ខេត្តកំពង់ឆ្នាំង ៖ «ខ្ញុំពិតជាបានឃើញដោយផ្ទាល់ភ្នែក គេកាត់ក្បាលនារីក្រមុំជនជាតិភាគតិច ដាច់ចេញពីស្មា និងមានឈាមក្រហមច្រាលប្រឡាក់ពេញកំណាត់សពិតមែន ដែលមើលទៅពិតជារន្ធត់ខ្លាំងណាស់ រហូតដល់ធ្វើឱ្យខ្ញុំរកកល់នឹងសន្លប់ទៀតផង»។ នេះជាការរៀបរាប់របស់ស្ត្រីឈ្មោះជា សឿង អាយុ៤២ឆ្នាំ មានទីលំនៅភូមិជើងគ្រាវ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដែលបាននិយាយខណៈដៃគាត់ម្ខាងជាប់សេរ៉ូមនៅក្នុងបន្ទប់ពេទ្យឯកជនមួយ កាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា។
ស្ត្រីរូបនេះបានបញ្ជាក់ថា យប់មិញនេះ (យប់ថ្ងៃទី៩ វិច្ឆិកា) នៅវត្តសំបួរមាស ហៅវត្តជើងគ្រាវ ស្ថិតក្នុងភូមិជើងគ្រាវ មានការសំដែងល្ខោនបាសាក់មួយ ដែលល្ខោននេះបានសំដែង៣យប់មកហើយ គិតទាំងយប់មិញនេះផង។ ប៉ុន្តែកន្លងមកមិនដែលឃើញមានបញ្ហាអ្វីទេ ស្រាប់តែយប់មិញនេះមានឈុតកាត់ក្បាលស្រស់ៗតែម្តង ដែលធ្វើឱ្យអ្នកទស្សនាមានការតក់ស្លុតគ្រប់ៗគ្នា ព្រោះតែការសំដែងនោះមានភាពជាក់ស្តែងខ្លាំងពេក រហូតអ្នកខ្លះត្រជាក់ចុងដៃចុងជើង ដូចរូបគាត់ជាដើម ព្រោះឈុតកាត់កនោះគឺបានឃើញគេកាត់ក្បាលតួស្រីដាច់ចេញពីស្មា និងមានឈាមបាញ់ក្រហមច្រាលប្រឡាក់ពេញកំណាត់ស រួមទាំងកំរាលឆាកសំដែងទៀតផង។ អ្វីដែលធ្វើឱ្យគ្រប់គ្នាភ័យតក់ស្លុតខ្លាំងនោះ គឺក្រោយពេលក្បាលស្ត្រីដែលដាច់ចេញពី.កហើយនោះ គេបានលើកតវិញចំនួនបីដង នៅតែតមិនជាប់ទៀត ស្រាប់តែក្រុមសិល្បៈនោះពន្លត់ភ្លើងហើយយកកំណាត់រុំស្ត្រីនោះចូលឆាកវិញ បាត់តែម្តង ។ បន្ទាប់មកល្ខោននោះក៏វ៉ារោង ដែលធ្វើឱ្យអ្នកទស្សនាទាំងអស់ជឿថា ស្ត្រីដែលគេកាត់ក្បាលក្នុងការសំដែងល្ខោននេះពិតជាស្លាប់មែន។
ស្ត្រីរូបនេះដោយសារតែភាពតក់ស្លុតបែបនេះ ធ្វើឱ្យគាត់ភ័យពេកទៅជាឈឺ។ គាត់បានបន្តថា មិនមែនតែរូបគាត់ទេដែលតក់ស្លុតខ្លាំងបែបនេះ គឺមានច្រើននាក់ណាស់ សំរាប់អ្នកមកទស្សនានៅយប់នោះ ។ នៅព្រឹកថ្ងៃទី១០ វិច្ឆិកា កោះសន្តិភាពបានទៅជួបក្រុមសិល្បៈល្ខោនបាសាក់នោះដល់រោងសំដែង និងបានជួបនារីដែលជាតួសំដែងត្រូវគេកាត់ក្បាលនោះទៀតផង ហើយនាងប្រាប់ថា នាងមិនអីទេ មិនដូចការមើលឃើញរបស់ទស្សនិកជនឡើយ នេះជាសិល្បៈ។ ការពិតទៅល្ខោន «កាត់.ក» នេះល្បីតាមជនបទច្រើនមកហើយ និងមានការផ្សព្វផ្សាយតាមទស្សនាវដ្តីតាមទូរទស្សន៍ និងតាមសារព័ត៌មានទៀត តែដោយសារការផ្សាយព័ត៌មាននានាមិនទាន់ទូលំទូលាយទៅដល់ជនបទ ទើបហេតុការណ៍សំដែងបែបនេះធ្វើឱ្យមានការភ្ញាក់ផ្អើល។
នាងតួឯកល្ខោនឈ្មោះអោក សាន់ឌី អាយុ២០ឆ្នាំ បានរៀបរាប់ថា យប់មិញនេះ (យប់ថ្ងៃ៩ វិច្ឆិកា) ក្រុមល្ខោនរបស់នាងសំដែងរឿង «លំអងផ្កាស្លា វាសនាបុប្ផាព្រៃភ្នំ» ដែលរូបនាងត្រូវសំដែងជាតួបុប្ផាព្រៃភ្នំ ជនជាតិភាគតិច ហើយក្បត់ទំនៀមទំលាប់របស់ខ្លួនជាជនជាតិភាគតិចទៅស្រលាញ់កំលោះភូមិភាគកណ្តាល ធ្វើឱ្យខុសប្រពៃណីជនជាតិ ត្រូវមេកន្ទ្រាញកាត់ទោសដោយកាត់ក្បាល។ នាងបានបន្តថា ទោះបីជាការសំដែងឈុតកាត់.កនេះនាងធ្លាប់សំដែងម្តង ឬពីរដងក្តី ក៏នាងនៅតែតក់ស្លុតខ្លះដែរ ឱ្យតែដល់ឈុតនេះ ពេលឡើងឆាកម្តងៗ នាងនៅតែភ័យញ័រជើង កុំថាតែរូបនាង សូម្បីតែតួស្រីប្រុសឯទៀតក៏ដូចគ្នាដែរ ទោះបីជា ពេលសំដែងនោះមិនមានគ្រោះថ្នាក់ ឬរបួសស្នាមសូម្បីបន្តិចក៏ដោយ។ តួស្រីដែលមានវង់ភ័ក្ត្រស្រស់ប្រិមប្រិយរូបនេះនិយាយទៀតថា មិនឱ្យភ័យឯណា បើកាំបិតសស្ងាចធ្វើពីដែកមែនទែន ទំងន់៤,១គីឡូក្រាមទៅហើយនោះ។
បុរសឈ្មោះទឹម ជា ដែលជាតួកំប្លែងមានរហស្សនាមថា នាយពីរពាន់សែនច័ន្ទ បាននិយាយថា ក្រុមសិល្បៈនេះមានឈ្មោះថា «អង្គរហង្សនាគទេសចរណ៍» គឺជារបស់សមាគមកុមារកំព្រាដែលដឹកនាំដោយលោកគ្រូសំរឹទ្ធិស័ក្តិសិទ្ធ។ រាល់ការសំដែងគឺលក់សំបុត្រយកលុយមកកសាងសិល្បៈល្ខោនផង និងចិញ្ចឹមកុមារកំព្រាផងដែលមានជាង៨០នាក់រាល់ថ្ងៃនេះ ប៉ុន្តែសំរាប់ក្រុមសំដែងទាំងល្ខោនបាសាក់ ទាំងអ្នករាំ អ្នកភ្លេង ទាំងអស់ប្រហែល៥០នាក់។ គាត់បានបញ្ជាក់ថា ឈុតកាត់កជាក់ស្តែងនេះ គឺជាសិល្បៈទេ ហើយក៏មិនមែនជាសិល្ប៍ មន្តអាគមអូមអាមអ្វីដែរ វាជារហស្សកម្មតែប៉ុណ្ណោះ ប៉ុន្តែការសំដែងស្តែងៗបែបនេះ មានខេត្តខ្លះដែលក្រុមរបស់គាត់ទៅសំដែង គឺមានមនុស្សខ្សោយបេះដូង មនុស្សខ្លះមិនសូវមានកំលាំងកំហែងដួលសន្លប់ ខ្លះអ៊ីចឹងដែរ។
ចំពោះសំណួរថា ចុះយប់មិញ (យប់៩ វិច្ឆិកា) ឮថា ក្រោយពេលសំដែងកាត់ក្បាលចេញពីស្មា ហើយលើកត៣ដងមិនជាប់នាំគ្នាបិទភ្លើង រួចលើកជនរងគ្រោះចូលក្នុងឆាក តើយ៉ាងម៉េចដែរ? បុរសរូបនេះសើច ហើយនិយាយថា នេះជាស្ទីលរបស់ក្រុមខ្ញុំទេ ដែលធ្វើបែបនេះដើម្បីភូតឱ្យគេជឿ ឱ្យអ្នកទស្សនាយល់ថា តិចដាច់ក្បាលតមិនជាប់មែនទៅ? បុរសរូបនេះបញ្ជាក់ថា យ៉ាងណាក៏ដោយចុះ នេះជាសិល្បៈទេ ហើយយប់នេះ (យប់ថ្ងៃទី១០ វិច្ឆិកា) នឹងមានសំដែងឈុតយកដាវយ៉ាងមុតចាក់ពីលើចូលក្បាលតែម្តង ។ ទោះជាយ៉ាងណាក៏ដោយចុះ នេះជាសិល្បៈរបស់ក្រុមល្ខោនបាសាក់វង់នេះដែលចេះរកល្បិចឱ្យអ្នកទស្សនាបានជឿ ដើម្បីចូលទស្សនាក្រុមរបស់ខ្លួនដែលខំរកកំរៃតាមការសំដែងយកមកចិញ្ចឹមក្មេងកំព្រាជាច្រើននាក់ប៉ុណ្ណោះដែលកុមារទាំងនោះរៀនផង ឆ្លៀតពេលចេញសំដែងផង៕
ចែករំលែកព័តមាននេះ