ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​មាន​ជំងឺ​ប្រចាំ​កាយ ប្តី​ដើរ​ស៊ីឈ្នួល​គេ ចិញ្ចឹម​កូន​៤​នាក់ ខណៈ​រក​ព្រឹក​ខ្វះ​ល្ងាច

2 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ រស់នៅ​ក្នុងភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ជីវភាព​ខ្លាំង ដោយ​រក​ព្រឹក​ខ្វះ​ល្ងាច ប្តី​ជា​កម្មករ…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ រស់នៅ​ក្នុងភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ជីវភាព​ខ្លាំង ដោយ​រក​ព្រឹក​ខ្វះ​ល្ងាច ប្តី​ជា​កម្មករ ដើរ​ស៊ីឈ្នួល​កាច់​ពោត និង​ដក​ដំឡូង​មី​នៅ​តាម​ចំការ ដើម្បី​យក​ថវិកា​ទិញ​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈ​ដែល​ប្រពន្ធ​មាន​ជំងឺ​ប្រចាំ​កាយ (​បញ្ហា​ប្រមាត់ ក្រពះ ពោះវៀន​) មិន​អាច​ជួយ​ធ្វើការ​អ្វី​បាន ដោយ​មើលថែ​កូន​៤​នាក់ នៅផ្ទះ ក្នុង​បន្ទុក ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ សុខ ឆេ​ន អាយុ​៣០​ឆ្នាំ បានឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង​ថា ប្រពន្ធ​របស់​លោក​មាន ឈ្មោះ ចាន់ គ​ន្ធា មានកូន​៤​នាក់ កូន​ទី​១. ឈ​ន ស្រី​ធូ ភេទ​ស្រី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៦ ទី​២. ឈ្មោះ ឈ​ន វណ្ណ​ឈី​ន ភេទ​ប្រុស អាយុ​៦​ឆ្នាំ រៀន​ថ្នាក់​ទី​១ ទី​៣. ឈ្មោះ ឈ​ន រស្មី ភេទ​ស្រី អាយុ​៤​ឆ្នាំ ទី​៤. ឈ​ន ណា​រី ភេទ​ស្រី អាយុ​១​ឆ្នាំ​៥​ខែ ។

ប្រភព​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ បុរស​ជា​ប្តី តែងតែ​ចេញពីផ្ទះ​ទៅ​ស៊ីឈ្នួល​ធ្វើការ​ឱ្យ​គេ តាំងពី​ព្រឹក​រហូត​ដល់​ពេល​ល្ងាច ដោយ​ទទួល​បាន​ថវិកា ចាប់ពី​២៥,០០០ ទៅ​៣០,០០០​រៀល​។ ហើយ​រាល់ថ្ងៃ ពិតជា​ជួបនឹង​ការ​លំបាក​វេទនា​ខ្លាំង ស្ទើរតែ​រក​មិន​ទាន់​មាត់​នោះ​ឡើយ ដោយ​លោក​មិន​អាច​រក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ហូប​ចុក​ឱ្យ​គ្រប់គ្រាន់​ដូច​គេ​នោះ​ទេ ជួនកាល​បាន​ហូប​បាយ​ពេល​ព្រឹក និង​ហូប​បបរ​ពេល​ល្ងាច​។ លើស​ពី​នេះ ប្រពន្ធ​របស់​លោក តែងតែមាន​ជំងឺ​រីងរៃ​ប្រចាំ​កាយ ចូល​ពេទ្យ​ជា​ញឹកញាប់ និង​ខ្វះ​ថវិកា​ឱ្យ​ពេទ្យ​ថែម​ទៀត ។

លោក​បញ្ជាក់​ថា លើស​ពី​នេះ ដោយសារ​តែ​បច្ចុប្បន្ន ការ​ចេញ​ទៅ​ស៊ីឈ្នួល​ឱ្យ​គេ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន ដូច​ជា​អាកាសធាតុ​ក្តៅ​ខ្លាំង ទ្រាំទ្រ​ស្ទើរ​មិន​បាន ដោយ​ជួនកាល​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ កើត​ខ្យល់ ជា​ញឹកញាប់​។ តែ​ដើម្បី​ជីវភាព​ក្រុម​គ្រួសារ លោក​ខិតខំ​ធ្វើការ​ទាំងឈឺទាំងជា រហូត​ដល់​ជួនកាល​វិលមុខ​ខ្លាំង មិន​អាច​ចេញ​ទៅ​ឆ្ងាយ​បាន ក៏​ដេក​សម្រាក​នៅផ្ទះ ១​ថ្ងៃ ដោយ​សុំ​អង្ករ​អ្នក​ជិតខាង​ដើម្បី​យក​មក​ដាំ​បបរ​ហូប​ជួបជុំ​គ្រួសារ ។

ទោះបីជា​យ៉ាងណា សព្វថ្ងៃ​លោក មាន​ដី​ត្រឹមតែ​១​បាត​ផ្ទះ និង​មានផ្ទះ​សម្បែង​ផ្ទាល់ខ្លួន ត្រូវ​បាន​ឪពុក​ចែក​ជូន បើសិនជា​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​វិញ គឺ​កាន់តែ​លំបាក​ខ្លាំង​ថែម​ទៀត​ផង​ដែរ​។ ហើយដោយ​សារ​ស្ថិត​នៅ​ក្នុង​ជីវភាព​ខ្វះខាត មើលទៅ​កូន​ៗ របស់​លោក នឹង​មិន​អាច​ឱ្យ​រៀន​រហូត​ដល់​ចប់​ថ្នាក់ខ្ពស់​បាន​ទេ គឺ​នឹង​ឱ្យ​ឈប់​រៀន​ក្រោយ​ពី​ចប់​ថ្នាក់បឋមសិក្សា​នៅ​ក្បែរ​ផ្ទះ ដើម្បី​ជួយ​ចេញ​ទៅ​ធ្វើការ​រក​ថវិកា​ផ្គត់ផ្គង់​ក្រុម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ