សត្វខ្លះស្លាប់តាំងតែពីនៅក្នុងផ្ទៃម្ដាយម្ល៉េះ ខ្លះកើតមកភ្លាមស្លាប់ភ្លាមក៏មាន ខ្លះក៏ស្លាប់ក្នុងបឋមវ័យ ខ្លះស្លាប់ក្នុងវ័យកណ្ដាល និងខ្លះទៀតក៏ស្លាប់ក្នុងវ័យចាស់ បើទុកជាស្លាប់ក្នុងវ័យណាក៏ដោយ ឱ្យតែមានកំណើតគឺស្លាប់ទាល់តែអស់ឥតមានសេសសល់ម្នាក់ឡើយ នេះជារឿងពិតនៃច្បាប់ធម្មជាតិ ។
បន្ទាប់ពីសត្វស្លាប់ហើយ បើពូជនៅមាន ក៏ត្រូវតែដុះជាបន្តទៀតជាដាច់ខាត។ ពូជគឺកម្មដែលធ្វើក្នុងជាតិនេះឬក្នុងអតីតជាតិ ការដុះបន្តគឺសំដៅដល់បដិសន្ធិនៅក្នុងភពថ្មីគឺ កើតជាកំណើតថ្មីមួយទៀត បន្ទាប់ពីស្លាប់ភ្លាម ដោយអំណាចនៃកម្មដែលបានធ្វើហើយនោះឯងជាបច្ច័យ វៀរលែងតែព្រះអរហន្ត លោកលែងកើតទៀតហើយ ។
កម្មល្អ តែងឲ្យបដិសន្ធិក្នុងសុគតិភព គឺមនុស្សឬទេវតា ចំណែកខាងកម្មអាក្រក់ តែងឲ្យបដិសន្ធិក្នុងអបាយភូមិ៤គឺ នរក ប្រេត តិរច្ឆាន និងអសុរកាយ ។
រឿងជាតិមុខជាតិក្រោយសម្រាប់មនុស្សយើងម្នាក់ៗមិនមែនជារឿងលេងសើចនោះទេ កុំរៀននាំគ្នានិយាយថា ពេលស្លាប់លែងដឹងខ្លួនហើយ កើតជាអ្វីក៏ដោយឲ្យតែមានញីឈ្មោលទៅបានហើយ នេះជាពាក្យសម្តីប្រមាទហើយ ។
ចែករំលែកព័តមាននេះ