ប្រទេសស៊ីរី ៖ ពួកឃើតស៊ីរីកាលពីថ្ងៃទី២៥មីនាបានអំពាវនាវឲ្យបង្កើតតុលាការអន្តរជាតិពិសេសមួយ មានមូលដ្ឋាននៅភាគឦសានប្រទេសដើម្បីកាត់ទោសឧក្រិដ្ឋកម្ម ប្រព្រឹត្តដោយក្រុមរដ្ឋអ៊ិស្លាម រយៈជាង៤ឆ្នាំនៃកាលីហ្វាតរបស់គេ ដែលបច្ចុប្បន្នត្រូវបានរលំរលាយ។
អង្គការជីហាដរដ្ឋអិុស្លាមដែលល្បីល្បាញលើពិភពលោក ទទួលការចោទប្រកាន់ថាប្រព្រឹត្តឧក្រិដ្ឋកម្មជាច្រើន ដូចជាសម្លាប់មនុស្សយ៉ាងរង្គាល ចាប់រំលោភ ចាប់ពង្រត់មនុស្សនៅលើដែនដីដ៏ធំទូលាយដែលខ្លួនត្រួតត្រា នៅស៊ីរីនិងនៅអីុរ៉ាក់ ពីឆ្នាំ២០១៤ទៅ២០១៩។ ក្រុមនោះក៏ជាអ្នកទទួលខុសត្រូវលើការវាយប្រហារភេរវកម្មយ៉ាងបង្ហូរឈាមនានា នៅទ្វីបឯទៀតៗផងដែរ។
សំបុកចុងក្រោយរបស់ក្រុមនោះ នៅភាគខាងកើតស៊ីរី ត្រូវកងកម្លាំងពួកឃើត ជួយទ្រទ្រង់ដោយសហរដ្ឋអាមេរិក វាយដណ្ដើមកាន់កាប់បានទាំងស្រុង កាលពីថ្ងៃទី២៣មីនា។ នោះជាទីតាំងនៅក្រុងBAGHOUZ។ ពួកជីហាដដែលលាក់ខ្លួនក្នុងរូងក្រោមដីទាំងឡាយ ពុំអាចស៊ូបាននឹងការវាយលុក យ៉ាងសន្ធាប់ចុងក្រោយទាំងតាមអាកាស ទាំងតាមការបាញ់ផ្លោងស្រោច ក៏សុខចិត្តចេញពីរូងមកចុះចូល៕
ចែករំលែកព័តមាននេះ