យោងតាមការសិក្សាប្រចាំ២ឆ្នាំម្តងមួយរបស់វិទ្យាស្ថានបារាំងសិក្សាប្រជាសាស្ត្រ INEI ចេញផ្សាយកាលពីថ្ងៃទី២ តុលា ថា ចំនួនប្រជាជនពិភពលោកនឹងឡើងដល់៩.៧៣១ពាន់លាននាក់ក្នុងឆ្នាំ២០៥០ ទល់នឹង៧,១៤១ពាន់លាននាក់ក្នុងឆ្នាំ២០១៣នេះ ។
យោងតាមការព្យាករណ៍របស់ INEI ដែលធ្វើការសិក្សានានារបស់ខ្លួនផ្ទាល់ និងយោងតាមការវាយតម្លៃរបស់ អ.ស.ប របស់ធនាគារពិភពលោក និងរបស់វិទ្យាស្ថានជាតិដទៃៗទៀតថា ចំនួនប្រជាជនពិភពលោកដល់ដំណាច់សតវត្សទី២១នេះ នឹងមានពី១០ទៅ១១ពាន់លាននាក់ ។
ចំនួនប្រជាជនពិភពលោកបានឡើងដល់៦ពាន់លាននាក់ កាលពីឆ្នាំ១៩៩៩ ១២ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១១ ឡើងដល់៧ពាន់លាននាក់។ អត្រាកំណើតពិភពលោកគិតជាមធ្យមនារីម្នាក់មានកូន ២,៥នាក់ក្នុងឆ្នាំ២០១៣ទល់នឹង៥នាក់ក្នុងឆ្នាំ១៩៥០ ។ នៅទ្វីបអាហ្វ្រិករហូតដល់ឆ្នាំ២០៥០ បើយោងតាមការសិក្សាខាងលើថានឹងមានប្រជាជនប្រមាណ១ភាគ៤នៃចំនួនប្រជាជនពិភពលោក ។ រហូតដល់ឆ្នាំ២០៥០នោះមនុស្សដល់ទៅ២.៤៣៥ពាន់លាននាក់រស់នៅក្នុងទ្វីបនេះគឺមានការកើនឡើងជាងទ្វេដងដែលក្នុងឆ្នាំ២០១៣ ទ្វីបអាហ្វ្រិកមានប្រជាជនត្រឹម១,១ពាន់លាននាក់ ។
ក្នុងអត្រានារីម្នាក់មានកូនត្រឹម ១,៦នាក់ទ្វីបអឺរ៉ុប នឹងជាតំបន់តែមួយគត់ដែលមានចំនួនប្រជាជនចុះថយ គឺ៧៤០លាននាក់ក្នុងឆ្នាំ២០១៣ រួចធ្លាក់មកនៅត្រឹម៧២៦លាននាក់ក្នុងឆ្នាំ២០៥០ ។ចំពោះទ្វីបអាមេរិកចំនួនប្រជាជនទ្វីបនោះនឹងឡើងលើសពី១.០០០លាននាក់គឺឡើងពី៩៥៨លាននាក់ក្នុងឆ្នាំ២០១៣ដល់១,២២៨ពាន់លាននាក់ក្នុងឆ្នាំ២០៥០ ។ទ្វីបអាសីុចំនួនប្រជាជនទ្វីបនេះនឹងឡើងពី៤,៣០៥ពាន់លាននាក់ក្នុងឆ្នាំ២០១៣ ដល់៥,២៨៤ពាន់លាននាក់ក្នុងឆ្នាំ២០៥០ ហើយនៅទ្វីបអូសេអានីចំនួនប្រជាជននឹងឡើងពី៣៨លាននាក់ដល់៥៨លាននាក់ ។
បច្ចុប្បន្នក្រុម G-7 នៃប្រទេសមានប្រជាជនច្រើនជាងគេ មានប្រទេសចិន១,៣៦ពាន់លាននាក់ ឥណ្ឌា ១,២៧៦ពាន់លាននាក់ សហរដ្ឋអាមេរិក ៣១៦,២លាននាក់ ឥណ្ឌូណេសីុ២៤៨,៥លាននាក់ ប្រេសីុល ១៩៥,៥លាននាក់ បា៉គីស្ថាន ១៩០,៧លាននាក់ និងនីហ្សេរីយា៉១៧៤,៩លាននាក់ ៕
ចែករំលែកព័តមាននេះ