ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា បុរសម្នាក់ត្រូវអ្នកភូមិប្រទះឃើញដេកស្លាប់នៅមាត់ទឹកស្រះមួយកន្លែង ដែលមានស្នាមរបួស និងមានខ្សែរុំជាប់.កផង កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៥ មីនា ដែលស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង តែសមត្ថកិច្ចមិនទាន់អាចធ្វើការសន្និដ្ឋានថា ជាករណីបែបណានៅឡើយទេ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សាកសពបុរសនោះឈ្មោះ សំ ម៉ៅ អាយុ៤៩ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ។ គេមិនទាន់ដឹងអំពីពេលវេលានៃការកើតហេតុទេ ហើយក៏មិនដឹងពីមូលហេតុនៃការស្លាប់ដែរ តែអ្នកភូមិបានប្រទះឃើញសាកសពនេះរួច ក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ។ បើតាមការពិនិត្យជាក់ស្ដែង ជនរងគ្រោះបានដេកផ្ងារស្លាប់ទាំងសម្លៀកបំពាក់នៅមាត់ទឹកក្នុងស្រះ ។
យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានស្នាមរបួសលើនិងក្រោមត្របកភ្នែកទាំងសងខាង, របួសក្បែរត្រចៀក និងមានក្រណាត់ជាប់.កទៀតផង តែមន្ត្រីជំនាញមិនធ្វើការសន្និដ្ឋានបែបណានៅឡើយទេ ពីព្រោះពេលនេះ កំពុងសាកសួរក្រុមគ្រួសារ និងសាក្សីខ្លះៗផង ។
បើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងខ្លះៗថា ជនរងគ្រោះមានមុខរបរលក់សាច់ពិសេស តាមម៉ូតូ
(សាច់ឆ្កែ) ហើយគាត់ក៏ជាអ្នកស្រវឹងញឹកញាប់ដែរ ជាមួយនឹងមុខរបរនេះ ។ ប៉ុន្តែ មុនគេប្រទះឃើញសាកសពគាត់ប្រមាណ២ថ្ងៃ បុរសនេះ មានជម្លោះក្នុងគ្រួសារ ។ ទោះយ៉ាងណា មន្ត្រីជំនាញកំពុងស៊ើបអង្កេតលើករណីនេះហើយ ៕
ចែករំលែកព័តមាននេះ