រាជធានីភ្នំពេញ ៖ តាមគន្លងប្រពៃណីទំនៀមទម្លាប់ ពិធីចងដៃបាចផ្កាស្លា ឱ្យពរជ័យកូនកម្លោះ កូនក្រមុំ តែងបញ្ចប់ទៅដោយបន្សល់នូវអំបោះច្រើនខ្សែចងជាប់នឹងកដៃ គូស្វាមីភរិយារៀងៗខ្លួន ។ អំបោះទាំងនេះ ពេលខ្លះគេប្រើពណ៌ស តែពេលខ្លះគេនិយមប្រើពណ៌ក្រហម ។
ការប្រើពណ៌ស ឬក្រហម គឺអាស្រ័យលើជំនឿបុគ្គល ដ្បិតអ្នកមានពូជពង្សវង្សត្រកូលជាប់សែស្រឡាយចិន គេច្រើនរាប់អានពណ៌ក្រហម ព្រោះជាពណ៌មង្គលក្នុងផ្នត់គំនិតចិន ។ ផ្ទុយមកវិញ បើតាមលំអានបុរាណាចារ្យខ្មែរ ក្នុងពិធីចងដៃលោកឱ្យប្រើអំបោះពណ៌ស ជាអំបោះឆៅមិនទាន់ជ្រលក់ពណ៌ ព្រោះអំបោះនេះមានអត្ថន័យ និងខ្លឹមសារជ្រៅក្នុងអារ្យធម៌ខ្មែរ ដែលសព្វថ្ងៃជាតិសាសន៍ក្បែរខាងយើងគេនៅនិយមរាប់អានអំបោះពណ៌សនេះក្រៃលែងណាស់ ។ ប៉ុន្តែផ្ទុយទៅវិញ មានមួយភាគខ្លះក្នុងសង្គមខ្មែរប្រែជាច្រឡំថា អំបោះពណ៌សប្រើតែក្នុងពិធីបុណ្យសពប៉ុណ្ណោះ។

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានថេរដីកា ទាក់ទងនឹងពិធីកាត់ចំណងដៃ គឺថា ដើម្បី រស់នៅជាមួយគ្នាបានសុខហ្នឹង ទាល់តែរៀនកាត់អាណាដែលមិនល្អៗចេញពីចិត្ត ។ ឧទាហរណ៍ថា មួម៉ៅសៅហ្មង ប្រកាន់ ឈ្លោះ អកុសល ច្រងេងច្រងាង មាត់ក ពាក្យសម្តីអីហ្នឹងកាត់ចេញ អាហ្នឹង បានចម្រើន ។ បើគ្រួសារហ្នឹងនៅសល់អាសៅហ្មងហ្នឹងច្រើន អត់ចម្រើនទេ បុណ្យអត់មកទេ ។ មុខផ្ទះហ្នឹងសុទ្ធតែសំរាម ភ្ញៀវអត់ចូលទេ។ សំរាមហ្នឹងបានដល់ចិត្តមិនល្អសៅហ្មង ។

ជាមួយគ្នានោះដែរ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានថេរដីកា ៖ អ៊ីចឹងបើយើង ចេះធ្វើចិត្តឲ្យសប្បាយ ហើយកាយវាចាយើងឲ្យសមរម្យអ៊ីចឹងទៅណាស់ ។ មិនចាំបាច់តែ គ្រួសារថ្មីថ្មោងអីទេ ជីវិតយើងក៏អ៊ីចឹងដែរ ។ ឧទាហរណ៍ថា បើញោមញាតិណា ចេះរៀប ចំកាយវាចាចិត្តឲ្យវាល្អសិរីសួស្តី គឺ ចិត្តហ្នឹងវាស្រស់ ។ ដល់ចិត្តវាស្រស់ កាយវាចាយើងវាល្អ វាបុណ្យចូលតែម្តង ។

ទន្ទឹមនោះដែរ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកាបន្តថា បើញាតិញោម ខ្លះគាត់ បានគិតដូចថា រកមិនសូវបានហើយ ឈ្លោះប្តី ឈ្លោះប្រពន្ធទៀត ហើយមួម៉ៅទៀតចឹងទៅ ហើយ វារឹតតែអ័ព្ទអួ ហើយបើប្រៀបធៀបទៅថា ដើមឈើនឹងវាអត់សូវសម្បូរទឹក ហើយភ្លើងឆេះ ទៀត ។ បើរកមិនសូវបានហើយ មកឈ្លោះប្តីឈ្លោះប្រពន្ធ មួម៉ៅអាហ្នឹងរឹតតែអ័ព្ទអួហើយ ៕
ចែករំលែកព័តមាននេះ