ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ ត្រូវប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​២០២៤​នេះ មាន​រយៈពេល​រហូត​ដល់​៤​ថ្ងៃ ដោយសារ​តែ​មានការ​គិតគូ​ជើង​លេខ​ជាក់លាក់ និង​ពាក់ព័ន្ធ​ដំណើរ​គោចរ​ជុំវិញ​របស់​ព្រះអាទិត្យ​ផង​ដែរ ។ ទីប្រឹក្សា​អម​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ លោក…

រាជធានី​ភ្នំពេញ ៖ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​២០២៤​នេះ មាន​រយៈពេល​រហូត​ដល់​៤​ថ្ងៃ ដោយសារ​តែ​មានការ​គិតគូ​ជើង​លេខ​ជាក់លាក់ និង​ពាក់ព័ន្ធ​ដំណើរ​គោចរ​ជុំវិញ​របស់​ព្រះអាទិត្យ​ផង​ដែរ ។

ទីប្រឹក្សា​អម​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ លោក ប៊ុ​ន វាស្នារ បាន​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​មាន​រយៈពេល​រហូត​ដល់​ទៅ​០៤​ថ្ងៃ​ថា គឺ​អាស្រ័យ​ដោយ​មានការ​គន់គូរ គណនា​ពី​ដំណើរ​ជើង​លេខ​ជាក់ច្បាស់ ។ ពោល គឺ​នៅ​ពេល​ដែល​ផែនដី​គោចរ​ជុំវិញ​ព្រះអាទិត្យ ដល់ទី​កន្លែង​ដើម​វិញ គឺ​វា​ស្ថិត​នៅ​ក្នុង​រាសី ១២​ពេញ​បរិបូរណ៍ មាន​ន័យ​ថា ១២​រាសី​ពេញ​បរិបូរណ៍ វា​ស្ថិត​នៅ​ដើម​ថ្ងៃ ឬ​នៅ​ចុង​ថ្ងៃ ប្រសិនបើ​រាសី​វា​គ្រប់​ពេញ​បរិបូរណ៍ នៅ​ម៉ោង​ខាង​ចុង​ថ្ងៃ វា​នាំ​ឱ្យ​សង្ក្រាន្ត​នៃ​ឆ្នាំ​នោះ​នឹង​ប្រព្រឹត្ត​ទៅ​មាន​រយៈពេល​០៤​ថ្ងៃ ។

ប៉ុន្តែ​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​៤ គឺ​បាន​តែ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ មាន​ន័យ​ថា ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​១ ដូច​ឆ្នាំ​នេះ​ដែល​សង្ក្រាន្ត​ត្រូវ​ចូល​មក​ដល់​នៅ​ម៉ោង​២០​ជាង គឺ​បាន​តែ​ជាង​៣​ម៉ោង​នឹង​ឆ្លង​ចូល​ដល់​ថ្ងៃ​ទី​២ ។ រីឯ​ថ្ងៃ​ទី​៤ វិញ​ដែល​ជា​ថ្ងៃ​ឡើងស័ក គឺ​ឡើងស័ក​នៅ​ម៉ោង​២​ដើម​ថ្ងៃ​បាន​តែ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ​នឹង​ផុត​ថ្ងៃ​ចូល​ឆ្នាំទៅ​ហើយ ។

លោក​បាន​លើក​ឡើង​ថា ក្រោយ​ពី​ព្រះអាទិត្យ​គោចរ​ដោយ​ពេញ​បរិបូរណ៍​គ្រប់ ១២ រាសី​ឈាន​ចូល​ខាង​ដើម​នៃ​មេ​សារា​សី​ដំបូង​គេ​បង្អស់​ចន្លោះ​ពី​វេលា​នេះ​រហូត​ដល់​វេលា​ឡើងស័ក គឺ​វា​មាន​ចំនួន​៥១​ម៉ោង ៥៧​នាទី និង​៣៦​វិនាទី ដោយ​ឆ្នាំ​ណា​ក៏​ដូច​ជា​ឆ្នាំ​ណា​ទាំងអស់ តែ​វា​សំខាន់ គឺ​នៅ​ត្រង់​ដំណើរ​គោចរ​នៃ​រាសី​ខាង​ដើម​ដែល​យើង​ហៅ​ថា សង្ក្រាន្ត គឺ​គ្រប់​ពេញ​បរិបូរណ៍​នៃ​រាសី​ចាស់​កាលណា គឺ​វា​បន្ត​ពី​វេលា​សង្ក្រាន្ត​ទៅ​ដល់​វេលា​ឡើងស័ក មាន​ន័យ​ថា គ្រប់​មួយ​ឆ្នាំ​របស់​សុរិយគតិ​ខ្មែរ​យើង ដែល​វា​អាច​មាន​៣៦៥​ថ្ងៃ ឬ​៣៦៦​ថ្ងៃ​ពេញ​បរិបូរណ៍​នៅ​ម៉ោង​ណា គឺ​យើង​គ្រប់​ពេញ​មួយ​ឆ្នាំ​នៃ​សុរិយគតិ​ខ្មែរ​យើង​ហើយ មិនមែន​សុរិយគតិ​នៃ​គ្រិស្តសករាជ​សព្វ​ថ្ងៃនេះ​ទេ ។

លោក​ប៊ុ​ន វាស្នារ បាន​គូសបញ្ជាក់​ថា​៖«​ដោយសារ​ដំណើរ​គោចរ​នៃ​រាសី​ចាស់​វា​ប្រព្រឹត្ត​ទៅ​នៅ​ខាង​ដើម​ថ្ងៃ ឬ​នៅ​ខាង​ចុង​ថ្ងៃ​មាន​ន័យ​ថា បើ​វេលា​សង្ក្រាន្ត​នៅ​ខាង​ដើម​ថ្ងៃ ចន្លោះ​ពី​វេលា​សង្ក្រាន្ត​ទៅ​ដល់​វេលា​ឡើងស័ក វា​មាន​រយៈពេល​តែ​មួយ​ថ្ងៃ​ទេ នៅ​ចន្លោះ​ហ្នឹង តែ​ប្រ​សិន​ណា​វា​ទៅ​ខាង​ចុង​ថ្ងៃ​វិញ គឺ​វា​អាច​មាន​៤៨​ម៉ោង ហើយ​កាលណា​វា​មាន​៤៨​ម៉ោង​ពេញ​បរិបូរណ៍​ហើយ គឺ​គេ​ហៅ​ថា វនប្បតិ​ពីរ​ហើយ តែបើ​វា​បាន​តែ​៣០​ម៉ោងជាង​មាន​ន័យ​ថា វា​អត់​បាន​ពីរ​ថ្ងៃ​ទេ គឺ​វា​មិន​អាច​មាន​វនប្បតិ​ពីរ​បាន​ទេ ។

លោក​បាន​បន្ត​ថា ៖ អ៊ីចឹង​សំខាន់ គឺ​វេលា​សង្ក្រាន្ត​ថ្ងៃ​ដំបូង​វា​ពាក់កណ្តាល​ថ្ងៃ ឬ​ក៏​ខាង​ដើម​នៃ​ថ្ងៃ​ឆ្នាំ​នោះ គឺ​វេលា​សង្ក្រាន្ត​មាន​តែ​រយៈពេល​០៣​ថ្ងៃ​ប៉ុណ្ណោះ ។ តែបើ​វា​ទៅ​ខាង​ចុង​ដូច​ឆ្នាំ​នេះ​វា​រំកិល​ទៅ​ដល់​ម៉ោង​២២​ជាង គឺ​ម៉ោង​១០​យប់​ជាង បាន​ន័យ​ថា ថ្ងៃ​ទី​១ វា​បាន​តែ​៣​ម៉ោងជាង​ទេ ហើយ​ដល់​ថ្ងៃ​ទី​៤ បាន​តែ​២​ម៉ោងជាង​ទេ ។ អ៊ីចឹង​អា​ចន្លោះ​ពីរ​ថ្ងៃ​ដែល​ស្មើ​៤៨​ម៉ោង​នោះ គឺថា​វនប្បតិ​ពីរ យើង​គិត​ថា ចូល​ឆ្នាំ​០៤​ថ្ងៃ ដោយសារ​ថ្ងៃ​ទី​១ យើង​រាប់​ថា​០១​ថ្ងៃ​ដែរ ហើយ​ថ្ងៃ​ទី​៤ ក៏​យើង​រាប់​ថា​០១​ថ្ងៃ​ដែរ ។

តែ​តាម​ការ​ពិត វេលា​ថេរ​របស់​វា គឺ​មាន​តែ​៥១​ម៉ោង ៥៧​នាទី និង​៣៦​វិនាទី​តែ​ប៉ុណ្ណោះ ទោះជា​ឆ្នាំ​ណា​ក៏​ដោយ​ក៏​វេលា​មាន​តែ​ប៉ុណ្ណឹង​ដូច​ៗ​គ្នា​ដែរ សម្រាប់​ត​ភ្ជាប់​ចេញពី​រាត្រី​ចាស់​ឱ្យ​គ្រប់​ពេញ​បរិបូរណ៍​នៃ​ឆ្នាំ​សុរិយគតិ​របស់​ខ្មែរ ។ ចំពោះ​ការ​ចូល​ឆ្នាំ​ខ្មែរ​មាន​រយៈពេល​០៤​ថ្ងៃនេះ លោក ប៊ុ​ន វាស្នារ បាន​លើក​ឡើង​ថា ប្រសិនបើ​ដល់​ពេលវេលា ដែល​វា​ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល​០៤​ថ្ងៃ​ដូច​ឆ្នាំ​នេះ ៤​ឆ្នាំ​ក្រោយ​ទើប​វា​ដល់​ម្តងទៀត ។ ពោល គឺ​យើង​ចូល​ឆ្នាំ​រយៈពេល​០៤​ថ្ងៃ​មាន​សម្រាប់​ឆ្នាំ​២០២៤ ឆ្នាំ​២០២៨ និង​ឆ្នាំ​២០៣២ ហើយ​ចន្លោះ​ចាប់ពី​ឆ្នាំ​២០៣២ ទៅ​មុខ​ជាង​១០​ឆ្នាំ​ទៀត​ទើប​មានដំណើរ​ជើង​លេខ​បែប​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ