ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសនាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះថា ៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ឡើងថែមទៀត ដល់កម្ពស់ជាង១៤ម៉ែត្រហើយ ។

ដោយឡែក បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងដល់កម្ពស់១៤.១០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេឡើងកម្ពស់០,២២ម៉ែត្រ ។

ដោយឡែក កម្ពស់ទឹក នាពេលនេះ ធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់១៣,៤៨ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ ។
ដោយឡែក ចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញ គឺមានភ្លៀងធ្លាក់តិច ឬច្រើនក្នុងស្រុកព្រៃឈរ ជើងព្រៃ និងស្រុកបាធាយនៃខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi)T2520 នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ។ គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕
ចែករំលែកព័តមាននេះ