ខេត្តស្ទឹងត្រែង ៖ ព្រឹកថ្ងៃទី៣ ឧសភា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន បានបង្ហាញមុខឈ្មួញប្រុស-ស្រី២នាក់ ពាក់ព័ន្ធការនាំចូលគ្រឿងញៀនជិតមួយគ.ក្រ កាលពីល្ងាចថ្ងៃទី២ ឧសភា នៅចំណុចផ្លូវជាតិលេខ៩ ផ្លូវបំបែកចូលព្រះរំកិល ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ដែលនាំចូលមកពីព្រំដែនប្រទេសឡាវ ។ អ្វីដែលធ្វើឱ្យមានការសោកស្តាយ និងសង្វេគបំផុតនោះ គឺជនសង្ស័យទាំង២នាក់ គឺមានវ័យចំណាស់អស់ទៅហើយ ។

លោកវរសេនីយ៍ឯក ចែម ផានិត ប្រធានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរ បាលខេត្តបានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចប្រើប្រាស់ជំនាញអូសទាញតាមរយៈវិធានញុះញង់ទបើចាប់បានឈ្មោះ សុំ សែ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ជាឈ្មួញកណ្តាលនាំគ្រឿងញៀន ទៅប្រគល់ឱ្យឈ្មោះ មុត ដៃ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ជាមួយគ្នា ដែលជាអ្នកចាត់ចែងទីផ្សារ ។ 

លោកនាយការិយាល័យបន្តថាក្រោយការឆែកឆេរលើខ្លួនមុខសញ្ញាឈ្មោះ សុំ សែ នៅចំណុចផ្លូវជាតិលេខ៩បំបែកចូលភូមិព្រះរំកិល ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ បានរកឃើញវត្ថុតាងជាក់ស្តែងទើបសមត្ថកិច្ចជំនាញបានបន្តទៅឃាត់ខ្លួនស្ត្រីឈ្មោះ មុត ដៃ ដែលជាអ្នកចាត់ចែងទីផ្សារ និងសម្រួលដល់ការចរាចរណ៍គ្រឿងញៀននេះនៅផ្ទះរបស់ខ្លួនស្ថិតនៅភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់បន្ត ។ 

ព្រឹកថ្ងៃទី៣ ឧសភា ការិយាល័យជំនាញបានបើកកញ្ចប់ថ្នាំញៀនក្រោមការឯកភាពត្រួតពិនិត្យដោយព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្តនិងធ្វើតេស្តរកសារធាតុញៀននៅចំពោះមុខជនសង្ស័យជាក់ស្តែង ជាលទ្ធ ផលពីការធ្វើតេស្តបានបញ្ជាក់ថា ជាប្រភេទមេតំហ្វេតាមីនម្សៅក្រាម ពណ៌សថ្លាទម្ងន់៩៩៤,៥ក្រាម ។ បច្ចុប្បន្ នជនសង្ស័យរួមវត្ថុតាងត្រូវបានកសាងសំណុំរឿងតាមនីតិវិធីទៅតុលាការតាមវិធានការច្បាប់
ស្តីពីគ្រឿងញៀន ៕  






                        
			         
				
ចែករំលែកព័តមាននេះ