ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីរក្សាភ្ញៀវទេសចរ ៖ ខេត្តកំពង់ចាម ចុះតាមដានតម្លៃលក់ដូរនៅរមណីយដ្ឋាន និងព្រមានដកហូតអាជីវកម្ម

6 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ព្រមាន​ចាត់វិធានការ​ចំពោះ​អា​ជីក​រណា​ដែល​តែងតែ​ដំឡើង​ថ្លៃ ក្នុង​ការ​លក់ដូរ​តាម​រមណីយដ្ឋាន​នានា ជា​ពិសេស​នៅ​ថ្ងៃ​ឈប់​សម្រាក…

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ព្រមាន​ចាត់វិធានការ​ចំពោះ​អា​ជីក​រណា​ដែល​តែងតែ​ដំឡើង​ថ្លៃ ក្នុង​ការ​លក់ដូរ​តាម​រមណីយដ្ឋាន​នានា ជា​ពិសេស​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ពេល​មាន​ពិធីបុណ្យ​ជាតិ​ជាដើម ។

ថ្លែង​បែប​នេះ​នា​ឱកាស ឯកឧត្តម​អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ចាម ។ នេះ​បើ​យោង​តាម​ផេ​ក​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ខេត្តកំពង់ចាម​បាន​ប្រកាស​នា​ថ្ងៃ​ទី​៣០ ខែកញ្ញា​នេះ ។

ឯកឧត្តម អ៊ុ​ន ចាន់​ដា បាន​មាន​ប្រសាសន៍​ថា រឿង​ដែល​កើតឡើង​ដដែល​ៗ​ដោយសារ​ការ​ដំឡើង​តម្លៃ​ក្នុង​ការ​លក់ដូរ​នា​ឱកាស​បុណ្យ​ជាតិ នៅ​តាម​រមណី​ដ្ឋា​ន​នានា ក្នុង​ខេត្តកំពង់ចាម ជា​ពិសេស គឺ​នៅ​រមណី​ដ្ឋា​ន​ទឹកឆា​តែ​ម្ដង ។ គឺ​មាន​អាជីវករ តាម​តូប​លក់ដូរ​មួយ​ចំនួន​តូច នៅ​តែ​ដំឡើង​ថ្លៃ​ទំនិញ និង​ម្ហូបអាហារ នៅ​ថ្ងៃ​មាន​ពិធីបុណ្យ​ជាតិ បើ​ទោះបី​មានការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ដ​ថា ចំពោះ​បញ្ហា​នេះ សូម​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បន្ត​ណែនាំ និង​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​តាមដាន​ជា​ប្រចាំ គ្រប់​រមណីយដ្ឋាន​ទាំងអស់ ក្នុង​ខេត្តកំពង់ចាម ដើម្បី​ដឹង​ថា ការ​លក់ដូរ​របស់​គាត់​មាន​តម្លៃ​សមរម្យ​ទៅ​តាម​មុខទំនិញ មិន​លក់​ឡើងថ្លៃ​ហួសហេតុ​ពេក និង​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ។

លើស​ពី​នេះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បន្ថែម​ថា ក្នុង​ករណី​ណែនាំ​រួច​ហើយ​នៅ​តែ​មិន​ស្ដាប់ គឺ​ត្រូវ​បណ្ដេញចេញ​មិន​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​លក់ដូរ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​នោះ​ទៀត​ឡើយ ។ ព្រោះថា ទ​ង្វើ​បែប​នេះ គឺ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​អញ្ជើញ​មក​លេង​កម្សាន្ត នៅ​រមណីយដ្ឋាន​នានា ក្នុង​ខេត្តកំពង់ចាម និង​ប៉ះពាល់​ដល់​កិត្តិយស មុខមាត់​ខេត្ត​របស់​យើង​ទាំងមូល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ