រាជធានីភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ពោល គឺត្រូវនឹងថ្ងៃទី១៣,១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៤ ។
ជាមួយគ្នានោះ ទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក នឹងត្រូវយាងចុះមកទទួលដំណែង ដើម្បីគ្រប់គ្រងឋានមនុស្សលោកជំនួសទេវតាឆ្នាំចាស់ គឺឆ្នាំថោះ ។ ដល់ចំណុចនេះ បងប្អូនប្រជាពលរដ្ឋខ្មែរប្រាកដជា ចង់ដឹងហើយថា តើគួររៀបអ្វីខ្លះ ដើម្បីទទួលទេវតាឆ្នាំថ្មី ពិសេសគ្រប់គ្នាពិតជាចង់ដឹងហើយថា តើទ្រង់នឹងសោយសាច់អ្វីជាអាហារនោះ ។
ទេវតាឆ្នាំថ្មី គឺឆ្នាំរោង ឆស័ក មានព្រះនាម មហោទរាទេវី ដែលនឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបនៃមនុស្សលោក នៅវេលាម៉ោង១០:១៧នាទីយប់ ត្រូវនឹងថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ កំណត់បានជាថ្ងៃចូលឆ្នាំថ្មី ។ ទេវតាឆ្នាំថ្មី ព្រះនាង មហោទរាទេវី ទ្រង់សោយសាច់ទ្រាយ ពោល គឺជាអម្បូរសត្វឈ្លូស ជាអាហារ ប៉ុន្តែបើគ្មានសាច់សត្វឈ្លូសទេ គឺបងប្អូន ត្រូវដាក់ជំនួសដោយសាច់គោងៀតកញ្ចប់ អមជាមួយនឹងផ្លែឈើ ៥មុខ និងផ្កា ។
គួរបញ្ជាក់ថា ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ ដោយសៀតផ្កាត្រកៀត អភរណៈនិលរតន៍ ភក្សាហារទ្រង់សាច់ទ្រាយ ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រ នៅលើខ្នងស្ដេចមយូរា (សត្វក្ងោក) ជាយានពាហនៈ ។
នៅពេលគ្រប់គ្នាបានដឹងថា ទេវតាឆ្នាំរោង ទ្រង់សោយសាច់គោងៀតកញ្ចប់ ពលរដ្ឋខ្មែរយើងមួយចំនួនលើកឡើងថា ឆ្នាំរោង សាច់គោងៀតពិតជាត្រូវប៉ាន់ហើយ ខណៈមានបងប្អូនខ្លះទៀតលើកឡើងថា ជាជាងជាវគោងៀតកញ្ចប់ ដែលមិនដឹងថា ជាគោងៀតខ្មែរ ឬគោងៀតកញ្ចប់នាំចូលពីប្រទេសជិតខាង បងប្អូនយើងនឹងរៀបចំសាច់គោងៀតដោយខ្លួនឯង ។
អ្នកនាង គន្ធា ដែលជាពលរដ្ឋខ្មែរមួយរូបនៅរាជធានីភ្នំពេញ បាននិយាយប្រាប់សារព័ត៌មានកោះសន្តិភាពថា «មែនទែនទៅ លឺតែគេនិយាយពេញផ្សារថា ទេវតាឆ្នាំរោងសោយសាច់គោងៀតកញ្ចប់ ដូច្នេះ ខ្ញុំត្រៀមប្រឡាក់សាច់គោខ្មែរយើងធ្វើជាងៀតគោ និងរៀបចំដាក់កញ្ចប់ឱ្យស្អាតបាត» ។ នៅពេលសួរថា ម្តេចមិនជាវសាច់គោងៀតកញ្ចប់ ដែលមានលក់តាមទីផ្សារស្រាប់ៗនោះ អ្នកនាងគន្ធា បញ្ជាក់ថា «បងអើយ សាច់គោខ្មែរលក់ស្រស់ៗល្អ ដូច្នេះយើងអាចទិញសាច់គោខ្មែរយើង យកសាច់ល្អៗមកប្រឡាក់គ្រឿងតាមចំណង់ចំណូលចិត្ត ព្រោះខ្ញុំមិនដឹងថា គោងៀតកញ្ចប់លក់នៅទីផ្សារជាគោខ្មែរ ឬគោនាំចូលនោះទេ» ។
ពោលដល់ចំណុចនេះ ពលរដ្ឋខ្មែរ និងបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនធំលើកឡើងថា ដើម្បីឱ្យការរៀបចំសាច់គោងៀតកញ្ចប់ទទួលទេវតា បានល្អ និងបានជាប្រយោជន៍ដល់សង្គមគ្រួសារ គួរតែគ្រួសារនីមួយៗរៀបចំប្រឡាក់សាច់គោខ្មែរ បើសិនជាមានពេលវេលាធ្វើបាន ។ ចុះបងប្អូនប្រិយមិត្តអ្នកស្តាប់ ត្រៀមទិញសាច់គោខ្មែរ មកប្រឡាក់ជាងៀតដោយខ្លួនឯង ឬចង់ជាវពីផ្សារដែលមានស្រាប់?៕
ចែករំលែកព័តមាននេះ