រាជធានីភ្នំពេញ ៖ លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយកោះសន្តិភាពដឹងថា ម៉ូតូកង់បីដែលបានចុះបញ្ជីផ្លូវការ និងកំពុងធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញមានចំនួន២៤.៤២៩ គ្រឿង ក្នុងនោះម៉ូតូកង់បីខ្មែរមានចំនួន១០០៩១គ្រឿង និងម៉ូតូកង់បីឥណ្ឌាមានចំនួន១៤៣៣៨គ្រឿង ដែលអ្នកបើកបរមិនទាន់មានបណ្ណបើកបរត្រឹមត្រូវ និងត្រូវឲ្យពួកគាត់រួសរាន់ទៅរៀនច្បាប់ និងប្រឡងយកបណ្ណបើកបរឲ្យបានគ្រប់ៗគ្នា ។
លោកសាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា ក្នុងរយៈពេលកន្លងមកក្រុមបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត ជាពិសេសរ៉ឺម៉កម៉ូតូកង់បីភាគច្រើនពុំមានប័ណ្ណបើកបរត្រឹមត្រូវ ព្រមទាំងមិនទាន់បានយល់ដឹងពីច្បាប់ និងស្លាកសញ្ញា ចរាចរណ៍ឲ្យបានត្រឹមត្រូវនោះដែរ ។ ដោយសារហេតុផលបែបនេះទើបគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញបានចាត់ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិតថ្លៃ ដើម្បីឲ្យបងប្អូនរត់ម៉ូតូកង់បីចេះច្បាប់ចរាចរណ៍ និងឲ្យមានប័ណ្ណបើកបរត្រឹមត្រូវតាមផ្លូវច្បាប់ ។
លោកបន្តថា វគ្គបណ្តុះបណ្តាលនោះមានរយៈពេល២ខែ គឺគិតចាប់ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី០៤ ខែឧសភា ដែលទើបតែបញ្ចប់ក្នុងពេលថ្មីៗនេះ និងត្រូវបានចែកចេញជា៩វគ្គ ដោយមានអ្នកចូលរៀនវគ្គ សរុបចំនួន៦៤៣៥នាក់ បេក្ខជនដាក់ពាក្យប្រឡងចំនួន៣០៦០នាក់ អវត្តមានចំនួន១១៤នាក់ និងប្រឡងជាប់មានចំនួន១៦១០នាក់ ។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាធ្វើឡើងដោយឥតគិតថ្លៃ តែសិក្ខាកាមដែលជាម្ចាស់ម៉ូតូកង់បីដាក់ពាក្យប្រឡងនោះត្រូវបង់ថ្លៃសេវារដ្ឋ សរុបរួមចំនួន៤ម៉ឺនរៀលក្នុងនោះពិនិត្យសុខភាព១ម៉ឺនរៀលផងដែរ ។
ចំពោះបងប្អូនមានបណ្ណបើកបររថយន្ត បើទៅបើកបរម៉ូតូកង់បីក៏ត្រូវតែមានប័ណ្ណបើកបរម៉ូតូកង់បីដែរ ។ លោក នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអំពាវនាវឲ្យបងប្អូនជាអ្នកបើកបរម៉ូតូកង់បីទាំងអស់រួសរាន់ទៅរៀន និងប្រឡងយកប័ណ្ណបើកបរឲ្យបានគ្រប់ៗគ្នា ជៀសវាងសមត្ថកិច្ចធ្វើការត្រួតពិនិត្យតាមផ្លូវ ចំណែកឯក្រុមការងារបាន និងកំពង់ត្រៀមចាំទទួលបងប្អូនជានិច្ច ។
គួររំលឹកថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនៅក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោល នៅពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ធ្លាប់បានបញ្ជាក់ថា ក្រសួងសម្រេចទុកពេល៣ខែឱ្យអ្នកប្រកបរបររត់ម៉ូតូកង់បីទាំងអស់ចូលទៅរៀន និងប្រឡងយកប័ណ្ណបើកបរ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ