រម​ទទួលយក​ផែនការ​សន្តិភាព​មាន​២០​ចំណុច​របស់​លោក សម្រាប់​ជ្រោយ​ហ្គា​ហ្សា ហើយ​លោក​​សង្ឃឹមលើ​ចម្លើយ​តប​ជា​វិជ្ជមាន​របស់​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។

ពេល​ជួប​លោក​ត្រាំ​នៅ​សេត​វិមាន​លោក​នេ តាន់​យ៉ា​ហ៊ូ​ថ្លែង​ថា លោ​កម​គាំទ្រ​ផែនការ​នោះ​។ ចំណាប់ខ្មាំង​ទាំងអស់​ទាំង​អ្នក​នៅរ​ស់ទាំង​សាកសព​អ្នក​ស្លាប់​ត្រូវ​ប្រគល់​ឲ្យ​ភ្លាម​ៗ​។ ក្រុម​ហា​ម៉ាស់​ត្រូវ​រំសាយ​អាវុធ​។​ជ្រោយ​ហ្គា​ហ្សា នឹង​ជា​តំបន់​គ្មាន​កងទ័ព​។ អី​ុ​ស្រា​អែ​ល​នឹង​នៅ​រក្សា​ការ​ទទួល​ខុសត្រូវ​ខាង​សន្តិសុខ​សម្រាប់​ដំណាក់កាល​មួយ​។ ប្រសិនបើ​ក្រុម​ហា​ម៉ាស់​បដិសេធ​ផែនការ​លោក​​ត្រាំ​នោះ​អ៊ី​​ស្រា​អែ​ល​ប្ដេជ្ញា​ចាត់កា​ដោយ​ខ្លួនឯង​។

ខាងក្រៅ​មហាសន្និបាត​អ​.​ស​.​ប​ក្រុង​ញូ​វ​យ៉​ក លោក​ដូ​ណា​ល់​ត្រាំ​លើក​ឡើង​ថា លោក​បាន​បង្ហាញ​ផែនការ​សន្តិភាព​ថ្មី​សម្រាប់​ជ្រោយ​ហ្គា​ហ្សា ចំពោះ​បណ្ដា​មេដឹកនាំ​អា​រ៉ាប់​និង​អ៊ិ​ស្លា​ម​។ ផែនការ​នោះ​ដែល​មាន​ជាង​៣​ទំព័រ​និង​២០​ចំណុច ប៉ុនប៉ង​បញ្ចប់​ជម្លោះ​នៅ​ជ្រោយ​ហ្គា​ហ្សា​។ ផែនការ​នោះ​ចាប់ផ្ដើម​ពី​ការ​បញ្ឈប់​រាល់​សកម្មភាព​យោធា បន្ទាប់​មក​ផ្អាក​រាល់​ខ្សែបន្ទាត់​ប្រយុទ្ធ​និង​ការ​ដោះ​លែង​សំណាប់​ខ្មាំង​ទាំងអស់​ដែល​នៅ​រស់​និង​ប្រគល់​សាកសព​បណ្ដា​ចំណាប់ខ្មាំង​ដែល​ស្លាប់​ក្នុងអំឡុងពេល​ត្រឹម​៧២​ម៉ោង​។

ជា​ថ្នូរ​វិញ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​នៅ​អ៊ី​ស្រា​អែ​ល ច្រើន​ពាន់​នាក់​ក៏​ត្រូវ​ដោះ​លែង​ដែរ​។ បន្ទាប់​មក​គឺ​វិធានការ សម្រាប់​បណ្ដា​សមាជិក​ក្រុម​ហា​ម៉ាស់​។ គេ​ត្រូវ​ទុក​ឲ្យ​មាន​ច្រកចេញ​មួយ​ដែល​មានការ​ធានា​សន្តិសុខ សម្រាប់​ពួក​គេ​ចាក​ចេញពី​ជ្រោយ​ហ្គា​ហ្សា​។ ទន្ទឹម​នឹង​នេះ​ដែរ​រាល់​អាវុធ​វាយលុក​របស់​ក្រុម​ហា​ម៉ាស់​នឹង​ត្រូវ​បំផ្លាញ​ចោល​។ ជំនួយ​មនុស្សធម៌​ពេញលេញ​ក៏​នឹង​បញ្ជូន​មក​ជ្រោយ​ហ្គា​ហ្សា​ភ្លាម​ៗ រួម​ទាំង​ការ​ជួយ​ស្ដារ​ឡើង​វិញ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា​ទឹក ភ្លើង ការ​ជួយ​សម្អាត និង​ស្ដារ​ឡើង​វិញ​បណ្ដា​មន្ទីរពេទ្យ កន្លែង​ផលិត​នំ​ប៉័ង ហើយនឹង​មានការ​បញ្ជូន​សម្ភារ​ចាំបាច់​សម្រាប់​ការ​យក​ចេញ​បណ្ដា​គំនរ​បាក់បែក​និង​បើកផ្លូវ​ថ្នល់​នានា​។

ចុង​ក្រោយ​បំផុត​អា​មេ​រិ​ក​នឹង​ទទួល​បន្ទុក​រួម​ជាមួយ​បណ្ដា​ដៃគូ​អា​រ៉ាប់​និង​អន្តរជាតិ បង្កើត​កងកម្លាំង​អន្តរជាតិ​ថែរក្សា​សន្តិភាព​បណ្ដោះអាសន្ន​មួយ ដែល​ដាក់​ពង្រាយ​ភ្លាម​ៗ​សម្រាប់​ត្រួតពិនិត្យ​សន្តិសុខ​នៅ​ជ្រោយ​ហ្គា​ហ្សា​។ ចំណែក​អ៊ី​ស្រា​អែ​ល​វិញ​ត្រូវ​ប្រគល់​ជា​បន្តបន្ទាប់​ដែនដី​ហ្គា​ហ្សា​ដែល​ខ្លួន​កាន់កាប់​។

ដែនដី​ជ្រោយ​ហ្គា​ហ្សា​នឹង​ត្រូវ​ដឹកនាំ​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​មួយ​ដែល​រួម​មាន​បណ្ដា​អ្នកបច្ចេកទេស​និង​គ្មាន​អ្នកនយោបាយ ដោយ​បដិសេធ​ពួក​ហា​ម៉ាស់​។ អាជ្ញាធរ​នោះ​នឹង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ របស់​គណៈកម្មាធិការ​សន្តិភាព​មួយ ដឹកនាំ​ដោយ​លោក​ត្រាំ​ផ្ទាល់ ដោយ​ក្នុង​នោះ​អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​តូ​នី​ប្លែ​រ​នឹង​ដើរតួ​នាទី​មួយ​។

ចំណុច​គន្លឹះ​ដទៃ​ៗ​ទៀត​នៃ​ផែនការ​នោះ សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ជាមួយ​បណ្ដា​ដៃគូ​អា​រ៉ាប់​និង​អន្តរជាតិ ក្នុង​ការ​បង្កើន​កងកម្លាំង​អន្តរជាតិ​រក្សា​ស្ថេ​រ​ភាព​មួយ ដែល​នឹង​ត្រូវ​ដាក់​ពង្រាយ​ភ្លាម​ៗ​នៅ​ជ្រោយ​ហ្គា​ហ្សា​។ កងកម្លាំង​នោះ​នឹង​ជួយ​បណ្ដុះបណ្ដាល​ព្រមទាំង​នឹង​ផ្ដល់​ការ​ជួយ​ទ្រទ្រង់​ដល់​កងកម្លាំង​ប៉ូលិស​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវ​សម្រេច​បង្កើត​ឡើង ហើយ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ហ្ស៊​ក​ដា​នី​និង​អេ​ហ្ស៊ីប​។ នឹង​គ្មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​ចាប់បង្ខំ​ឲ្យ​ចាក​ចេញពី​ហ្គា​ហ្សា​ឡើយ ប្រសិនបើ​ផែនការ​សន្តិភាព​ត្រូវ​បាន​អនុវត្ត​។ សេត​វិមាន​ក៏​អះអាង​ដែរ​ថា ប្រជាជន​ជ្រោយ​ហ្គា​ហ្សា​នឹង​ត្រូវ​លើកទឹកចិត្ត​ឲ្យ​ស្តិ​ត​នៅ​ដើម្បី​ចូលរួម​ក្នុង​ការ​កសាង​ឡើង​វិញ​។

សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់​ពី​ថ្ងៃ​ទី​៧​តុលា​ឆ្នាំ​២០២៣​មក បណ្ដាល​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​ជាង​៦៦.០០០​នាក់​នៅ​ជ្រោយ​ហ្គា​ហ្សា​។ ខាងអ៊ី​ស្រា​អែ​ល​វិញ​មាន​អ្នក​ស្លាប់​១២១៩​នាក់​ភាគច្រើន​ជា​ជន​ស៊ីវិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ