ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក CEO អំពាវនាវ​ឱ្យ​មាន​បទបញ្ជា​បន្ថែម​លើ​អ៊ី​ន​ធឺ​ណេ​ត

5 ឆ្នាំ មុន

លោក ម៉ាក ហ្សុ​ក​ឃឺ​បឺ​ក នាយក​ប្រតិបត្តិ​ហ្វេ​ស​ប៊ុ​ក កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យពិច័យ​លើ​តួនាទី​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ និង​ការ​ពិនិត្យ​មិន​គ្រប់គ្រាន់​លើ​មាតិកា​។ ពេល​នេះ​លោក​ក៏​អំពាវនាវ​អោយ​និយ័ត​ករ​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត​ច្បាប់​សម្រាប់​អ៊ីនធឺណិត​។ លោក ហ្សុ​ក​ឃឺ​បឺ​ក បាន​អំពាវនាវ​ឱ្យ​មាន​បទបញ្ជា​តឹងតែង​បន្ថែម​លើ…

លោក ម៉ាក ហ្សុ​ក​ឃឺ​បឺ​ក នាយក​ប្រតិបត្តិ​ហ្វេ​ស​ប៊ុ​ក កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យពិច័យ​លើ​តួនាទី​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ និង​ការ​ពិនិត្យ​មិន​គ្រប់គ្រាន់​លើ​មាតិកា​។ ពេល​នេះ​លោក​ក៏​អំពាវនាវ​អោយ​និយ័ត​ករ​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត​ច្បាប់​សម្រាប់​អ៊ីនធឺណិត​។

លោក ហ្សុ​ក​ឃឺ​បឺ​ក បាន​អំពាវនាវ​ឱ្យ​មាន​បទបញ្ជា​តឹងតែង​បន្ថែម​លើ «​មាតិកា​ដែល​មាន​គ្រោះថ្នាក់ ភាព​ត្រឹមត្រូវ​នៃ​ការ​បោះ​ឆ្នោត ភាព​ឯកជន និង​ទិន្នន័យ​ដែល​អាច​យក​ទៅ​ប្រើប្រាស់​បាន​»​។ លោក​សរសេរ​អត្ថបទ​នេះ​នៅ​ថ្ងៃ​សៅរ៍ នៅ​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ ហើយ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​គាត់​។

លោក​បាន​សរសេរ​ថា «​ខ្ញុំ​ជឿជាក់​ថា​យើង​ត្រូវការ​តួនាទី​សកម្ម​ជាង​មុន​សម្រាប់​រដ្ឋាភិបាល និង​និយ័ត​ករ​។ ដោយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​សម្រាប់​អ៊ី​ន​ធឺ​ណេ​ត យើង​អាច​រក្សា​អ្វី​ដែល​ល្អ​បំផុត​អំពី​អ៊ី​ន​ធឺ​ណេ​ត នោះ​គឺ​សេរីភាព​របស់​មនុស្ស​ដើម្បី​បង្ហាញ​ពី​ខ្លួនឯង និង​សម្រាប់​សហគ្រិន​ក្នុង​ការ​បង្កើត​អ្វី​ថ្មី​ៗ ហើយ​រួម​ទាំង​ការពារ​សង្គម​ពី​គ្រោះថ្នាក់​ធំ​ៗ​ផង​ដែរ»​។

អត្ថបទ​ដែល​លោក ហ្សុ​ក​ឃឺ​បឺ​ក សរសេរ​គឺជា​អត្ថបទ​មួយ​ដ៏​ទូលំទូលាយ​ជាង​អ្វី​ដែល​លោក​ធ្លាប់​សរសេរ​លើ​បញ្ហា​បទបញ្ជា​របស់​រដ្ឋាភិបាល​។ ការ​អំពាវនាវ​របស់​គាត់​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​គេ​រាយការណ៍​ថា ព្រះរាជអាជ្ញា​សហព័ន្ធ​សហរដ្ឋអាមេរិក​កំពុង​ស៊ើបអង្កេត​លើ​កិច្ចព្រមព្រៀង​ចែករំលែក​ទិន្នន័យ​របស់​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​មួយ​ចំនួន​។ ព័ត៌មាន​បានអោយ​ដឹង​ថា គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​សហរដ្ឋ​អា​មេ​រិច កំពុង​ចរចា​ជាមួយ​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​ការ​ធ្វើការ​ពិន័យ​ជា​ប្រាក់​។ រីឯ​មន្ដ្រី​អឺរ៉ុប​កំពុង​បន្ត​ធ្វើការ​ពិនិត្យពិច័យ​លើ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​។

ហ្វេ​ស​ប៊ុ​ក ត្រូវ​បាន​គេ​ថ្កោលទោស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែ​នេះ នៅ​ពេល​ដែល​ហ្វេ​ស​ប៊ុ​ក​ទទួល​បរាជ័យ​ក្នុង​ការ​បញ្ឈប់​ការ​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ជនសង្ស័យ​នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នូ​វែ​ល​សេ​ឡង់ ដែល​បាន​សម្លាប់​មនុស្ស​៥០​នាក់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​នេះ ក៏​បាន​ប្រឈម​នឹង​រឿងអាស្រូវ​ជា​ច្រើន ដែល​រាប់​បញ្ចូល​ទាំង​ការ​និយាយ​រើសអើង​ដោយ​ការ​ស្អប់ ដល់​រឿង​បញ្ហា​ភាព​ឯកជន ហើយនឹង​ការ​រិះគន់​លើ​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ជា​ពិសេស​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​។

លោក ហ្សុ​ក​ឃឺ​បឺ​ក ក៏​បាន​សរសេរ​បន្ថែម​ថា «​ជា​រៀងរាល់ថ្ងៃ យើង​ធ្វើការ​សំរេចចិត្ត​លើ​ពាក្យ​សម្ដី​អ្វី​ដែល​នាំ​ភាព​អន្តរាយ អ្វី​ដែល​ជា​ការ​ផ្សាយពាណិជ្ជកម្ម​នយោបាយ ហើយ​និង​វិធី​បង្ការ​កុំឱ្យ​មានការ​វាយប្រហារ​ដ៏​ស្មុគស្មាញ​លើ​អ៊ី​ន​ធឺ​ណេ​ត​។ ទាំងនេះ​គឺ​សំខាន់​ក្នុង​ការ​រក្សា​អោយ​សហគមន៍​យើង​មាន​សុវត្ថិភាព​។ ប៉ុន្តែ​ប្រសិនបើ​យើង​ចាប់ផ្តើម​តាំងពី​ដំបូង​មក យើង​នឹង​មិន​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិច្ឆ័យ​តែ​ម្នាក់ឯង​នោះ​ទេ​»​។

នាយក​ប្រតិបត្តិ​ហ្វេ​ស​ប៊ុ​ក​រូប​នេះ​បាន​អំពាវនាវ​អោយ​និយ័ត​ករ​ចាត់​អោយ​ក្រុមហ៊ុន​អ៊ិ​ន​ធឺ​ណេ​ត​នានា​អោយ «​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​អនុវត្ត​ស្តង់ដា​លើ​មាតិកា​ដែល​បង្ក​គ្រោះថ្នាក់​»​។ នេះ​ជា​គំនិត​មួយ​ដែល​បាន​ក្លាយជា​ចំណុច​នៃ​ជម្លោះ​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដទៃ​ទៀត ដែល​កន្លង​មក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​រួច​ផុត​ពី​ការ​ដាក់ទោស​តាម​ច្បាប់​ចំពោះ​បញ្ហា​បែប​នេះ​។ គាត់​ក៏​បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ល្បាត​មាតិកា​នយោបាយ ដែល​ភាគច្រើន​ត្រូវ​បាន​ធ្វើ​បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​ផ្សា​ភ្ជាប់​ជាមួយនឹង​ការ​រីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦​។

លោក ហ្សុ​ក​ឃឺ​បឺ​ក បាន​មាន​ប្រសាសន៍​ថា «​ប្រព័ន្ធ​របស់​យើង​នឹង​កាន់តែ​មាន​ប្រសិទ្ធ​ភាព ប្រសិនបើ​បទ​ប្បញ្ញត្តិ​បង្កើត​ស្តង់ដា​រួម​សម្រាប់​ការ​ផ្ទៀងផ្ទាត់​អ្នកនយោបាយ​»​។ ជាង​នេះ​ទៅ​ទៀត គាត់​ក៏​បាន​អំពាវនាវ​អោយ​មាន​«​ក្របខ័ណ្ឌ​សកល​» សម្រាប់​បទបញ្ជា​ទាក់​ទង​នឹង​ទិន្នន័យ​ឯកជន ដែល​មាន​មូលដ្ឋាន​លើ​បទបញ្ជា​នៃ​ការ​ការពារ​ទិន្នន័យ​ទូទៅ​របស់​សហភាព​អឺរ៉ុប​។ ច្បាប់​នោះ​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែឧសភា​ឆ្នាំ​មុន ដែល​គំរាមកំហែង​ផាកពិន័យ​ចំពោះ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​ដែល​បាន​ចែករំលែក​ទិន្នន័យ​មិន​ត្រឹមត្រូវ​របស់​អ្នក​ប្រើប្រាស់​។

ការ​គាំទ្រ​របស់​លោក​ចំពោះ​បទបញ្ជា​នោះ​មាន​រយៈពេល​មួយ​ឆ្នាំ បន្ទាប់​ពី​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន Cambridge Analytica ដែល​ជា​ក្រុមហ៊ុន​បិទទ្វារ​ហើយ​នោះ ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ព្យាយាម​ជះ​ឥទ្ធិពល​ដល់​អ្នកបោះឆ្នោត​អា​មេ​រិ​កដោយ​ប្រើប្រាស់​ព័ត៌មាន​ដែល​ប្រមូល​ពី​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥០​លាន​នាក់​។

នាយក​ប្រតិបត្តិ​រូប​នេះ​បាន​និយាយ​ថា ទិន្នន័យ​ចល័ត​គួរតែ​ត្រូវ​បាន​ធានា ដែល​ក្នុង​នោះ​គាត់​បាន​ពិពណ៌នា​ទិន្នន័យ​ចល័ត​ថា ជា​សមត្ថភាព​របស់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ផ្ទេរ​ទិន្ន​ន័យ​របស់​ពួក​គេ​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា និង​សេវាកម្ម​ផ្សេង​ទៀត​។ លោក​បាន​និយាយ​ថា «​ទិន្នន័យ​ចល័ត​ពិតប្រាកដ​គួរ​មាន​លក្ខណៈ​ដូច​ជា​របៀប​ដែល​មនុស្ស​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​យើង ដើម្បី​ចូល​ក្នុង​កម្មវិធី​មួយ​ជា​ជាង​វិធី​ចាស់​ដែល​អ្នក​អាច​ទាញ​យក​ព័ត៌មាន​របស់​អ្នក​។ ប៉ុន្តែ​នេះ​តម្រូវ​ឱ្យ​មានច្បាប់​ច្បាស់លាស់​អំពី​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ការពារ​ព័ត៌មាន​នៅ​ពេល​វា​ផ្លាស់​ប្តូរ​រវាង​សេវាកម្ម​»​។

នេះ​គឺជា​អត្ថបទ​ទី​២​ហើយ ដែល​បាន​មក​ពី​អ្នកគ្រប់គ្រង​ហ្វេ​ស​ប៊ុ​ក​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។ លោកស្រី សឺ​រៀល សេន​បឺ​ក បាន​សរសេរ​នៅ​ក្នុង​កាសែត New Zealand Herald ថា ក្រុមហ៊ុន​ត្រូវ​តែ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្លួន​។

សេន​បឺ​ក បាន​និយាយ​ថា ក្រុមហ៊ុន​កំពុង​ពិចារណា​ដាក់​កម្រិត​ថា តើ​នរណា​អាច​ចាក់​វី​ដេ​អូ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​ជនសង្ស័យ​នៅ​ក្នុង​ការ​វាយប្រហារ​នៅ​នូ​វែ​ល​សេ​ឡង់ បាន​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​សម្លាប់​រង្គាល​តាម​ហ្វេ​ស​ប៊ុ​ក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ