ទីក្រុងម៉ិកស៊ីកូស៊ីធី៖ ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីកម្រិត៦,៥រ៉ិចទ័រនៅប្រទេសម៉ិកស៊ីកូកើនឡើងដល់២នាក់ហើយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ ស្ត្រីវ័យ៥០ឆ្នាំម្នាក់ទទួលមរណភាពបន្ទាប់ពីផ្ទះរបស់គាត់នៅរដ្ឋហ្គេរ៉េរ៉ូ (Guerrero) បាក់រលំគ្រេងតែម្ដង។ ទីនោះជាចំណុចកណ្ដាលនៃការចាប់ផ្ដើមគ្រោះរញ្ជួយដី។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រីអេវីលីន សាល់ហ្កាដូ (Evelyn Salgado) ជាអភិបាលនៃគណៈអភិបាលរដ្ឋនេះ។

ក្រៅពីស្ត្រីខាងលើ បុរសវ័យ៦០ឆ្នាំប្លាយម្នាក់ក៏បានស្លាប់ដែរបន្ទាប់ពីគាត់ឈរសុខៗស្រាប់តែដួលទាំងជំហរ ហើយផុតដង្ហើមតែម្ដង។ គាត់រស់នៅប្លុកមួយនៃរដ្ឋធានីម៉ិកស៊ីកូស៊ីធី។ កាលនោះ អាជ្ញាធរកំពុងប្រញឹកដៃក្នុងការជម្លៀសមនុស្សចេញពីតំបន់គ្រោះថ្នាក់ដោយសារការរញ្ជួយដី។ នេះបើយោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់សាលាក្រុងផ្ទាល់តែម្ដង។

លោកស្រីខ្លារ៉ា ប្រ៊ូហ្កាដា (Clara Brugada) ជាអភិបាលនៃគណៈអភិបាលទីក្រុងម៉ិកស៊ីកូស៊ីធីបង្ហោះសារនៅលើបណ្ដាញអ៊ិចថាបន្ទាប់ពីដាក់ចេញវិធានការឆ្លើយតបទៅនឹងការរញ្ជួយដីនេះរួច លោកស្រីទទួលបានរបាយការណ៍ថាមនុស្ស១២នាក់រងរបួស។ ក្រៅពីនេះ លោកស្រីក៏ទទួលបានដំណឹងថាមានករណីដាច់ភ្លើងអគ្គិសនីនៅទីតាំងមួយចំនួនផងដែរ។ លោកស្រីថ្លែងបន្ថែមទៀតថាអាជ្ញាធរបានចុះទៅជម្លៀសមនុស្សចេញពីអគារ២កន្លែងជាបន្ទាន់ព្រោះរកកលនឹងបាក់រលំ។ អគារ២ទីតាំង និងលំនៅដ្ឋានចំនួន៣៤កំពុងស្ថិតក្រោមការត្រួតពិនិត្យអំពីស្ថានភាពសំណង់ក្រែងលោរងការខូចខាតត្រង់ចំណុចណាមួយ។

ការិយាល័យផែនដីវិទ្យាម៉ិកស៊ីកូថ្លែងថាគ្រោះរញ្ជួយដីនោះកើតឡើងនៅវេលាម៉ោង៧:៥៨ព្រឹកដោយមានចំណុចចាប់ផ្ដើមចេញពីស្រទាប់ផែនដីជម្រៅ៥គីឡូម៉ែត្រចុះទៅក្រោម។ នៅទីក្រុងម៉ិកស៊ីកូស៊ីធី គេស្ដាប់ឮសំឡេងប្រព័ន្ធឧគ្ឃោសនស័ព្ទស្រែកប្រកាសឱ្យប្រជាជនប្រញាប់ជម្លៀសខ្លួនជាបន្ទាន់តាំងពីមុនពេលការរញ្ជួយដីចាប់ផ្ដើមទៅទៀត។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មានស៊ីនហួ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ