ក្រសួងបរិស្ថានបានប្រកាសនាថ្ងៃទី២៩ ខែកញ្ញានេះថា ៖ ការវិវត្តនៃគ្រោងឆ្អឹង និងភាពរឹងមាំរបស់វា មានតួនាទីសំខាន់សម្រាប់សុខភាពមនុស្ស ។ តាមរយៈការសិក្សាមួយ នាពេលថ្មីៗនេះ បានបង្ហាញថា ទោះបីជាយើងរស់នៅក្នុងសម័យទំនើបស៊ីវីល័យ យ៉ាងណាក្តី ក៏បញ្ហាសុខភាពទាក់ទងនឹងកត្តាហានិភ័យថ្មីសម្រាប់ជំងឺឆ្អឹង មិនត្រូវបានបង្ហាញឱ្យឃើញទូលំទូលាយនៅឡើយ ។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក (Micro-nanoplastics, MPs) បានបង្កជាបញ្ហាយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាព ដោយសារវាមានការកើនឡើងច្រើននៅក្នុងបរិស្ថានជុំវិញ ។
គេហទំព័រ Springer Link បានផ្សាយអត្ថបទស្រាវជ្រាវ របស់ស្ថាប័ន Osteoporosis International បានឱ្យដឹងថា ការស្រាវជ្រាវលម្អិតមួយត្រូវបានធ្វើឡើងដើម្បីរកមូលហេតុដែលមីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក MPs ប៉ះពាល់ទៅលើឆ្អឹង និងខួរឆ្អឹង នាពេលបច្ចុប្បន្ន និងបញ្ហាចម្បងដែលនាំឱ្យមានជំងឺឆ្អឹង ដូចជា ជំងឺពុកឆ្អឹងជាដើម ។
រូបតំណាងការស្រាវជ្រាវបានបង្ហាញឱ្យឃើញលទ្ធផល គួរឱ្យព្រួយបារម្ភ ដោយសារធាតុ MPs នេះ ត្រូវបានគេរកឃើញនៅក្នុងជាលិកាឆ្អឹងរបស់មនុស្ស ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ MPs បានបង្កផលប៉ះពាល់ដល់លទ្ធភាពនៃការរីកចម្រើនរបស់កោសិកា ជំរុញឱ្យកោសិកាឆាប់ចាស់ ផ្លាស់ប្តូររូបរាងនៃកោសិកា ការផលិតជាលិកានៃស្រទាប់ខ្លាញ់ និងឆ្អឹងធ្វើឱ្យមានការប្រែប្រួលហ្សែន បង្កើនប្រតិកម្មលើការផលិតអុកស៊ីហ្សែន ក្នុងកោសិកា បង្កឱ្យមានការរលាក និងជំរុញឱ្យឆ្អឹងពុកជាដើម ។
ប្លាស្ទិក MPs ក៏ត្រូវបានរកឃើញមានទំនាក់ទំនងនឹងការចុះខ្សោយនៃចំនួនគ្រាប់ឈាមក្នុងខួរឆ្អឹងខ្នងផងដែរ ។ ការធ្វើពិសោធន៍លើសត្វ បានបង្ហាញថា ការទទួលទានអាហារច្រកដោយប្លាស្ទិក ឬមានសារធាតុប្លាស្ទិក បានបង្កឱ្យមានមីក្រូប្លាស្ទិក MPs បង្កជាបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ពោះវៀន និងកាត់បន្ថយចំនួនកោសិកាឈាមស ដែលបង្ហាញពីមុខងារខួរឆ្អឹង មិនបានដំណើរការជាប្រក្រតី ។
រូបតំណាងដោយ AIសារធាតុប្លាស្ទិក ត្រូវបានគេរកឃើញនៅក្នុងកោសិកាឆ្អឹង និងនៅក្នុងកោសិកាឈាមផ្សេងទៀត ។ លើសពីនេះ មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក (MPs) បានប្រមូលផ្តុំនៅក្នុងឆ្អឹង និងបានកាត់បន្ថយការលូតលាស់របស់ឆ្អឹង និងការចុះខ្សោយនៃប្រព័ន្ធការពាររបស់ខួរឆ្អឹង ដែលមានមុខងារជួយបង្កើតប្រព័ន្ធការពាររាងកាយ ។
ទោះបីជាការសិក្សាជាច្រើ នបានរកឃើញផលប៉ះពាល់របស់ មីក្រូ និងលម្អងប្លស្ទិក MPs លើសំណាកកោសិកា និងជាលិកាឆ្អឹងរបស់សត្វក៏ដោយ ប៉ុន្តែវាក៏អាចកើតមាននៅក្នុងឆ្អឹង ឬខួរឆ្អឹងរបស់មនុស្សរួចទៅហើយ ។ ជាមួយគ្នានេះ ការសិក្សាឱ្យច្បាស់លាស់ជាងនេះនឹងបន្តធ្វើបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ