រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈកំពុងអង្គុយលើម៉ូតូទិញបង្អែម ស្រាប់តែមានរថយន្តមួយគ្រឿងបើកមកបុកទាំងកម្រោល តែសំណាងណាស់ចេះលោតចេញទាន់ ចំណែកម៉ូតូខ្ទេចស្ទើរទាំងស្រុងតែម្តង ។ ករណីនេះបង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី០៤ ឧសភា ២០១៩ នៅផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ណៃ ស្រីម៉ៅ អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (របួសរលាត់ដៃជើង) ។
ចំណែកអ្នកបើករថយន្តឈ្មោះ ម៉ុយ ប៉ូលីន អាយុ២៨ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីស្ត្រីរងគ្រោះឲ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូស្កូបពី ពណ៌ស ចេញពីផ្ទះបងគោលបំណងទៅទិញបង្អែមនៅចំណុចកើតហេតុខាងលើ ដោយជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង ខណៈកំពុងឈប់អង្គុយលើម៉ូតូអោយគេច្រកបង្អែម ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកម៉ាស្តា ពណ៌ត្រេអ៊ី បើកមកពីជើងទៅត្បូង បុកគាត់ដែលកំពុងអង្គុយលើម៉ូតូ ពេលនោះសំណាងណាស់គាត់បានលោតចេញផុត ចំណែកម៉ូតូកល់ជាប់ក្រោមរថយន្តបើកអូសជិតមួយគីឡូដី ទើបប្រជាពលរដ្ឋដេញចាប់រថយន្តខាងលើបាន (ម៉ូតូខ្ទេចទាំងស្រុង) ។
ក្រោយហេតុការណ៍កើតឡើងរថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕
ចែករំលែកព័តមាននេះ