ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ព្រ.មា.ន​ថា​ខ្លួន​អាច​នឹង​វា.យ​ប្រ.ហារ​អ៊ីរ៉ង់​ជា​ថ្មី​ប្រ​សិន​បើ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ប្រកាស​ថា​ខ្លួន​ត្រៀម​វាយ​ប្រហារ​អ៊ីរ៉ង់​ជា​ថ្មី​ប្រសិន​បើ​ភាគី​ទាំង​សង​ខាង​មិន​អាច​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នោះ​ទេ​។ ខាង​លើ​នេះ​ជា​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​លោក​ភីត​ហេក​សិត​។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ក្រុម​អ្នក​ចរ​ចា​មក​ពី​ទី​ក្រុង​វ៉ាស៊ីន​តោន​ និង​ទី​ក្រុង​តេ​អេ​រ៉ង់​កំពុង​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នាមួយ​ចំនួន​​ដែល​រា​រាំង​ដល់​ការ​ព្រម​ព្រៀង​គ្នា​។ ​លោក​ហេក​សិត​ព្រមាន​ថា​យើង​នឹង​វាយ​ប្រហារ​ជា​ថ្មី​នៅ​ក្នុង​ករណី​ចាំ​បាច់​។

លោក​ថា​អាវុធ​នៅ​ក្នុង​​ឃ្លាំង​របស់​យើង​មាន​ច្រើន​គ្រប់​គ្រាន់​លើស​ពី​តម្រូវ​ការ​ ហើយមិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ យើង​ក៏​មាន​នៅ​ទី​កន្លែង​ដទៃ​ទៀត​នៅ​ទូទាំង​សាកល​លោក​ផង​ដែរ​។ ហេតុ​​នេះ យើង​កំពុង​ស្ថិត​នៅ​លើ​ទីតាំង​ឈរ​ជើង​ល្អ​ណាស់​។ នៅ​ពេល​ថ្លែង​សុន្ទរ​កថា​នៅ​ឯ​វេទិកា​សាំង​គ្រីឡា​ដែល​រៀប​ចំ​នៅ​សិង្ហបុរី​ លោក​ភីត​ហេក​សិត​បញ្ជាក់​ជា​ថ្មី​ថា​អាមេរិក​មិន​បាន​បោះ​បង់​ចោល​តំបន់អាស៊ី​-​ប៉ាស៊ី​ហ្វិច​ទេ​ ទោះ​បី​ខ្លួន​កំពុង​ជាប់​ដៃ​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ង់​ក៏​ដោយ​។

លោក​ថ្លែង​បន្ត​ទៀត​ថា​យើង​អាច​ធ្វើ​រឿង២​នៅ​ក្នុង​ពេល​តែ​មួយ​។ យើង​កំពុង​បង្កើន​សមត្ថ​ភាព​ឱ្យ​បាន​ខ្លាំង​ក្លា​នៅ​ក្នុង​វិស័យ​ផលិត​កម្ម​អាវុធ​ដើម្បី​ឱ្យ​យើង​អាច​ផលិត​ជា​ទម្រង់​ស្វ័យ​គុណ​ គុណ​នឹង​២​ គុណ​នឹង​៣​ និង​គុណ​នឹង​បួន​នូវ​គ្រាប់​រំសេវ​។ ធ្វើ​ដូច្នេះ​ដើម្បី​ធានា​ថា​ផែនការ​ប្រតិ​បត្តិ​ការ​សឹក​របស់​យើង​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ និង​ផ្គត់​ផ្គង់​បាន​ទូទាំង​សាកល​លោក​។ ​លោក​អះ​អាង​ថា​លោក​ត្រាំ​កំពុង​រក្សា​ចិត្ត​អត់​ធ្មត់​ និង​ចង់​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​ដែល​ធានា​ថា​អ៊ីរ៉ង់​នឹង​មិន​អាច​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ជា​ដាច់​ខាត​។

កាល​ពី​ថ្ងៃ​សុក្រ​ លោក​ត្រាំ​ថ្លែង​ថា​លោក​នឹង​ជួប​ប្រជុំ​នៅ​ក្នុង​បន្ទប់​សន្តិ​សុខ​នៃ​សេត​វិមាន​ដើម្បី​សម្រេច​ជា​លើក​ចុង​ក្រោយ​​ទៅ​លើ​សំណើ​នៃ​កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ និង​ដើម្បីបន្ត​សុពល​ភាព​នៃ​បទ​ឈប់​បាញ់​រយៈ​ពេល​៦០​ថ្ងៃ​ទៅ​មុខ​ទៀត​។ នៅ​អំឡុង​ពេល​៦០​ថ្ងៃ​នេះ ភាគី​ទាំង​២​អាច​មាន​ពេល​ចរ​ចា​គ្នា​ជា​បន្ត​ទៀត​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​។ សង្គ្រាម​ដែល​ផ្ទុះ​ឡើង​តាំង​ពី​ចុង​ខែ​កុម្ភៈ​នោះ​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​នៅ​អ៊ីរ៉ង់​ និង​លីបង់​ និង​ធ្វើ​​ឱ្យ​សេដ្ឋ​កិច្ច​ពិភពលោក​រង្គោះ​រង្គើ​៕ ប្រភព៖ Reuters