ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងចំនួន៦នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី២៩ មីនា ស្ថិតនៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាដ៏ឃោឃៅ ទៅលើគូសត្រូវរបស់ខ្លួនបណ្ដាលឱ្យរងរបួសធ្ងន់២នាក់ ។

លោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ ដែលកម្លាំងរបស់លោកឃាត់ខ្លួនមាន ១-ឈ្មោះជ័យ សុផាត អាយុ២១ឆ្នាំ (ជាជនដៃដល់ ) ២-ឈ្មោះ វឿន សុខផេង អាយុ១៩ឆ្នាំ (ជាជនដៃដល់) ៣-ឈ្មោះចិត្ត រក្សា ហៅវិបុត្រ អាយុ១៧ឆ្នាំ (ជាបក្សពួក ) ៤-ឈ្មោះរ៉ាត់ ធារ៉ា អាយុ១៨ឆ្នាំ (ជាបក្សពួក) ៥-ឈ្មោះសាន្ត សារិទ្ធិ អាយុ១៦ឆ្នាំ (ជាបក្សពួក) ៦-ឈ្មោះណាន យ៉ារ៉ាហ្វាត់ អាយុ១៥ឆ្នាំ (ជាបក្សពួក ) ។
លោកនាយការិយាល័យបញ្ជាក់ថា ក្រុមនេះបានប្រើប្រាសកាំបិតកាប់ទៅលើគូសត្រូវរបស់ខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់២នាក់ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ មីនា ស្ថិតនៅចំណុចភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ។

បើតាមរបាយការណ៍ជនរងគ្រោះទាំង២នាក់ ដែលច្បាំងចាញ់គូសត្រូវរបស់ខ្លួន ១-ឈ្មោះវឿត សូរិយា ហៅតូ អាយុ២៧ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ រងរបួសក្បាល និងស្មាខាងស្តាំ ២-ឈ្មោះស៊ុន ចាន់ថូ អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង របួសក្បាលនិងដៃខាងស្តាំ។
សមត្ថកិច្ចនិយាយថា ភាគីទាំង២សុទ្ធតែក្រុមក្មេងអន្ធពាលដូចគ្នា ព្រោះមានអ្នករបួសម្នាក់ ខណៈដែលគេបានរុំរបួសក្បាលរួចហើយ ស្រាប់តែកញ្ជ្រោលចង់ទៅទាញពូថៅ ទៅកាប់ខាងភាគីដែលវាយប្រហារខ្លួនវិញម្តងទៀត ។ ហើយពួកគេទាំងនេះ បានកាប់ចាក់គ្នាកណ្ដាលអធ្រាត្របន្ទាប់ពីពួកគេចេញពីក្លិបកម្សាន្ត ។
ជុំវិញករណីនេះ លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបានថ្លែងថា ភាគីទាំង២បានកាប់ចាក់គ្នាដោយគ្រាន់តែប៉ះទង្កិចពាក្យសំដីតិចទូច។ ទោះយ៉ាងណាពេលនេះ មន្ត្រីការិយាល័យជំនាញកំពុងសាកសួរក្រុមក្មេងទំនើងទាំង៦នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕
ចែករំលែកព័តមាននេះ