ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងសហការីបានអញ្ជើញនាំយកអំណោយរបស់សាខាកាកបាទក្រហម ព្រមទាំងថវិកាប្រគល់ជូនស្ត្រីខ្មែរអ៊ិស្លាមដែលសម្រាលបានកូនភ្លោះដល់ទៅ៣នាក់ដោយធ្វើឡើង កាលពីព្រឹកថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៥ ។ ចំណែកប្ដីរបស់ស្ត្រីរូបនេះវិញ គឺជាវីរៈយុទ្ធជនជួរមុខកំពុងតែបំពេញភារកិច្ចរបស់ខ្លួននៅព្រំដែនកម្ពុជា-ថៃឯណោះ ។

បើតាមលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានមានប្រសាសន៍ដោយលើកឡើង នៅព្រឹកថ្ងៃទី៣០ កញ្ញា នេះថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានជួយសម្រាលកូនភ្លោះបីជូនស្ត្រីឈ្មោះ សុះ អីសះ អាយុ៣៦ឆ្នាំ អាស័យដ្ឋាននៅភូមិទ្រាទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ស្ត្រីខាងលើត្រូវបានរថយន្តរបស់មន្ទីរពេទ្យក្រូចឆ្មារបញ្ជូនមកកាន់មន្ទីរពេទ្យយើងនៅម៉ោង៥និង២១នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ។ ស្ត្រីបានសំរាលកូន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កូនភ្លោះទី1 ភេទប្រុស ទំងន់២៥០០ក្រាម នៅម៉ោង10 និង50នាទី កូនភ្លោះទី2 ភេទស្រី ទំងន់២០០០ក្រាម នៅម៉ោង10:55 និងកូនភ្លោះទី៣ ភេទស្រី ទំងន់២៤០០ក្រាម នៅម៉ោង11:00 ។ បច្ចុប្បន្ន ទារកទាំងបី បានបញ្ជូនទៅផ្នែក Neo ដើម្បីតាមដានបន្ត ។

សម្រាប់អំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម ក្នុងនោះ រួមមានសម្ភារប្រើប្រាស់សម្រាប់ម្តាយ និងទារក៣ឈុត រួមជាមួយ អង្ករ៥០គគីឡូក្រាម មី ទឹកបរិសុទ្ធ (សារុង មុង ភួយ ក្រមា) ផ្លែឈើស្រស់២កន្ត្រក ទឹកដោះគោឆៅ និងថវិកាសរុបចំនួន២លានរៀល។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។






ចែករំលែកព័តមាននេះ