ខេត្តរតនគិរី ៖ ស្ត្រីជនជាតិដើមភាគតិចម្នាក់ ត្រូវជនមិនស្គាល់មុខចាប់រំលោភរួចមូលកសម្លាប់យ៉ាង
ព្រៃផ្សៃនៅក្បែរមាត់អូរក្នុងចម្ការរបស់នាង ហើយនៅព្រឹកថ្ងៃទី២៥ ខែមីនា សមត្ថកិច្ចចម្រុះបានទៅ
ដល់កន្លែងកើតហេតុ ។ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ កែ ញូន អាយុ៣៤ឆ្នាំ ជាជនជាតិទំពួន និងជាកសិករ មានប្ដីនិងកូនស្រី២នាក់ ដែលកូនច្បងអាយុ១២ឆ្នាំ ។
នៅវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃទី២៤ ខែមីនា ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅងូតទឹកនៅអូរក្នុងចម្ការរបស់ខ្លួន ស្ថិតក្នុងភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់ ដែលមានចម្ងាយពីភូមិប្រហែល១គីឡូម៉ែត្រ ។
លុះដល់ម៉ោងប្រហែល៦ល្ងាច ដោយសារបាត់ប្រពន្ធយូរពេក បុរសជាប្ដីបានទៅតាមរកប្រពន្ធនៅកន្លែងដែលប្រពន្ធតែងមកងូតទឹក ប៉ុន្តែរកមិនឃើញ ឃើញតែស្បែកជើង និងកន្ត្រកដាក់ខោអាវដែលបោករួច ។ ដោយរកមិនឃើញក៏ត្រឡប់ទៅផ្ទះវិញ និងហៅអ្នកភូមិឱ្យមកជួយដើររករហូតដល់ម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ទើបរកឃើញសពប្រពន្ធនៅក្នុងអូរចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងនាងងូតទឹក ។
ក្រោយពេលទទួលព័ត៌មានពីគ្រួសារជនរងគ្រោះ នគរបាលស្រុកសហការជាមួយនគរបាលប៉ុស្ដិ៍បាតាង បានហ៊ុមព័ទ្ធកន្លែងកើតហេតុរង់ចាំមន្ត្រីការិយាលយ័បច្ចេកទេសខេត្ត រួមទាំងគ្រូពេទ្យ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការត្រួតពិនិត្យសព ។
ក្រោយពីមន្ត្រីជំនាញធ្វើការត្រួតពិនិត្យរួច ជាលទ្ធផលបង្ហាញថា ជនរងគ្រោះត្រូវជនមិនស្គាល់មុខរំលោភហើយសម្លាប់ចោលដែលទំនង គឺជាមនុស្សស្គាល់គ្នា ។ សពមានស្នាមរបួសចំនួន៣កន្លែង គឺបាក់.ក ភ្នែកខាងស្ដាំបែកខ្ទេច ដែលទំនងជនល្មើសយកឈើជ្រុងវាយ ព្រោះនៅក្បែរសពមានកំណាត់ឈើប៉ុនកដៃក្មេងប្រវែងជិត១ម៉ែត្រ និងប្រដាប់ភេទមានទឹកកាម និងមានហូរឈាម ។
សមត្ថកិច្ចឲ្យដឹងទៀតថា នៅជុំវិញកន្លែងជនរងគ្រោះមកងូតទឹក មានព្រៃដុះជុំវិញ និងមានសភាពស្ងាត់ណាស់ រួមទាំងគ្មានផ្ទះប្រជាពលរដ្ឋថែមទៀត តែជនរងគ្រោះហាក់សន្តិភាពពេកទើបជួបគ្រោះអកុសលបែបនេះ ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ។ ក្នុងករណីខាងលើនេះ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជាការរំលោភសម្លាប់បំបិទមាត់ ព្រោះជាមនុស្សស្គាល់គ្នា ដែលករណីបែបនេះជនដៃដល់មិនអាចគេចរួចឡើយ ៕
ចែករំលែកព័តមាននេះ