ប្រទេសចិន ៖ តុលាការចិនកាលពីថ្ងៃទី២៩ កញ្ញា បានកាត់ទោសប្រហារជីវិត មនុស្ស១៦នាក់ជាសមាជិកក្រុមឧក្រិដ្ឋមួយមួយ។ ក្រុមនោះរបស់ត្រកូលមីញទទួលការចោទប្រកាន់ពីបទបង្កើតមជ្ឈមណ្ឌលល្បែងអនឡាញជាច្រើនក្នុងតំបន់កូកាងមីយ៉ាន់ម៉ាជាប់ព្រំដែនជាមួយចិន ។ តុលាការវាយតម្លៃថា អំពើរបស់បណ្ដាមនុស្សដែលរងការកាត់ទោសពិតជាបំផ្លាញធ្ងន់ធ្ងរផលប្រយោជន៍របស់រដ្ឋនិងប្រជាជនចិន។

សាលក្រមកាត់ទោសរបស់តុលាការ ក្រុងវេនហ្សូភាគខាងកើតចិន ពិតជាសាលក្រមកាត់ទោសដែលធ្ងន់ធ្ងរបំផុតមួយ ក្នុងចំណោមការកាត់ទោសធ្ងន់ធ្ងរបំផុតនានា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមនុស្សដល់ទៅ១៦នាក់ត្រូវកាត់ទោសប្រហារជីវិត ក្នុងនោះ៥នាក់មានការព្យួរ២ឆ្នាំ សម្រាប់បណ្ដាសមាមាជិកត្រកូលមិញដែលរកស៊ីបោកប្រាស់តាមអនឡាញ។ មនុស្ស១១នាក់ទៀតទទួលការកាត់ទោសដាក់គុកអស់មួយជីវិត ហើយ១២នាក់ទទួលការកាត់ទោសដាក់គុករហូតដល់២៤ឆ្នាំ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋចិនCCTV។
តាមតុលាការថាត្រកូលមីញបានរួមដៃគ្នាជាមួយក្រុមឧក្រិដ្ឋជនដទៃៗទៀត ដើម្បីប្រព្រឹត្ត ការបោកប្រាស់តាមបណ្ដាញទូរគមនាគមន៍ បើកកាសីុណូ រត់ពន្ធគ្រឿងញៀននិងបង្កើតរបររកសីុខាងផ្លូវភេទដែលមានការរៀបចំ ព្រមទាំងប្រព្រឹត្តសកម្មភាពឧក្រិដ្ឋដទៃៗទៀត ទាក់ទិននឹងទឹកប្រាក់ដល់ទៅជាង១០ពាន់លានយន់។
ក្រុមឧក្រិដ្ឋត្រកូលមីញនោះធ្វើប្រតិបត្តិការចេញពីតំបន់កូកាងមីយ៉ាន់ម៉ាជាប់ព្រំដែនចិនមក ហើយជាអ្នកទទួលខុសត្រូវលើការស្លាប់នៃមនុស្ស១០ដែលជាស្ត្រីនិយោជិត បម្រើការក្នុងបណ្ដាមជ្ឈមណ្ឌលបោកប្រាស់និងល្បែងអនឡាញ ដែលសាកល្បងចង់រត់គេចខ្លួនចេញ។ កាលពីឆ្នាំ២០២៣ត្រកូលនោះទទួលការចោទប្រកាន់ពីការសម្លាប់មនុស្ស៤នាក់ទៀត ក្នុងឱកាសនៃប្រតិបត្តិការផ្ទេរមជ្ឈមណ្ឌលមួយ។
បណ្ដាមជ្ឈមណ្ឌលឧក្រិដ្ឋកសាងឡើងដូចជាទីតាំងបន្ទាយរឹងមាំមួយដូច្នោះដែរ ។ មជ្ឈមណ្ឌលទាំងនោះមានឯកទេសខាងបោកប្រាស់ និងកេងបន្លំដ៏ធំបំផុតនៅអាសីុអាគ្នេយ៍និងនៅមីយ៉ាន់ម៉ា។ មជ្ឈមណ្ឌលទាំងនោះដំណើរការជារឿយៗជាមួយពលករដែលចាប់មក ពិសេសជាជនជាតិចិនដែលទាក់ទាញមកតាមរយៈការបោកដោយសន្យាជួយរកការងារឲ្យធ្វើ។ ពួកឧក្រិដ្ឋជនបានបោកជនជាតិខ្លួន រកសីុកេងបន្លំខាងពាណិជ្ជកម្ម បោកប្រាស់និងចាប់ចម្រិត។
មីយ៉ាន់ម៉ានិងចិនកាលពីខែកុម្ភៈឆ្នាំ២០២៥ បានបើកធ្វើប្រតិបត្តិការទ្រង់ទ្រាយធំមួយជាមួយថៃ ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនច្រើនរយនាក់ ដែលគេចាប់បង្ខំមកធ្វើអាជីវកម្ម ក្នុងមជ្ឈមណ្ឌលបែបនោះ។ មជ្ឈមណ្ឌលទាំងនេះក៏បង្កើតនៅជិតព្រំដែនមីយ៉ាន់ម៉ាជាមួយថៃផងដែរ៕
ចែករំលែកព័តមាននេះ