ប្រទេសថៃ ៖ យោងតាមគណៈកម្មាធិការបោះឆ្នោតថៃថា ក្រោយការរាប់សន្លឹកឆ្នោតរួច៩៤% អ្នកបោះឆ្នោតថៃជាង៧,៦លាននាក់ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោត ជាង៥០លាននាក់បានបោះគាំទ្រ គណបក្សPALANG PRACHARATរបស់របបយោធា ។ ចំណែកគណបក្សប្រឆាំងភឿថៃទទួលបានសំឡេង៧,២លាន ។
គណបក្សអនាគតថ្មីរបស់សេដ្ឋី វ័យក្មេងទទួលបានសំឡេងច្រើនគួរឲ្យភ្ញាក់ផ្អើលដល់ទៅជាង៥,២លាន ។ រួចមនុស្សជិត៣លាននាក់បោះឆ្នោតគាំទ្រពួកអភិរក្សនិយមនៃគណបក្សប្រជាធិបតេយ្យ ។ អត្រាអ្នកចូលរួមបោះឆ្នោតមាន៦៦% ។
គណៈកម្មាធិការបោះឆ្នោតថៃអះអាងនាថ្ងៃទី២៥មីនាថា លទ្ធផលនៃការបោះឆ្នោតនេះនឹងប្រកាស នារសៀលថ្ងៃទី២៥មីនានោះ ក្នុងសន្និសីទសារព័ត៌មានមួយ តែបន្ទាប់់មកបែរជាថាត្រូវពន្យារពេល ។ ប្រធានគណៈកម្មាធិការបោះឆ្នោតថៃ លោកJARUNGWIT PHOMMA គ្រាន់តែនិយាយថា យើងពុំមែនដូចប្រទេសឯទៀតៗ ដែលបង្កើតរដ្ឋាភិបាលមួយ ក្រោយការបោះឆ្នោតភ្លាមឡើយ ។
នៅថៃដំបូងគេត្រូវត្រួតពិនិត្យថាតើការបោះឆ្នោតនោះត្រឹមត្រូវដែរឬអត់ ។មានការចោទប្រកាន់កាន់តែខ្លាំងពីការទិញសន្លឹកឆ្នោតនិងភាពលម្អៀងរបស់គណៈកម្មាធិការបោះឆ្នោត ដែលចាត់តាំងដោយពួកយោធា។ ចំណែកសន្លឹកឆ្នោតជិត២លានពុំបានការ ដោយគេថា មកពីការគូសមិនចំកន្លែង ។
លទ្ធផលនេះប្រសិនត្រូវប្រកាសច្បាស់ នឹងផ្ដល់លទ្ធភាពដល់បណ្ដាឧត្ដមសេនីយរក្សាអំណាចដឹកនាំរដ្ឋាភិបាល។ចំនួនកៅអីដែលគណបក្សនិមួយៗទទួលបាន ត្រូវលាតត្រដាងនាថ្ងៃទី២៥មីនា។ ការបោះឆ្នោតសភាថៃជ្រើសរើសសមាជិកសភា៥០០រូបធ្វើយោងទៅតាមប្រព័ន្ធបោះឆ្នោតដ៏ស្មុគ្រស្មាញមួយ ។
ទោះបីយ៉ាងណាលទ្ធផលនៃការបោះឆ្នោតនោះហាក់ដូចជា បរាជ័យមួយសម្រាប់គណបក្សភឿថៃ ជាគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោកថាក់សីុនសីុណាវ៉ាត្រា ដែលតែងឈ្នះឆ្នោតជាប់ចាប់តាំងពីជិត២០ឆ្នាំមកហើយ ។
ក្នុងការបោះឆ្នោតនោះគេមានការភ្ញាក់ផ្អើលចំពោះការទទួលបានលទ្ធផលល្អ របស់គណបក្សអនាគតថ្មី ។ ស្ថាបនិកគណបក្សនោះ មហាសេដ្ឋីវ័យក្មេងអាយុ៣៩ឆ្នាំ លោកTHANATHORN JUANGROONGRUANGKIT អាចដើរតួនាទីគន្លិះមួយ ។ នាយប់ថ្ងៃទី២៤មីនា មហាសេដ្ឋីរូបនោះនិយាយថា យើងនៅមិនទាន់ដឹងថាតើជាមួយគណបក្សណាដែលយើងធ្វើសម្ព័ន្ធភាពជាមួយនៅឡើយ ។
លោកបញ្ជាក់ថា ពួកអ្នកសង្កេតការណ៍របស់គណបក្សលោក ពិនិត្យឃើញភាពមិនប្រក្រតីតិចតួចប៉ុណ្ណោះ។ ចំពោះគណបក្សមានអាយុកាលចំណាស់ជាងគេបំផុត គឺគណបក្សប្រជាធិបតេយ្យ ប្រមុខគណបក្សនេះជាអតីតនាយករដ្ឋមន្ត្រី លោកអាប់ភីសីុតវេចាជីវ៉ា បានសុំលាលែងក្រោយលទ្ធផលដ៏ខកចិត្តក្នុងការបោះឆ្នោតនោះ ។
តើលោក JUANGROONGRUANGKIT តារារះក្នុងការបោះឆ្នោតថៃជាអ្នកណា ? លោកTHANATHORN JUANGROONGRUANGKIT អាយុ៣៩ឆ្នាំ សម្រាប់សារព័ត៌មានអាសីុចាត់ទុកលោកជាតារារះនៃនយោបាយថៃ ។ លោកមានប្រជាប្រិយភាពពិសេសក្នុងចំណោមយុវជន ។ លោកធ្វើយុទ្ធនាការឃោសនាជាពិសេសតាមបណ្ដាញសង្គម ។
គណបក្សរបស់លោកគឺគណបក្សអនាគតថ្មី បង្កើតឡើងកាលពីមួយឆ្នាំមុននេះ បានផ្ដោតលើកម្លាំងយុវជន មានអាយុពី១៨ទៅ២៥ឆ្នាំ ដែលមានប្រមាណជា៧លាននាក់ តំណាងឲ្យ១៤%នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោត ។ ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី២៤មីនា គណបក្សលោកទទួលបានការគាំទ្រដល់ទៅជាង៥,២លានសំឡេង ។
មហាសេដ្ឋីវ័យក្មេងរូបនោះជាអ្នកទទួលមរតកពីគ្រួសារមួយ ដែលរកសីុមានបានក្នុងការលក់រថយន្ត ។ លោកជាសកម្មជនចង់ឲ្យមានការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ និងការកែទម្រង់ចម្បងក្នុងជីវភាពនយោបាយនិងសង្គម ។ លោកស្នើដល់ពួកអ្នកគាំទ្រ ដែលលោកហៅពួកគេថាអ្ន អនាគតនិយម ថ្វើយុទ្ធនាការដើម្បីអនាគតមួយដោយគ្មានប្រមុខយោធាកាន់តំណែងនាយករដ្ឋមន្ត្រី ៕
ចែករំលែកព័តមាននេះ