ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ដក​រាល់​ការ​អនុគ្រោះ​ដល់​ប្រទេស​ដែល​នាំ​ចូល​ប្រេង​អ៊ី​រ៉​ង់

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ មេ​សា កន្លង​មក​ថា សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​អតិថិជន​ដែល​ទិញ​ប្រេង​អ៊ី​រ៉​ង់​ឲ្យ​បញ្ឈប់​រាល់​ការ​ទិញ​ចាប់ពី​ថ្ងៃ​ទី…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២២ មេ​សា កន្លង​មក​ថា សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​អតិថិជន​ដែល​ទិញ​ប្រេង​អ៊ី​រ៉​ង់​ឲ្យ​បញ្ឈប់​រាល់​ការ​ទិញ​ចាប់ពី​ថ្ងៃ​ទី ១​ខែឧសភា​ទៅ ឬ​អាច​នឹង​ជួប​ទណ្ឌកម្ម ។ រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ពួក​គេ​នឹង​មិន​បន្ត​ការ​អនុគ្រោះ​ដល់​ប្រទេស​មួយ​ចំនួន​ដែល​ទិញ​ប្រេង​អ៊ី​រ៉​ង់​ទៀត​ទេ​។

គួរ​បញ្ជាក់​ដែរ​ថា​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​សា​ជា​ថ្មី​កាលពី​ខែវិច្ឆិកា​លើ​ការ​នាំ​ចេញ​ប្រេង​អ៊ី​រ៉​ង់​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ត្រាំ​បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥​។ ប្រទេស​ចំនួន ៨​ដែល​រួម​មាន​ប្រទេស​ចិន និង​ឥណ្ឌា​បាន​ទទួល​ការ​អនុគ្រោះ​ឲ្យ​បន្ត​ទិញ​ប្រេង​៦​ខែ​។

យ៉ាងណា​ក្តី​ប្រទេស​អ៊ី​រ៉​ង់​នៅ​តែ​រក្សា​គោល​ជំហរ​រឹង​មាំ​ដោយ​បាន​និយាយ​ថា​ពួក​គេ​បាន​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការ​បញ្ចប់​ការ​អនុគ្រោះ​នេះ​ហើយ ខណៈ​ដែល​យោធា​អ៊ី​រ៉​ង់​គម្រាម​ថា​នឹង​បិទ​ដៃសមុទ្រ Hormuz ដែល​ជា​បណ្តាញ​នាំ​ចេញ​នាំ​ចូល​ប្រេង​ដ៏​សំខាន់​ក្នុង​ឈូង​សមុទ្រ​នេះ​។

White House បាន​និយាយ​ថា​ពួក​គេ​កំពុង​តែ​ធ្វើការ​ជាមួយនឹង​អ្នក​នាំ​ចេញ​ប្រេង​ធំ​ៗ​ដូច​ជា​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ដើម្បី​ធានា​ថា​ទីផ្សារ​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​។ ពាណិជ្ជករ​បាន​បន្ត​មាន​ទស្សនៈ​មិនល្អ​លើ​ការ​សម្រេចចិត្ត​នេះ​ដោយ​ព្រួយបារម្ភ​ថា​វា​អាច​បង្ក​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​យ៉ាង​ខ្ពស់​។

អ្នកស្រី Elizabeth Rosenberg ដែល​ជា​ប្រធាន​ផ្នែក​ថាមពល សេដ្ឋកិច្ច​និង​កម្មវិធី​សន្តិសុខ​នៅ​មជ្ឈមណ្ឌល​សន្តិសុខ​អា​មេ​រិ​ក​ថ្មី​បាន​និយាយ​ថា វា​ជា​ការ​ភ្ញាក់ផ្អើល​មួយ​ដែល​ប្រទេស​ទាំងអស់​ត្រូវ​បាន​តម្រូវ​ឲ្យ​បញ្ឈប់​រាល់​ការ​ទិញ​នៅ​ខែឧសភា​។

លោក Mike Pompeo ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កបាន​និយាយ​ថា សហរដ្ឋអាមេរិក​មាន​គោលដៅ​កាត់​ផ្តាច់​ប្រភព​ប្រាក់​ចំណូល​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​របស់​អ៊ី​រ៉​ង់ ខណៈ​ដែល​សហរដ្ឋអាមេរិក​ដាក់​សម្ពាធ​លើ​អ៊ី​រ៉​ង់​ឲ្យ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ការ​សាកល្បង​កាំជ្រួច និង​ការ​គាំទ្រ​ជម្លោះ​ក្នុង​ប្រទេស​ស៊ី​រី​និង​យេ​មេន​ជាដើម ។

មន្ត្រី​រដ្ឋបាល​ថ្នាក់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា លោក​ប្រធានាធិបតី​ត្រាំ​ជឿជាក់​ថា​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​អាច​គោរព​តាម​ការ​សន្យា​ថា​នឹង​បំពេញ​រាល់​ប្រេង​ដែល​ខ្វះ​ក្នុង​ទីផ្សារ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ