ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២០​នៃ​សកម្មភាព​របស់​ពួក​អាវកាក់​លឿង​បារាំង

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ មនុស្ស​ច្រើន​ពាន់​នាក់​បាន​ចេញ​ដើរ​ហែ​ក្បួន​បាតុកម្ម កាលពី​ថ្ងៃ​សៅរ៍​ទី​៣០ ​មីនា ក្នុង​ទីក្រុង​ជា​ច្រើន​របស់​បារាំង​ពិសេស​នៅ​ក្រុងប៉ារីស ប័​រ​ដូ​ និង​អា​វី​ញ៉ុ​ង​ក្នុង​ថ្ងៃ​ទី​២០​នៃ​សកម្មភាព​របស់​ពួក​អាវកាក់​លឿង​។ អាជ្ញាធរ​បារាំង​មានការ​បារម្ភ ចំពោះ​ការ​ប៉ះទង្គិច​គ្នា​និង​អំពើ​ហិង្សា​ដូច​ថ្ងៃ​សៅរ៍​មុន​ៗ​។…

ប្រទេស​បារាំង ៖ មនុស្ស​ច្រើន​ពាន់​នាក់​បាន​ចេញ​ដើរ​ហែ​ក្បួន​បាតុកម្ម កាលពី​ថ្ងៃ​សៅរ៍​ទី​៣០ ​មីនា ក្នុង​ទីក្រុង​ជា​ច្រើន​របស់​បារាំង​ពិសេស​នៅ​ក្រុងប៉ារីស ប័​រ​ដូ​ និង​អា​វី​ញ៉ុ​ង​ក្នុង​ថ្ងៃ​ទី​២០​នៃ​សកម្មភាព​របស់​ពួក​អាវកាក់​លឿង​។ អាជ្ញាធរ​បារាំង​មានការ​បារម្ភ ចំពោះ​ការ​ប៉ះទង្គិច​គ្នា​និង​អំពើ​ហិង្សា​ដូច​ថ្ងៃ​សៅរ៍​មុន​ៗ​។

នា​វេលា​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក ក្រសួងមហាផ្ទៃ​បារាំង​និយាយ​ថា មាន​បាតុករ​ប្រមាណ​ជា​៥៦០០​នាក់​ក្នុង​ទូ​ទាំង​ប្រទេស ក្នុង​នោះ​១៨០០​នាក់​នៅ​ក្រុងប៉ារីស​ដែល​នៅ​ទីនោះ​ក្បួន​ដង្ហែ​២ ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​។ កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន នៅ​ទីលាន​BEAUVAU​ក្នុង​ពេល​ម៉ោង​ដូច​គ្នា មាន​បាតុករ​ដល់​ទៅ​៨៣០០​នាក់ ក្នុង​នោះ​៣១០០​នាក់​ក្នុង​រដ្ឋធានី​។

ប៉ូលិស​ក្រុងប៉ារីស​និយាយ​ថា​នា​វេលា​ម៉ោង​១៧ មនុស្ស​សរុប​៣២​នាក់​បាន​ត្រូវ​ចាប់ខ្លួន​ហើយ​មនុស្ស​ជិត​១២០០០​នាក់​ត្រូវ​តាមដាន​ពិនិត្យ​ជា​ការ​បង្ការ​។ នៅ​ក្រុងប៉ារីស​ពួក​បាតុករ​បាន​លើកគ្នា​ចាក​ចេញពី​សង្កាត់​​នៃ​ស្ថានីយ​រថភ្លើង​ខាងកើត ព្រមទាំង​ពី​ទីលាន​CHATELET ដែល​នៅ​ទីនោះ មានការ​រៀបចំ​ពិ​ក​និក​ធំ​មួយ​ដើម្បី​បរិហារ​ការ​គ្រប់គ្រង​បែងចែក​លំនៅ​ឋាន​ពុំ​បាន​ល្អ​។ ពួក​គេ​បន្ទាប់​មក​លើកគ្នា​ដើរ​ដោយ់​ស្ងៀមស្ងាត់​រហូត​ដល់​TROCADERO​ទល់មុខ​TOUR EIFFEL​។

ភាព​តានតឹង​កើត​មាន​ដែល​តាម​ប៉ូលិស​ថា​មក​ពី ពួក​ឆ្លៀតឱកាស​ជ្រៀតចូល​ដើម្បី​បង្កចលាចល​។ ប៉ូលិស​បាន​ស្នើ​ដល់​ពួក​បាតុករ​ឲ្យ​បំបែកជួរ​ដោយ​ស្ងប់ស្ងៀម ព្រោះ​មាន​វត្តមាន​របស់​ពួក​រ៉ា​ឌី​កាល់​។ គេ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​នៅ​តាម​មហាវិថី CHAMPS ELYSEES ជា​កន្លែង​ដែល​ពួក​អាវកាក់​លឿង​តាម​ធម្មតា​យក​វិ​ថី​នោះ សម្រាប់​ហែ​ក្បួន​រាល់​ចុង​ស​ប្ដា​ហ៍ ចាប់តាំងពី​ថ្ងៃ​ទី​១៧​វិច្ឆិកា​ឆ្នាំ​២០១៨​មក។

ម្យ៉ាងទៀត​ប៉ូលិស​បារាំង​បាន​ហាមឃាត់​រាល់​ការ​ប្រមូលផ្ដុំ​មនុស្ស នៅ​កណ្ដាល​ក្រុង​អា​វី​ញ៉ុ​ង​។ ប៉ុន្តែ​ពួក​បាតុករ​នៅ​តែ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​HORLOGE ដែល​នៅ​ទីនោះ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ប៉ូលិស​ដែល​បាន​ដាក់​ពង្រាយ​ដ៏​ច្រើន​។ ចំណែក​ពួក​អាវកាក់​លឿង​ច្រើន​រយ​នាក់ បាន​ស្ថិត​នៅ​ផ្លូវ​មួយ​នា​ជាយក្រុង ដោយនៅ​ទីនោះ​ក៏​កើត​មានការ​ប៉ះទង្គិច​គ្នា​ដែរ ដោយ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។

នៅ​ក្រុង​ប័​រ​ដូ​ពួក​អាវកាក់​លឿង​ប្រមាណ​ជា​ជាង​៥០០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា ហើយ​ចាប់​ដើរ​ហែ​ក្បួន​ពី​ដើម​រសៀល​ទៅ​។ ឧប្បត្តិហេតុ​នានា​ផ្ទុះ​ឡើង​រវាង​ពួក​បាតុករ​និង​ប៉ូលិស ជាមួយ​ការ​លេចមុខ​របស់​ពួក​អ្នក​អុកឡុក​មួយ​ក្រុម ស្លៀកពាក់​ពណ៌​ខ្មៅ ដែល​វាយ​បំបែក​កញ្ចក់​របស់​ធនាគារ​មួយ មុន​ពេល​ទៅ​ដល់​តំបន់ហាមឃាត់​។ ក្រោយមក​នៅ​ទីលាន​សាធារណរដ្ឋ មនុស្ស​មួយ​ក្រុម​បាន​នាំ​គ្នា​ដុត​របស់របរ​នានា ក្នុង​ការដ្ឋាន​មួយ មុន​ពេល​ប៉ូលិស​បំបែក​។

នៅ​ក្រុង​រ៉ែ​ន​បាតុករ​ច្រើន​រយ​នាក់ បាន​ប៉ះ​គ្នា​ជាមួយ​ប៉ូលិស​។ មនុស្ស​ប្រមាណ​១០​នាក់​បាន​ត្រូវ​ចាប់ខ្លួន ហើយ​ប៉ូលិស​២​នាក់​រង​របួស​។ ចាប់តាំងពី​ពាក់កណ្ដាល​ខែវិច្ឆិកា​មក ពួក​បាតុករ​អាវកាក់​លឿង​បាន​ធ្វើ​សកម្មភាព ហើយ​ធ្វើការ​ទាមទារ​ជា​ច្រើន ដូច​ជា​ឲ្យ​ប្រធានាធិបតី​លាលែង​ចេញពី​តំណែង រៀបចំ​ការ​បោះ​ប្រជាមតិ​មួយ​ឬ​ប្រឆាំង​នឹង​ទំនិញ​ឡើងថ្លៃ​ពិសេស​ប្រេងឥន្ធនៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ