ឧត្ដរមានជ័យ ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយ ជាស្បៀងអាហារ សម្ភារចាំបាច់មួយចំនួនធំ ដែលជាអំណោយសប្បុរសធម៌ពីសប្បុរសជន បានផ្ដល់តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនវីរកងទ័ពសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព ក្នុងខេត្តឧត្ដរមានជ័យ ។
លោក ឯក ឃុនដឿន អភិបាលរង ជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជនីភ្នំពេញ បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ បានមកពីសប្បុរសជន គ្រប់មជ្ឈដ្ឋានជាស្បៀងអាហារចាំបាច់ទៅប្រគលល់ជូនគណៈបញ្ជាការឯកភាពស្រុកអន្លង់វែង ដើម្បីបែងចែកបន្តជូនទៅវីរកងទ័ពនៅសមរភូមិជួរមុខ និងប្រជាពលរដ្ឋជនភៀសសឹក។
ពិធីប្រគល់អំណោយសប្បុរសធម៌ របស់សប្បុរសជន បានធ្វើឡើងដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ប្រគល់ជូនលោក ងួន ទ្ធីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លុងវែង កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅជំរុំជនភៀសសឹក ក្នុង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ ។
ក្នុងឱកាសនោះលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លុងវែង បានបង្ហាញពីការត្រេកអរជាខ្លាំង ដោយទទួលដំណឹងថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់តំណាងដឹកស្បៀងមកប្រគល់ជូនរដ្ឋបាលស្រុកអន្លុងវែង ដើម្បីជួយបែងចែកបន្តជូនទៅដល់សមរភូមិជួរមុខ ទិសខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋ ដែលបានភៀសសឹក ចេញពីតំបន់យោធាថៃ បើកការបាញ់ប្រហារ ផ្លោងគ្រាប់ ទម្លាក់គ្រាប់ពីយន្តហោះ F-16 ដើម្បីឈ្លានពានទឹកដីកម្ពុជា ជាលើកទី២ របស់ពួកគេ ។
លោក ងួន ទ្ធីរិទ្ធ ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះលោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភ គាំទ្រដល់ប្រពលរដ្ឋ និងវីរកងទ័ព ក៏ដូចពួកយើងខ្ញុំនៅសមរភូមិជួរមុខ និងសូមអរគុណដល់បងប្អូនប្រជាពរដ្ឋ សប្បុរសជន នៅរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានតាមលទ្ធផលភាពមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។ ជាក់ស្តែងថ្ងៃនេះ ជំនួយមនុស្សធម៌របស់បងប្អូន ត្រូវបានអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារលោក ឃួង ស្រេង បានដឹកជញ្ជួនមកប្រគល់ឱ្យមានអាហារក្រៀមចម្រុះ ច្រើនមុខ ៖ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ។ល។ ទាំងអស់នេះ គឺជាសម្ភារចាំបាច់បំផុតសម្រាប់យើងខ្ញុំ» ។
ក្នុងនោះ លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុកពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមគោរពអរគុណ និងដឹងគុណចំពោះបងប្អនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំងជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា កន្លងមកនេះ បង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ខូចខាត់យ៉ាងធ្ងន់ធ្ងរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្ត សាលារៀន មន្ទីរពេទ្យ អគារ ផ្ទះ ស្ពាន ថ្នល់ជាច្រើនរបស់កម្ពុជា ។
លោកបន្តថា សូមបងប្អូនវីរកងទ័ពយើង ជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបផងដែរថា ៖ ចាប់ព្រឹកថ្ងៃអាទិត្យ ទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃ៤យប់ លោក ឯក ឃុនដឿន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំក្រុមការងារ នាំយកអំណោយសប្បុរសធម៌ ដែលសប្បុរសជនបរិច្ចាគជូនតាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ មានទាំងថវិកា ស្បៀងអាហារ ចម្រុះច្រើនមុខ ទៅប្រគល់ជូនសមរភូមិជួរមុខ ក្នុងនោះទិសខេត្តព្រះវិហារ ចំនួន៩កុងទឺន័រ និងរថយន្ត រួចបន្តទៅប្រគល់ជូនសមរភូមិជួរមុខ ទិសខេត្តឧត្តរមានជ័យ ចំនួន ១រថយន្តកុងតឺន័រ ទៀត ។
គួររំលឹកថា ការឈ្លានពានទឹកដីកម្ពុជាដោយ រដ្ឋាភិបាលថៃ និងយោធាថៃ ជាលើកទី២ កាលពីថ្ងៃទី៧ ធ្នូ រហូតមកដល់ពេលនេះ គឺមានរយៈពេល១១ថ្ងៃហើយ ពួកគេនៅមិនទាន់បញ្ឈប់សកម្មភាពឈ្លានពានបូរណភាពទឹកកម្ពុជា នៅឡើយ ៕








ចែករំលែកព័តមាននេះ