ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុងគិត​ថា ថៃ ជា​ស្ពាន​ឆ្លង​ចូល​អាស៊ាន


ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៨ មីនា កន្លង​មក​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង (HKTDC) គិត​ថា​ប្រទេស​ថៃ​គឺជា​ស្ពាន​ឆ្លង​ចូល​អាស៊ាន ហើយ​កំពុង​តែ​ជំរុញ​កម្មវិធី​ជា​ច្រើន​ដើម្បី​បង្កើន​ការ​វិនិយោគ​លើ​ឧស្សាហកម្ម និង​ក្រុមហ៊ុន​បង្កើត​ថ្មី​ក្នុង​ប្រទេស​ថៃ​។

លោក Sunny Chau ដែល​ជា​ប្រធាន HKTDC សម្រាប់​ប្រទេស​ថៃ​និង​អាស៊ី​អាគ្នេយ៍​បាន​និយាយ​ថា វិនិយោគិន​ហុងកុង​វិនិយោគ​ប្រមាណ ១៥.៦​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៧ ដែល​មួយ​ចំណែក​ត្រូវ​បាន​វេរ​ពី​ប្រទេស​ដទៃ​ទៀត និង​មានការ​ផ្តោត​សំខាន់​លើ​វិស័យ​ផលិតកម្ម​និង​ការ​ដឹក​ជញ្ជូន​។

លោក Chau បាន​និយាយ​ថា «​ពួក​យើង​បាន​ប្តូរ​ទីតាំង​ការិយាល័យ​ធំ​ក្នុង​តំបន់​របស់​យើង​មក​កាន់​ប្រទេស​ថៃ​កាលពី​ឆ្នាំ ២០០៦ ហើយ​តាំងពី​ពេល​នោះ​មក​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ពួក​យើង​បាន​កើនឡើង ៣.៦​ដង​បើ​ទោះជា​មាន​ឧបសគ្គ​ច្រើន​ពិតមែន​ក្តី​»​។

ក្នុង​ពេល​ថ្មី​ៗ​នេះ ហុងកុង​បាន​បើក​ការិយាល័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ថ្មី​មួយ​ក្នុង Sathorn Square ក្នុង​ទីក្រុង​បាងកក​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​ថៃ​។

ក្នុង​នាម​ជា​វិនិយោគិន​ដ៏​សកម្ម​មួយ​របស់​ប្រទេស​ថៃ ហុងកុង​កំពុង​តែ​ចាប់​ដៃគូ​ជាមួយនឹង​កម្មវិធី​វិនិយោគ​ថៃ​ជា​ច្រើន​ដែល​រួម​មាន InnoSpace Thailand, Thai Access to International Markets និង SME Idol​ជាដើម​។

InnoSpace គឺជា​ក្រុមហ៊ុន​សហការ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន​ដែល​ផ្តល់​ថវិកា​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​ៗ​ក្នុង​ប្រទេស​ថៃ​។ កម្មវិធី​នេះ​យក​គំរូ​តាម​កម្មវិធី​Cyberport របស់​ហុងកុង​បន្ទាប់​ពី​លោក​ឧប្បនាយករដ្ឋមន្ត្រី Somkid Jatusripitak ធ្វើ​ទស្សនៈកិច្ច​ទៅ​កាន់​ហុងកុង និង​បាន​នាំ​យកគំនិត​នេះ​មក​កាន់​ប្រទេស​ថៃ​វិញ​។

Cyberport បាន​សម្របសម្រួល​ក្រុមហ៊ុន​បង្កើត​ថ្មី​ធំ​ៗ​ពីរ​ក្នុង​ហុងកុង និង​ជួយ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី​ដែល​សរុប​មាន​តម្លៃ​ច្រើន​ជាង​១​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​។

លោក Chau មិន​គិត​ថា​លទ្ធផល​ការ​បោះ​ឆ្នោត​អាច​ប៉ះពាល់​ដល់​គម្រោង​វិនិយោគ​រវាង​ប្រទេស​ថៃ​និង​ហុងកុង​ឡើយ និង​បាន​កត់​សម្គាល់ថា​មានការ​វិនិយោគ​ជា​ច្រើន​ពី​វិស័យ​ឯកជន​។

លោក​បាន​បន្ថែម​ថា «​ទាក់ទិន​នឹង​ការ​នាំ​ក្រុមហ៊ុន​ថៃ​ទៅ​ហុងកុង ពួក​យើង​មើលឃើញ​មានការ​លូតលាស់​ច្រើន​ជាងគេ​ក្នុង​វិស័យ​អាហារ​។ ពួក​យើង​បាន​នាំ​ក្រុមហ៊ុន​ថៃ​ចំនួន ៤៣​ក្រុមហ៊ុន​ទៅ​កាន់​ហុងកុង ដែល​ច្រើន​ជាង​ឆ្នាំ ២០១៧​ដល់​ទៅ ៥៣%»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ