ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

G20 ត្រូវ​តែ​ដោះស្រាយ​មូលហេតុ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម

4 ឆ្នាំ មុន

រ៉ូ​មា​នី ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា សហភាព​អឺរ៉ុប​នឹង​ប្រាប់​អ្នកដឹកនាំ​ផ្នែក​ហិរញ្ញវត្ថុ​មក​ពី​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​២០​នៅ​ស​ប្តា​ហ៍​នេះ​ថា​ពួក​គេ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​ជុំវិញ​ពិ​ភ​លោក​ព្រោះ​វា​កំពុង​តែ​ប៉ះពាល់​ដល់​ការ​លូតលាស់​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារជាតិ​មក​ពី Group of 20…

រ៉ូ​មា​នី ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា សហភាព​អឺរ៉ុប​នឹង​ប្រាប់​អ្នកដឹកនាំ​ផ្នែក​ហិរញ្ញវត្ថុ​មក​ពី​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​២០​នៅ​ស​ប្តា​ហ៍​នេះ​ថា​ពួក​គេ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​ជុំវិញ​ពិ​ភ​លោក​ព្រោះ​វា​កំពុង​តែ​ប៉ះពាល់​ដល់​ការ​លូតលាស់​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារជាតិ​មក​ពី Group of 20 ដែល​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗ នឹង​ជួប​គ្នា​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​នា​ថ្ងៃ​ទី ១១ ដល់ ១២​ខែមេសា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ធំ​ៗ​ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់ EU បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មក​ថា “​ភាព​តានតឹង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​បាន​បង្ក​ហានិភ័យ​ដល់​ការ​លូតលាស់ និង​ជា​ប្រភព​នៃ​កង្វល់​ទាំងឡាយ​”​។ សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កំពុង​តែ​ជាប់​ក្នុង​ការ​ចរចា​ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បង្ក​ភាព​ចលាចល​ដល់ទី​ផ្សារ​ពិភពលោក​។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​និយាយ​ក្នុង​របាយការណ៍​ប្រចាំ​ខែមេសា​របស់​ពួក​គេ​កាលពី​ស​ប្តា​ហ៍​មុន​ដែរ​ថា ការ​ធ្ងន់ធ្ងរ​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​អាច​កាត់​បន្ថយ​ការ​លូត​លាស់​សេដ្ឋកិច្ច​អា​មេ​រិ​ក​ប្រមាណ​ដល់​ទៅ ០.៦% និង​ប្រទេស​ចិន​ប្រមាណ​១.៥%​ផង​ដែរ​។

យោង​តាម​សេចក្តីថ្លែងការណ៍​រួម​របស់ EU បាន​ឲ្យ​ដឹង​ទៀត​ថា “​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ដោះស្រាយ​មូលហេតុ​បង្ក​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​តែ​កើត​មាន​ឡើង​ដោយ​ធានា​ថា​មាន​បរិស្ថាន​យុត្តិធម៌​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​និង​សេវាកម្ម ការ​វិនិយោគ និង​សិទ្ធិ​កម្ម សិ​ទិ្ធ​បញ្ញា​ដែល​បើក​ទូលាយ និង​សេរី​”​។

សហរដ្ឋអាមេរិក​ក៏​កំពុង​តែ​ចរចា​ជាមួយនឹង​សហភាព​អឺរ៉ុប​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជ កម្ម​មួយ​បន្ទាប់​ពី​បាន​ដាក់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​អឺរ៉ុប​កាលពី​ឆ្នាំ​មុន និង​គម្រាម​ថា​នឹង​ដាក់​ពន្ធ​លើ​រថយន្ត​អ៊ឺ​រ៉ុ​ប​ផង​ដែរ​។

EU បាន​និយាយ​ថា “​ពួក​យើង​បន្ត​ការ​ប្តេជ្ញា​សា​ជា​ថ្មី​ម្តងទៀត​ក្នុង​ការ​រក្សា​សេដ្ឋកិច្ច​ពិភពលោក​បើក​ទូលាយ និង​យោង​តាម​ច្បាប់ ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ទូលំទូលាយ​ជាមួយនឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​រក្សា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរជាតិ​ដូច​តាម​អ្វី​ដែល​គ្រោង​ផង​ដែរ​”​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ