ខេត្តកណ្តាល ៖ អាសូរណាស់ ម្តាយរវល់លក់លៀសហាល កូនតូចអាយុ៣ឆ្នាំម្នាក់ ចុះលេងទឹកនៅមាត់ស្ទឹងព្រែកត្នោតដើមមៀន បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័មបំផុត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី ២៩ ខែ កញ្ញាឆ្នាំ២០២៥ នៅចំណុចមាត់ស្ទឹងព្រែកត្នោតដើមមៀន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា សពក្មេងប្រុសរងគ្រោះមានឈ្មោះ លី តុង ភេទប្រុស អាយុ៣ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានឪពុកឈ្មោះ សុខ គឹមលី អាយុ៤១ឆ្នាំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខ និងម្ដាយឈ្មោះ នី លី អាយុ៣៣ឆ្នាំ មុខរបរ លក់លៀសហាល។
ម្តាយជនរងគ្រោះបានអោអោយដឹងថា នៅថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទី គាត់មកលក់លៀសហានៅមាត់ស្ទឹងដើមមៀនជាប្រចាំ ដោយគ្មានអ្នកមើលកូនក៏បានយកកូន៣នាក់ មកជាមួយ ពេលនេះ ខណៈគាត់ជាម្តាយរវល់លក់លៀសហាល កូនដែលជាជនរងគ្រោះបានដើរលេងនៅមាត់ស្ទឹង គាត់ដើររកមិនឃើញកូនសោះ ក៏បានសួរក្មេងៗជិតនិងថា មានឃើញកូនគាត់ទេ ទើបក្មេងជិតនឹងគេប្រាប់ថា ឃើញចុះទៅច្រាំងមាត់ស្ទឹងលេងមុន ហើយក្មេងម្នាក់ទៀតប្រាប់ថាឃើញចុះលេងទឹក ។ បន្ទាប់មកក៏សង្ស័យថាកូនលង់ទឹក បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន មេភូមិ អោយជួយរកកូនរបស់គាត់ ហើយក៏មានប្រជាពលរដ្ឋ នាំគ្នាចុះរាវរកប្រហែលកន្លះម៉ោង ទើបរកឃើញសពក្មេងរងគ្រោះ ស្រង់ឡើងមកលើគោក ជួយធ្វើចលនាហើយក៏ដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ពេលទៅដល់ពេទ្យគ្រូពេទ្យបានជួយសង្គ្រោះ ប៉ុន្តែកុមារជាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ