ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេ​ឡិនស្គី​តែង​តាំង​មន្ត្រី២​រូប​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​ទី​ប្រឹក្សា និង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ

5 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោ​កហ្សេឡិនស្គី បាន​តែង​តាំង​ប្រធាន​អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​ លោក​គីរីឡូ ប៊ូ​ដាណូស (Kyrolo Budanov) ជា​ប្រធាន​ក្រុម​ទី​ប្រឹក្សា​កំពូល​របស់​លោក​។ ក្រៅ​ពី​នេះ…

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោ​កហ្សេឡិនស្គី បាន​តែង​តាំង​ប្រធាន​អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​ លោក​គីរីឡូ ប៊ូ​ដាណូស (Kyrolo Budanov) ជា​ប្រធាន​ក្រុម​ទី​ប្រឹក្សា​កំពូល​របស់​លោក​។ ក្រៅ​ពី​នេះ លោក​​ក៏​បាន​តែង​តាំង​អ្នក​ឯក​ទេស​ខាង​ដ្រូន និង​ឌីជី​ថល​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​។ ការ​តែង​តាំង​មន្ត្រី​ទាំង​២​រូប​នេះ​ធ្វើឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​កំពុង​ខិត​ខំ​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរ​ចា​បញ្ចប់​សង្គ្រាម​។

លោក​គីរីឡូ ប៊ូ​ដាណូស (Kyrolo Budanov)

ការ​តែង​តាំង​លោក​ប៊ូដាណូស​ដែល​ជា​អ្នក​ជើង​ចាស់​ខាង​វិស័យ​យោធា​ និង​ជា​អ្នក​ដែល​ប្រជា​ជន​អ៊ុយ​ក្រែន​គោរព​ និង​ឱ្យ​តម្លៃ​នោះ​ជា​របត់​នយោបាយ​ថ្មី​នៅ​អ៊ុយ​ក្រែន​ព្រោះ​ប្រទេស​នេះ និង​ប្រទេស​ភាគ​ច្រើន​មិន​មាន​ទម្លាប់​តែង​តាំង​អ្នក​មាន​បទ​ពិសោធ​ខាង​យោធា​ឱ្យ​កាន់​កាប់​កិច្ច​ការ​ស៊ីវិល​បែប​នេះ​ទេ​។ ​ការ​តែង​តាំង​លោក​មី​ខា​អ៊ីល ហ្វេ​ដូរ៉ូស (Mikhail Fedorov) ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ក៏​ជា​ការ​រំលេច​ឱ្យ​ឃើញ​ថា​នៅ​ក្នុង​សង្គ្រាម​សម័យ​ទំនើប​​ ​ការ​ប្រើ​ប្រាស់​ដ្រូន​ និង​បច្ចេក​វិទ្យា​​ជា​រឿង​ចាំ​បាច់​ណាស់​ដែល​មិន​អាច​ខ្វះ​បាន​។ លោក​ហ្វេ​ដេរ៉ូស​ធ្លាប់​កាន់​តំណែង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ទី​១ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ឌីជី​ថល​។

លោក​ហ្សេឡិនស្គី និង​លោក​មី​ខា​អ៊ីល ហ្វេ​ដូរ៉ូស (Mikhail Fedorov)

លោក​ប៊ូដាណូស​វ័យ​៣៩​ឆ្នាំ​ត្រូវ​ជំនួស​តំណែង​លោក​អាន​ដ្រី យេ​ម៉ាក (Andriy Yermak) ដែល​ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ពី​តំណែង​ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​បាត់​លុយ​រាប់​​លាន​ដុល្លារ​។ មែនទែន​ទៅ លោក​យេម៉ាក​មិន​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​ជន​សង្ស័យ​ទេ​។ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រធាន​ខុទ្ទ​កាល័យ​របស់​ប្រធានា​ធិបតី​ លោក​ត្រូវ​តែ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​។

តាម​រយៈ​ការ​រុះ​រើ​ក្បាល​ម៉ាស៊ីន​នៅ​ក្នុង​ស្ថាប័ន​សំខាន់​ៗ​ដូច​រៀប​រាប់​ខាង​លើ​នេះ​ លោក​ហ្សេឡិនស្គី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ឡើង​វិញ​ពី​សហ​គមន៍​ជាតិ និង​អន្តរ​ជាតិ​។ ពេល​នេះ​ជា​គ្រា​ដ៏​លំបាក​សម្រាប់​អ៊ុយ​ក្រែន​​ដែល​ហាក់​ដូច​ជា​ចាញ់​ប្រៀប​រុស្ស៊ី​ទាំង​សមរភូមិ​នយោបាយ​ និង​យោធា​។ រុស្ស៊ី​​​ចោទ​ប្រកាន់​ថា​អ៊ុយ​ក្រែន​បាន​បញ្ជូន​ដ្រូន​៩១​គ្រឿង​ទៅ​វាយ​ប្រហារ​គេហ​ដ្ឋាន​របស់​លោក​ពូទីន​​​។

រុស្ស៊ី​លើក​ហេតុ​ផល​នេះ​ទាម​ទារ​ដាច់​ខាត​មិន​បន្ធូរ​ដៃ​ឡើយ​នៅ​ក្នុង​ការ​ចរ​ចា​។ លោក​ត្រាំ​ក៏​បន្ត​ដាក់​សម្ពាធ​ឱ្យ​អ៊ុយ​ក្រែន​ប្រញាប់​ទទួល​យក​ផែន​ការ​សន្តិ​ភាព និង​ចរចា​ឱ្យ​ឆាប់​ត្រូវ​រ៉ូវ​គ្នា​នឹង​អាល​បញ្ចប់​សង្គ្រាម​ឆាប់​ៗ​។ ចំណែក​នៅ​លើ​សមរ​ភូមិ​​យោធា​ កង​ទ័ព​រុស្ស៊ី​បន្ត​វាយ​ទៅ​មុខ​ជា​និច្ច​ទោះ​បី​ដោយ​សន្សឹម​ៗ​យ៉ាង​ណា​ក្ដី​។​

ក្រោយ​ការ​តែង​តាំង​មន្ត្រី​ទាំង​២​រូប​ខាង​លើ​នេះ លោក​ហ្សេ​ឡិនស្គី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​អ៊ុយ​ក្រែន​ចាំ​បាច់​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​​វិស័យ​សន្តិ​សុខ​ យោធា និង​ការ​ទូត​។ លោក​សរ​សេរ​បន្ត​ទៀត​ថា​លោក​គីរីឡូ ប៊ូដាណូស​ (Kirylo Budanov) មាន​បទ​ពិសោធ​ឆ្អិន​ឆ្អៅ​នៅ​ក្នុង​វិស័យ​ទាំង​នេះ​ និង​មាន​ថាម​ពល​គ្រប់​គ្រាន់​ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ដូច​ការ​រំពឹង​ទុក​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ