ខេត្តកំពង់ស្ពឺ ៖ យាយម៉ៅពេជ្រនិល ស្ថិតក្នុងស្រុកភ្នំស្រួចជាឃុំមួយដែលទើបនឹងបង្កើតថ្មីមានចំនួន៥ភូមិ គឺ១-ភូមិទី6, ២-ភូមិទី3, ៣-ភូមិព្រីង, ៤-ភូមិយាយម៉ៅពេជ្រនិល៥ ភូមិវាលធំ ឃុំយាយពៅពេជ្រនិលស្រុកព្រំស្រួច ខេត្តកំពង់ស្ពឺ ។ បើយើងធ្វើដំណើរតាមផ្លូវល្បឿនលឿនមកដល់គីឡូម៉ែត្រលេខ យើងនឹងឃើញមានទីសក្ការៈមួយកន្លែងដែលពីដើមឡើយ អ្នកស្រុកនិងអ្នកដំណើរផ្សេងៗទៀត និងតាយាយហៅថា «ជ្រោះយាយម៉ៅពេជ្រនិល»។

នៅទីនោះ មានរូបសំណាកនិងរូបដែលតំណាងលោកយាយម៉ៅជាច្រើន ត្រូវបានអ្នកមានជំនឿជាវពីកន្លែងធ្វើរូបសំណាងផ្សេងៗយកទៅដាក់តាំង ដើម្បីសុំសេចក្តីសុខសប្បាយពេលធ្វើដំណើរឆ្លងកាត់ទីនោះម្តងៗ ។

ពាក់ព័ន្ធនឹងយាយម៉ៅពេជ្រនិលនេះដែរ មានរឿងដំណាលថា….យាយម៉ៅ ឬលោកយាយម៉ៅ ជាវីរៈនារីក្នុងទេវកថាពីបុរាណដ៏ពេញនិយមរបស់ប្រជាជនខ្មែរ និងគេមានជំនឿថា ជាទេវតាស័ក្តិសិទ្ធ តាមបែបព្រហ្មញ្ញសាសនាក្នុងប្រទេសកម្ពុជា ។ យាយម៉ៅ ត្រូវបានគេគោរពបូជា ធ្វើសក្ការៈនៅតាមឆ្នេរសមុទ្រ ឬច្រាំងសមុទ្រ ក៏ដូចជានៅចន្លោះផ្លូវពីក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ កំពត និងក្រុងកែប ។

នៅភ្នំបូកគោក្នុងខេត្តកំពត គេឃើញមានរូបសំណាកយាយម៉ៅ ដែលមានកំពស់ដល់ទៅ២៩ម៉ែត្រ ដែលត្រូវបានសំភោធឡើងក្នុងឆ្នាំ២០១២ ទន្ទឹមនឹងនោះ ក៏មានឃើញរូបសំណាករបស់លោកយាយនៅឆ្នេរ សមុទ្រកែប ដែលត្រូវបានហៅថា«ស្រីស្អាត» ឬ«សិលាចាំប្តី»ទាំងនោះ គឺជារឿងព្រេងនិទានរបស់ស្រី្តម្នាក់ ដែលទន្ទឹងចាំស្វាមីរបស់ខ្លួន ហើយសំឡឹងមើលទៅទិសខាងលិច ។ យាយម៉ៅត្រូវបានគេជឿថា គាត់គឺជាអ្នកការពារ ថែរក្សាអ្នកដំណើរ និងព្រានព្រៃឲ្យបានសេចក្តីសុខសប្បាយ។ អ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ តែងតែឈប់នៅមុខអាស្រមលោកយាយម៉ៅ នៅតាមបណ្តោយផ្លូវនោះ ដើម្បីធ្វើសក្ការៈបូជា ដើម្បីសុំឲ្យការធ្វើដំណើរបានសុខសប្បាយតាមផ្លូវ។

ពាក់ព័ន្ធនឹងដំណើររឿងរបស់លោកយាយម៉ៅ គេពុំទាន់មានឯកសារណាមួយជាក់លាក់ ដែលជាប្រវត្តិសាស្ត្រទេ ។ ប៉ុន្តែរឿងនេះ ត្រូវបានគេនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ ។ គេឃើញមានរឿងនិទានមួយចំនួនទាក់ទងនឹងប្រវត្តិយាយម៉ៅផងដែរ ពីដើមឡើយបានឮថា រឿងនេះបានកើតឡើងនៅមុនសម័យអាណានិគមបារាំង នាងគឺជាស្ត្រីដ៏ស្អាត ផូរផង់ បានរៀបអាពាពិពាហ៍ជាមួយនឹងមេទ័ពម្នាក់ ។ ក្រោយពេលដែលស្វាមីរបស់គាត់ធ្វើមរណកាលក្នុងសង្គ្រាម រវាងកម្ពុជា និងថៃ នាងក៏បានដឹកនាំទ័ពឡើងប្រឆាំងតបវិញ ។ នៅពេលនោះ នាងក៏បានក្លាយជាវីរៈនារីដ៏ល្បីល្បាញរបស់ជនជាតិខ្មែរ។

រឿងដំណាលខ្លះថា ស្វាមីរបស់ដូនម៉ៅ ដែលជាមេទ័ពបានចេញទៅធ្វើសង្គ្រាមតាមផ្លូវសមុទ្រ ដោយសារតែនឹកស្វាមីខ្លាំងពេក នាងក៏ទៅតាមរក ហើយក៏បានមកដួលស្លាប់នៅខេត្តកោះកុង ក្លាយជាអ្នកដូន (ឆ្មាំរក្សាសមុទ្រ)។ កាលពីសម័យមុន មានមេកន្ទ្រាញម្នាក់ ឈ្មោះជុច ត្រួតត្រាកុលសម្ព័ន្ធជនជាតិព័រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលពីមុនហៅថា ព្រៃខ្លាដំរី ។ តាជុច មានប្ញទ្ធិអំណាចខ្លាំងពូកែណាស់ ជាមនុស្សឆ្អឹងដែក ស្បែកស្ពាន់។ កាលនោះ មានយុវតី ជនជាតិព័រម្នាក់ ឈ្មោះនាងម៉ៅ មានរូបឆោមល្អល្អះ ត្រូវបានមេកន្ទ្រាញយកធ្វើជាភរិយា។

ក្រោយពេលពួកគាត់ធ្វើមរណកាលទៅ បានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើន ដោយហេតុថា ពួកគាត់គ្មានកូនបន្តពូជពង្ស ចិត្តរបស់ពួកគាត់ ក៏នៅមិនដាច់អាល័យ ក៏ចាប់ជាតិជាអ្នកតា អ្នកដូន នៅចាំយាម ថែរក្សាទឹកដីនោះ។ មេកន្ទ្រាញដែលឡើងកាន់ដំណែងក្រោយៗ ក៏នៅតែគោរពកោតខ្លាចតាជុច យាយម៉ៅ ដូចកាលនៅរស់ បានទាំងយកដុំថ្ម២ដុំធំៗ ដាក់ទន្ទឹមគ្នា ធ្វើរោងប្រក់ស្បូវត្រង់ផ្ទះតាយាយនេះ ដោយឧបកិច្ចសុំឱ្យពួកគាត់តាមថែរក្សាជនជាតិព័រ កុំឱ្យមានជំងឺតម្កាត់អ្វីឡើយ។

គ្រានោះ ដូនម៉ៅ បានចូលសណ្ឋិត ក្នុងរូបស្នងម្នាក់ ហើយប្រាប់អ្នកស្រុកថា គាត់មានភារកិច្ចតាមថែរក្សាមនុស្សលោក មិនត្រឹមតែតំបន់ភ្នំក្រវាញនេះទេ សូម្បីខេត្តផ្សេងៗ មានដូចជា ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ក្រុងកំពង់សោមជាដើម ជាពិសេស កូនចៅដែលធ្វើដំណើរតាមសមុទ្រ។

តាមរយៈស្នាដៃនិពន្ធរបស់លោកសេក សុផាត និងលោកស្តើង ធូរ កាលពីរវាងឆ្នាំ ១៨៦៦ អ្នកដូនម៉ៅនេះកាចណាស់ គឺបើអ្នកណាធ្វើដំណើរកាត់តាមផ្លូវជ្រោះភ្នំពេជ្រនិល ហើយមិនបានបង្អង់ឈប់ ដើម្បីសុំសេចក្ដីសុខសប្បាយទេ ឬប្រព្រឹត្តចោរកម្មផ្សេងៗ អ្នកដូននឹងធ្វើជាហេតុផ្សេងៗ មានជំងឺដម្កាត់ ឬមើលផ្លូវដែលត្រូវធ្វើដំណើរមិនឃើញ ដែលអាចបណ្តាលឲ្យបើកខុសផ្លូវ មានគ្រោះថ្នាក់ដល់ជីវិត ។

មួយវិញទៀត បើអ្នកណាមានគំនុំ ហើយមានប្រាថ្នានឹងព្យាបាទអ្នកដទៃ ហើយទៅធ្វើការបន់ សុំឲ្យអ្នកដូនជួយទៅបង្ក្រាបគូសត្រូវរបស់ខ្លួនដោយសន្យាថា បើបានសម្រេចដូចការបន់ នឹងថ្វាយវត្ថុណានីមួយៗ អ្នកដូន ក៏ទៅកាច់ ធ្វើតាមបំណងអ្នកដែលបន់នោះក៏មាន។

ដោយហេតុតែកាចសាហាវយ៉ាងនេះហើយ ទើបបារាំងសែស (ក្នុងសម័យអាណានិគមបារាំងរវាងឆ្នាំ ១៩០០) បានទៅបាញ់ទីសក្ការៈអ្នកដូននោះម្ដង។ តាំងពីពេលនោះមក អ្នកដូននេះ ក៏ថយអានុភាពបន្តិច។ ក្នុងរវាងឆ្នាំ១៩៤០ ជំនាន់ជប៉ុនចូលស្រុក បានកេណ្ឌប្រជាពលរដ្ឋចំណុះខែត្រកំពត ឲ្យទៅជីកលេណដ្ឋាន នៅត្រង់ថ្នល់បត់ភ្នំទ្វារកំពតនោះ។

ពលករទាំងនោះ បានទៅធ្វើបរិវេណទីសក្ការៈនោះឲ្យស្មោកគ្រោក មានបន្ទោរបង់មូត្រ លាមកជាដើម ដោយការខឹងនឹងអំពើរបស់អ្នកទាំងនោះ អ្នកដូនក៏ធ្វើឲ្យមានជំងឺស្លាប់អស់ជាច្រើននាក់។ អ្នកខ្លះមានជំងឺឈឺតាំងពីកន្លែងកាប់ដីនោះមក ស្លាប់អស់ជាច្រើននាក់។ អ្នកខ្លះបានមកដល់ផ្ទះ ទើបចាប់មានជំងឺក៏មាន ស្លាប់រង្គាលចោលប្រពន្ធ ឲ្យនៅមេម៉ាយគគោក រហូតទាល់តែបាននាមថា «មេម៉ាយជំនាន់ជប៉ុនកេណ្ឌ» ។

ដោយឃើញហេតុការណ៍ស្ដែងយ៉ាងនេះ បានធ្វើឲ្យអ្នកស្រុក ទាំងខ្មែរ ចិន យួន ចាម ជ្វា បាក់បបខ្លបខ្លាចឥតឧបមា។ ម្នាក់ៗប្រសិនបើមានការត្រូវធ្វើដំណើរទៅចំកន្លែងនោះ ដោយខានមិនបាន ក៏ត្រូវប្រុងប្រយ័ត្នឲ្យមានវត្ថុកំដរដៃ សម្រាប់ថ្វាយអ្នកដូនពុំដែលខានឡើយ ។ ដើម្បីធ្វើឲ្យការវឹកវរស្ងប់ស្ងាត់ មនុស្សទាំងឡាយ ក៏ចាប់ផ្តើមនាំយកវត្ថុផ្សេងៗ ដើម្បីធ្វើសក្ការៈបូជាយាយម៉ៅ និងកសាងទីសក្ការៈឡើងវិញ។ ក្រៅពីការបន់ស្រន់សុំសេចក្តីសុខ របស់អ្នកស្រុកនៅផ្តុំភ្នំពេជ្យនិល ពេលដែលមានភាពវឹកវរកើតឡើង មានការលួច កាប់សម្លាប់ជាដើម អ្នកទាំងនោះ តែងទៅបញ្ជាន់អ្នកដូន ដើម្បីឲ្យអ្នកដូនប្រាប់ហេតុការ ឬប្រាប់ពិធីដើម្បីដោះស្រាយផ្សេងៗ។

ក្រោយមក បន្ទាប់ពីផ្លូវល្បឿនលឿនត្រូវបានកសាងរួចរាល់ថ្មីៗនេះគេសង្កេតឃើញថានៅចំណុចសំចតគីឡូម៉ែត្រលេខ 109 និង 110 ស្ថិតក្នុងភូមិស្ទឹងសំរោងឃុំអូបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ទៅដល់ទីនោះយើងឃើញមានរោង(ស្រូប)ដែលទើបសាងសង់ហើយ(ទាំងទិសដៅភ្នំពេញព្រះសីហនុនិងម្ខាងទៀតទិសដៅព្រះសីហនុភ្នំពេញក៏មានដូចគ្នា)នោះគឺរូបសំណាកយាយម៉ៅដូចនៅជ្រោះពេជ្រនិលពីដើមដែរ។

បើតាមស្ត្រីអ្នកលក់ទៀនធូបនៅចំណុចយាយម៉ៅថ្មីនេះបាននិយាយថា ក្រោយពីមានការសំណូមពរពីអ្នកដំណើរតាមផ្លូវល្បឿនលឿនសុំឲ្យមានរោងលោកយាយនៅចំណុចសំចតនេះមកម្ចាស់ទីតាំងក៏បានសង់រោងនិងយាងលោកយាយមកគង់នៅទីនេះដើម្បីគោរពបូជាដូចនៅកន្លែងចាស់ដែរ។បច្ចុប្បន្ននេះ គាត់លក់ធូបទៀនដាច់គ្រាន់បើ បន្ទាប់ពីមានលោកយាយម៉ៅថ្មីនៅទីតាំងចំណតអាហារសម្រន់មួយនេះ ៕






ចែករំលែកព័តមាននេះ