ក្មេង​ស្រី​តូច​ម្នាក់​ត្រូវ​សត្វ​កណ្តុរ​ខាំ ម្តាយ​ភ័យ​ខ្លាំង​ក៏​សម្រេច​ចិត្តរក​សប្បុរស​ជួយ


ខេត្តស្វាយរៀង ៖ ក្មេង​ស្រី​ម្នាក់​អាយុ​៧​ឆ្នាំ ត្រូវ​សត្វ​កណ្តុរ​ខាំ​ដាច់​មេដៃ​ខាងឆ្វេង របួសធ្ងន់​ព្រួយបារម្ភ​ខ្លាច​ស្លាប់​ដូច​សត្វ​ឆ្មា​ខាំ​បាន​អំពាវនាវ​រក​សប្បុរសជន​ផ្តល់​ក្តី​មេត្តា​ជួយ​ជា​សោហ៊ុយ ដើម្បី​ទៅ​រាជធានី​ភ្នំពេញ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺឆ្កួត ។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​១៤ មីនា ២០១៩ នៅ​ភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

កុមារី​រង​គ្រោះ​រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់ ហើយ​មាន​ជីវភាព​ទីទាល់​ក្រ​គ្មាន​លទ្ធភាព​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង នៅ​រាជធានី​ភ្នំពេញ​បាន​ដ​ង្ហើ​យ​រក​សប្បុរសជន​ឱ្យ​ជួយ​ខណៈ​កូនស្រី​ពៅ​បាន​រង​របួស​មេដៃ​ឆ្វេង ដោយសារ​តែ​សត្វ​កណ្តុរ​ខាំ ហើយ​កំពុង​មាន​ជម្ងឺ​ក្តៅខ្លួន​ខក​ខានមិនបាន​ទៅ​រៀន​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ មាស ផល្លា អាយុ​៤២​ឆ្នាំ សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​សួន​ថ្មី សង្កាត់​ព្រៃ​ឆ្លាក់​បានឱ្យ​ដឹង​ថា កូនស្រី​របស់​គាត់​ដែល​ត្រូវ​សត្វ​កណ្តុរ​ខាំ​រង​របួស​នោះ ឈ្មោះ សៅ ស៊ី​ណាត មាន​អាយុ​៧​ឆ្នាំ សព្វថ្ងៃ​រៀន​នៅ​ថ្នាក់​ទី​១ នៃ​សាលា​បឋម​សិក្សា​២​ធ្នូ ។

ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៩​នេះ រូប​គាត់​ទាំង​៤​នាក់​ម្តាយ​នឹង​កូន​បាន​គេង​ក្នុង​មុង​ជាមួយ​គ្នា តែ​ចៃដន្យ​កូនស្រី​រង​គ្រោះ​បាន​ដាក់​ដៃ​ចេញ​ក្រៅ​មុង ហើយ​ក៏​ត្រូវ​សត្វ​កណ្តុរ​ខាំ​ចំ​មេដៃ​ខាងឆ្វេង​តែ​ម្តង បណ្តាល​ឱ្យ​រង​របួស​ហើយ​ក្រោយ​ពី​ត្រូវ​សត្វ​កណ្តុរ​ខាំ​បាន​មួយ​យប់​កូន​របស់​គាត់​ក៏​កើត​មាន​អាកា​រៈ​ក្តៅខ្លួន រួច​រូប​គាត់​ក៏​បាន​នាំ​កូន​ទៅ​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​ខេត្ត បាន​រយៈពេល​៣​ថ្ងៃ​ក៏​សុំ​គ្រូពេទ្យ​ត្រឡប់​មក​ផ្ទះ​វិញ ដោយសារ​ពេទ្យ​ពុំ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ប្រភេទ​សត្វ​ខាំ​ខាងលើ​នោះ​ទេ ម្យ៉ាង​សង្ស័យ​ថា​ក្រែង​សត្វ​ឆ្មា​ខាំ​គួរ​ទៅ​រាជធានី​ភ្នំពេញ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​ឆ្មា​ឆ្កួត ។

ស្ត្រី​ដដែល​បាន​បន្ត​ថា នៅ​ពេល​ដែល​កូន​គាត់​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​នោះ​គ្រូពេទ្យ​បានឱ្យ​រូប​គាត់​នាំ​កូន​ទៅ​ភ្នំពេញ ដើម្បី​ព្យា​ល​បាល​ទៅ​ពីព្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​គ្មាន​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ចាក់​ឱ្យ​ទេ ។ ដោយសារ​រូប​គាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ដើរ​ស៊ីឈ្នួល​លាងចាន​ឆ្នាំង​ឱ្យ​គេ ហើយ​កូន​តូច​ៗ​នៅ​ក្នុង​បន្ទុក​រហូត​ដល់​ទៅ​៣​នាក់​ផង ជីវភាព​ទីទាល់​ក្រ​រកតែ​អង្ករ​ច្រក​ឆ្នាំង​ស្ទើរ​មិន​បាន​ផង គាត់​ក៏​សម្រេចចិត្ត​យក​កូន​មក​ផ្ទះ​ដេក​មើល​តាម​យថាកម្ម​តែ​ម្តង​ទៅ ។

បច្ចុប្បន្ន​រូប​គាត់​មាន​តែ​លើក​ម្រាមដៃ​១០​ប្រណម​សុំ​ដល់​សប្បុរសជន​ដែល​មានចិត្ត​ធម៌​ផ្តល់​ក្តី​មេត្តា​ជួយ​ជា​ថវិកា​ធ្វើ​សោហ៊ុយ និង​ថ្លៃ​ចាក់​វ៉ាក់សាំង​ឲ្យ​កូនស្រី​ពៅ​របស់​គាត់​ផុត​ពី​គ្រោះកាច​នេះ​ផង ។​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ​លោកគ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ពិតជា​បាន​ចូល​មក​សម្រាក​ព្យាបាល​មុខរបួស​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩ ប្រាកដ​មែន ហើយ​ក៏​បាន​សុំ​ចេញ​ទៅ​វិញ​ផង​ដែរ ក្រោយ​ពេល​ដែល​គ្រូពេទ្យ​បាន​លាងមុខ​របួស និង​ចាក់​ថ្នាំ​ផ្សះ រួម​និង​ថ្នាំ​បញ្ចុះ​កំ​ដៅ​រួច ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មន្ទីរពេទ្យ​ខេត្ត​មិន​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​សត្វ​កណ្តុរ ឬ​សត្វ​ឆ្មា​ខាំ​នោះ​ទេ មាន​តែ​នៅ​ភ្នំពេញ​ទើប​មាន​ដូច្នេះ​ត្រូវ​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​ភ្នំពេញ​ទើបបាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ