ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងពីទំនៀមចូលឆ្នាំដែលអ្នកគួររៀបចំរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ

3 ខែ មុន
  • ភ្នំពេញ

ជា​ទូទៅ​ទំនៀម​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ គឺ​ប្រព្រឹត្ត​ទៅ​ចំនួន​៣​ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត ថ្ងៃ​ទី​២ ជា​ថ្ងៃ​វន​បត ថ្ងៃ​ទី​៣ ជា​ថ្ងៃ​ឡើងស័ក ។ រីឯ​ការ​កំណត់​ខែ…

ជា​ទូទៅ​ទំនៀម​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ គឺ​ប្រព្រឹត្ត​ទៅ​ចំនួន​៣​ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ​មហាសង្ក្រាន្ត ថ្ងៃ​ទី​២ ជា​ថ្ងៃ​វន​បត ថ្ងៃ​ទី​៣ ជា​ថ្ងៃ​ឡើងស័ក ។ រីឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុតកំណត់ ហើយ ទេព្តា​ឆ្នាំ​ថ្មី ត្រូវ​ចុះ​មក​ទទួល​តំណែង​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​ដោយ​ប្រើ​ក្បួន​ហោរាសាស្ត្រ​បុរាណ គឺ​ក្បួន​ម​ហា​សង្ក្រាន្ត​ ។

រូបតំំណាង

យ៉ាងណាមិញ បើ​យោង​តាម​ប្រតិទិន​ឈប់​សម្រាក​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​១៦ ខែមេសា ឆ្នាំ​២០២៤ ដែល​មាន​៤​ថ្ងៃ ចាប់ពី​ថ្ងៃអាទិត្យ​ដល់​ថ្ងៃ​អង្គា​រ៍ ។ ដូច្នេះ មាន​ន័យ​ថា ឆ្នាំ​២០២៤​នេះ គឺ​ពិធី​ចូល​ឆ្នាំ​ខ្មែរ គឺ​មាន​រយៈពេល ៤ ថ្ងៃ ។ តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ?

យោង​តាម​ព័ត៌មាន​ពី​គេហទំព័រ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យ​ដឹង​ថា ចាប់ពី​សម័យ​ក្រុង​នគរធំ​មក ប្រទេស​ខ្មែរ​ប្រើ​វិធី​គិត​រាប់​ថ្ងៃខែ​ឆ្នាំ​តាម​ក្បួន ចន្ទគតិ (lunar calendar) (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​ខ្មែរ​កំណត់​យក​ខែ មិគសិរ ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែ​ក​ក្តិក ជា​ខែ​ទី ១២ ។ សម័យ​ក្រោយមក ប្រទេស​ខ្មែរ​ប្តូរ​ទៅ​ប្រើ​វិធី​គិត​រាប់​ថ្ងៃខែ​ឆ្នាំ​តាម​ក្បួន សុរិយគតិ (solar calendar) (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី​៥) ព្រោះ​ក្នុង​ខែ​នេះ ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញពី​មីនរាសី ចូល​កាន់​មេសរាសី ។ ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀង​រាល់​ឆ្នាំ ប៉ុន្តែ​យូរ​ៗ​ទៅ​មាន​ភ្លាត់​ម្តង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ក៏​មាន​ខ្លះ​ដែរ ។

ម​ហា​សង្ក្រាន្ត​ ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយគតិ មានឈ្មោះ​ថា «​សាមញ្ញ​ស​សង្ក្រាន្ត​ត​» (​ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើ​ក្បាល​ជា សង្ក្រាន្ត​ត​) ។ មហាសង្ក្រាន្ត​ត ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ​ហៅ​ថា «​អា​យន្ត​សង្ក្រាន្ត​​» (​ពេល​ដែល​ព្រះអាទិត្យ ដើរ​ប​ញ្ឈៀ​ង មិន​ត្រង់​ពីលើ​) ។ គេ​នៅ​ប្រើ​ចន្ទគតិ ដោយ​យោង​ទៅ​សុរិយគតិ ព្រោះ​ចន្ទគតិ មាន​ទំនាក់ទំនង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ច្រើន ។ ចំណែកឯ​ថ្ងៃ​ចូល​ឆ្នាំ​តាម​ចន្ទគតិ មិន​ទៀងទាត់ ជួនកាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ក្នុង​វេលា​រនោច ។ ប៉ុន្តែ នៅ​ក្នុង​រវាង ១​ខែ គឺ​មិន​មុន​ថ្ងៃ​៤​កើត ខែចេត្រ និង​មិន​ហួស​ថ្ងៃ ៤ កើត ខែ​ពិសាខ​ទេ ។ ដូចនេះ សង្ក្រាន្ត​ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ ។

ចំពោះ​ពិធី​ផ្សេង​ៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​តទៅ ៖ ពេល​មុន​ចូល​ឆ្នាំ គេ​នាំ​គ្នា​ប្រុងប្រៀប​រក​ស្បៀងអាហារ​, សំអាតផ្ទះ​សម្បែង​, រែក​ទឹក​ដាក់​ពាង​, រក​អុស​ទុក​, និង​កាត់​សំលៀក​បំពាក់​ថ្មី​ៗ​ជាដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​គេ​រៀប​គ្រឿង​សក្ការៈបូជា​សម្រាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយសី​១​គូ​, ស្លាធម៌​១​គូ​, ធូប​៥, ទៀន​៥, ទឹកអប់​១​គូ​, ផ្កា​ភ្ញី​, លាជ​, ទឹក ១​ផ្តិល និង​ភេសជ្ជៈ​, នំនែក​, ផ្លែ​ឈើ​គ្រប់មុខ ។

ចំណែក​ផ្ទះសម្បែង គេ​តុបតែង​រំលេច​ដោយ​អំ​ពូ​ល អគ្គិសនី​ខ្សែ​តូច​ៗ ចម្រុះ​ពណ៌ ឬ​ចង្កៀងគោម គ្រប់​ពណ៌ សម្រាប់​ទទួល​ទេព្តា​ថ្មី ។ លុះដល់​វេលា​កំណត់ ទេព្តា​ថ្មី​យាង​មក គេ​នាំ​កូនចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន​ធូប​បាញ់​ទឹកអប់ បន់ស្រន់ សុំ​សេចក្តីសុខ​ចម្រើន គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ និង​ក្រយា​ស្ងើ​យ​ដាក់​ថ្វាយ​ទេ​ព្តោ​នាះ គេ​និយម​តម្រូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ចុះ​ក្នុង​ឆ្នាំ​នីមួយ​ៗ ។ ឧទាហរណ៍ ៖ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រីឯ​ពិធី ៣ ថ្ងៃ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖ ថ្ងៃ​ទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង វាលុកចេតិយ នៅ​ជុំវិញ​ព្រះ​វិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណាមួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង សំដែង​ធម្មទេសនា ។

រូបតំំណាង

ថ្ងៃ​ទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំចំណី លុយកាក់ ដល់​អ្នក​មានគុណ មាន​ឪពុក​ម្តាយ ជីដូន​ជីតា​ជាដើម ។ ជួនកាល​គេ​ធ្វើ​ទាន​ដល់​មនុស្ស​បម្រើ ឬ​អ្នក​ក្រីក្រ​ទៀត​ផង ។ ពេល​រសៀល គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡា​ម​នី​ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន ដែល​បាន​ស្លា.ប់​ទៅ ។

រូបតំំណាង

ថ្ងៃ​ទី ៣ ៖ ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច និមន្ត​ព្រះសង្ឃ​ស្រង់ទឹក និង​ស្រង់​ព្រះ​ពុទ្ធរូប (​តាម​ការ​និយម​នៃ​ស្រុក​ខ្លះ​) ។ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះអង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង​ជាដើម និង មាន​របាំ​ត្រុដិ (​ច្រើន​មាននៅ​ខេត្តបាត់ដំបង សៀមរាប​) ជា​ពិសេស​ទៀត​គឺ​រាំវង់ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ ។ អ្នកខ្លះ​និយម​នាំ​គ្នា​ដើរ​កម្សាន្ដ​បន្ត អ្នកខ្លះ​និយម​ធ្វើបុណ្យ​ទាន​តាម​វត្ត​អារាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ