ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​រោងចក្រ​នៅ​ចិន​ក្នុង​ខែឧសភា​នៅ​ទ្រឹង ខណៈ​កម្សោយ​តម្រូវការ​ដាក់​សម្ពាធ​លើ​កំណើនសេដ្ឋកិច្ច

4 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ទិន្នន័យ​ផ្លូវការ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា សកម្មភាព​រោងចក្រ​របស់​ប្រទេស​ចិន​នៅ​ទ្រឹង​ក្នុង​ខែឧសភា បន្ទាប់​ពី​មានការ​កើនឡើង​ក្នុង​រយៈពេល​២​ខែ​កន្លង​មក ដោយសារ​តែ​កម្សោយ​តម្រូវការ និង​ការ​កើនឡើង​ថ្លៃដើម​ថាមពល​ដែល​បណ្តាល​មក​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បាន​ដាក់​សម្ពាធ​លើ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​២​លើ​ពិភពលោក​មួយ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី AFP និង Reuters បាន​ចេញផ្សាយ​។

យោង​តាម​ការ​បញ្ជាក់​ពី​ការិយាល័យ​ស្ថិតិ​ជាតិចិន (NBS) បានឱ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការ​បញ្ជា​ទិញ​ផ្លូវការ (PMI) ដែល​ជា​ទិន្នន័យ​វាស់វែង​ដ៏​សំខាន់​នៃ​សកម្មភាព​ឧស្សាហកម្ម​នោះ ស្ថិត​នៅ ៥០.០ ក្នុង​ខែឧសភា ដែល​នេះ​គឺជា​ខ្សែបន្ទាត់​ខណ្ឌ​ចែក​រវាង​ការ​ពង្រីក និង​ការ​ធ្លាក់​ចុះ​។ តួលេខ​នេះ គឺជា​ការ​ធ្លាក់​ចុះ​ពី ៥០,៣ នៅ​ក្នុង​ខែមេសា និង ៥០,៤ នៅ​ក្នុង​ខែមីនា​កន្លង​ទៅ​។

ការ​ធ្លាក់​ចុះ​នេះ​បាន​កើតឡើង​ចំ​ពេល​ដែល​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បង្អាក់​ដំណើរការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) បាន​និង​កំពុង​រុញច្រាន​តម្លៃ​ថាមពល​សកល​ឱ្យ​កើនឡើង និង​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ផលិត​នានា​។ ដ្បិត​បណ្តា​រោងចក្រ​ចិន​កំពុង​ប្រឈម​មុខ​នឹង​ការ​កើនឡើង​ថ្លៃដើម ដោយសារ​តម្លៃ​វត្ថុធាតុដើម​កើនឡើង ជា​ពិសេស​នៅ​ក្នុង​វិស័យ​ថាមពល និង​គីមី​។

ប្រទេស​ចិន​បាន​និង​កំពុង​ជួប​ការ​លំបាក​ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ក្នុងស្រុក ព្រមទាំង​ការ​វិនិយោគ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដែល​ដាក់​សម្ពាធ​លើ​វិស័យ​ផលិតកម្ម​ដ៏​ធំ​សម្បើម​របស់​ខ្លួន​។ បើ​ទោះបីជា​ទិន្នន័យ​រោងចក្រ​បានការ​ធ្លាក់​ចុះ​បន្តិច​ក៏​ដោយ ក៏​ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការ​បញ្ជា​ទិញ​ក្រៅ​ផ្នែក​ផលិតកម្ម​របស់​ប្រទេស​នេះ ដែល​ជា​ឧបករណ៍​វាស់វែង​សកម្មភាព​ទូ​ទាំង​ផ្នែក​សេវាកម្ម និង​សំណង់ បាន​កើនឡើង​ដល់ ៥០,១ ក្នុង​ខែឧសភា ពោល​គឺ​កើនឡើង​ពី ៤៩,៤ ក្នុង​ខែមេសា​កន្លង​ទៅ​៕