ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ែន បូណា ៖ កម្ពុជា​តវ៉ាភ្លាមៗពាក់ព័ន្ធ​នឹងថៃ​សាងសង់​ព្រះពុទ្ធ​បដិមា​ និង​ការ​ដំឡើង​បង្គោល​ទង់ជាតិ នៅក្នុងខេត្តព្រះវិហារ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​តវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​ការ​បន្ត​រំលោភ​បំពាន​ថ្មី​ៗ​ទៀត​របស់​ភាគី​ថៃ​មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា នៅ​ក្នុង​តំបន់​ដែល​កងទ័ព​ថៃ​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា​នេះ​។

ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​បច្ចុប្បន្នភាព​ស្តី​ពី «​ការ​វិវឌ្ឍន៍​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​ព្រឹត្តិការណ៍​ថ្មី​ៗ​ដែល​កើតឡើង​» នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់​ថា ៖ ការ​តវ៉ា​ថ្មី​នេះ​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ព្រះពុទ្ធ​បដិមា​យ៉ាងតិច​ចំនួន​ ៣៦​អង្គ នៅ​ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្តព្រះវិហារ និង​ឧត្តរមានជ័យ ព្រមទាំង​ការ​ដំឡើង​បង្គោល​ទង់ជាតិចំនួន​២ នៅ​ក្នុង​ខេត្តព្រះវិហារ ។

បន្ទាប់​ពី​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ កងកម្លាំង​យោធា​ថៃ​បាន​បន្ត​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា តាម​រយៈ​ការ​សាងសង់​សំណង់​អចិន្ត្រៃយ៍​នានា​ដូច​ជា ផ្លូវ ព្រះពុទ្ធ​បដិមា​ធំ​ៗ ការ​ដំឡើង និង​ពង្រឹង​របាំង​បិទផ្លូវ​ដោយ​ប្រើ​ទូរ​កុងតឺន័រ និង​បន្លា​លួស​, ការ​សាងសង់​បង្គោល​ទង់ជាតិ​នៅ​ទីតាំង​មួយ​ចំនួន ព្រមទាំង​ការ​រៀបចំ​សកម្មភាព​វប្បធម៌ និង​ទេសចរណ៍​ផ្សេង​ៗ​។

សកម្មភាព​ទាំងនេះ​មិន​អាច​ចាត់​ទុក​បាន​ថា ជា​វិធានការ​រក្សា​ទីតាំង​ឈរជើង​កងទ័ព​នោះ​ទេ តែ​វា​ផ្ទុយ​យ៉ាង​ច្បាស់​ក្រឡែត​ទៅ​នឹង​វិធានការ​ដែល​ចែង​នៅ​ក្នុង​ចំណុច​រ៉ូ​ម៉ាំង I នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ជា​ពិសេស​ក្នុង​ចំណុច​ទី​២ និង​ទី​៣ ៖ ជាក់ស្តែង ចំណុច​ទី​២​ចែង​ថា ៖ «​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​រក្សា​ការ​ឈរជើង​នៃ​កងកម្លាំង​របស់​ខ្លួន​នៅ​ទីតាំង​បច្ចុប្បន្ន ដោយ​មិន​ត្រូវធ្វើ​សកម្មភាព​ចល័ត​កងកម្លាំង​បន្ថែម​ទៀត ។ មិន​ត្រូវ​ឱ្យ​មានការ​ធ្វើ​សកម្មភាព​ចល័ត​កងកម្លាំង ដោយ​រាប់​បញ្ចូល​ទាំង​ការ​ល្បាត​ចូល​ទៅ​ទីតាំង​របស់​ភាគី​ម្ខាង​ទៀត​» ។

ចំណែកឯ​ចំណុច​ទី​៣ ចែង​ថា​៖ «​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា រាល់​ការ​ព្រមព្រៀង​ក្រោម​សេចក្តី​ប្រកាស​រួម​នេះ មិន​ត្រូវធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ខណ្ឌសីមា​ព្រំដែន និង​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ។ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា ប្រគល់​តួនាទី​ឱ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​បន្ត​អនុវត្ត​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់រហ័ស​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន ។
ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា នឹង​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​របស់​ក្រុមការងារ​វាស់វែង​ចម្រុះ​នៅ​លើ​ទីតាំង​ជាក់ស្តែង ដោយ​រាប់​បញ្ចូល​ទាំង​សុវត្ថិភាព​ពី​ជាន់​មីន ។ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​នឹង​ផ្តល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន នៅ​តំបន់​រង​ផល​ប៉ះពាល់​ដែល​មាន​ជន​ស៊ី​វិល​រស់នៅ​» ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ខ្សែ​ព្រំដែន​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​ដោយ​ប្រទេស​ថៃ​នោះ​ឡើយ ហើយ​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ ក៏​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ប៉ះពាល់​ដល់​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាក់ទង​នឹង​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​នោះ​ទេ ៕