ខេត្តកំពង់ឆ្នាំង ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ថ្ងៃនេះយើងប្រារព្ធពិធីដាំដើមឈើ ក្រោមប្រធានបទ «ទេសចរណ៍ម្នាក់ ដើមឈើ១ដើម» គឺក្នុងគោលបំណងបំណងអបអរសារទរ ពិធីបុណ្យទន្លេលើកទី៥ ដែលមានប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ សន្តិភាព ប្រជាជន និង ទេសចរណ៍» ។ លោកបានមានប្រសាសន៍បែននេះក្នុងពិធីដាំដើមឈើគ្រប់ប្រភេទចំនួន៣០៤ដើម នៅក្នុងសួនសម្តេចចៅហ្វាវាំង គង់សំអុល ជិតមជ្ឈមណ្ឌលហ្វឹកហ្វឺន ស៊ីម៉ាក ស្ថិតក្នុង ភូមិធម្មយុត្តិ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោកបណ្ឌិត ថោងខុន បានមានប្រសាសន៍បន្តថា យើងធ្វើពិធីដាំដើមឈើ ក្នុងថ្ងៃនេះ គឺចង់បង្ហាញអោយប្រជាពលរដ្ឋ បានយល់ដឹងពីតម្លៃនៃដើមឈើ ដែលមានសារៈសំខាន់ ក្នុងការការពារបរិដ្ឋាន ការពារស្រទាប់អូរហ្សូន , ជីវចម្រុះរស់នៅពឹងផ្អែកទាំងស្រុងទៅលើព្រៃឈើ។ ព្រៃឈើ ក្រៅពីផ្ដល់ជាជម្រកដ៏ប្រសើរសម្រាប់សត្វគ្រប់ប្រភេទ វាក៏នៅបានផ្ដល់នូវឧស្ម័នអុកស៊ីហ្សែន ជួយឱ្យបរិយាកាស ល្អប្រសើរ បង្កឱ្យមានភ្លៀងធ្លាក់ទៀងទាត់ ស្រូបយកឧស្ម័នកាបូនិច ដែលជាជាតិពុលក្នុងស្រទាប់ខ្យល់ ហើយបញ្ចេញមកវិញនូវឧស្ម័ន អុកស៊ីសែន(នាពេលថ្ងៃ) ដែលមនុស្សសត្វត្រូវការដកដង្ហើមដើម្បីរស់។

ព្រៃឈើបានស្រូបយកកំដៅព្រះអាទិត្យ ធ្វើឱ្យកម្ដៅកាត់បន្ថយ ជួយទប់ស្កាត់ការហូរច្រោះដី និងរក្សានិរន្ដរ ភាពទឹកក្រោមដី ជាដើម។ មនុស្ស និងព្រៃឈើមានទំនាក់ទំនងគ្នាជាប្រព័ន្ធមិនអាចខ្វះបាន ឬអាចថា៖ព្រៃឈើគឺជាផ្នែកមួយនៃជីវិតមនុស្ស។ មនុស្សអាចទាញយកផលប្រយោជន៍ពីព្រៃធម្មជាតិ ប៉ុន្ដែមិនមែនមានន័យថាទាញយកផលប្រយោជន៍រហូតបាត់បង់ទាំងព្រៃ បាត់បង់ទាំងប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនោះទេ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តថា ព្រៃឈើក៏ជាផ្នែកមួយបំរើអោយវិស័យទេសចរណ៍ផងដែរ ។ ការដាំដើមឈើក្នុងថ្ងៃនេះ ចង់អោយបងប្អូនកាន់តែយល់អំពីព្រៃឈើ និងសូមរួមចំណែកជួយការពារព្រៃឈើអោយបានគង់វង្ស ។ ម្យ៉ាងវិញទៀត គូស្វាមីភរិយាទើបរៀបការចំនួន១០គូ ដែលបានចូលរួមដាំដើមឈើ ក្នុងនោះគូស្វាមីភរិយាមួយគូ ដាំដើមឈើ១ដើមក្នុងថ្ងៃនេះត្រូវថែរក្សារហូតដល់ពេលមានកូន ចៅ នាំពួកគេមកមើលហើយថា ដើមឈើនេះគឺពុកម៉ែជាអ្នកដាំពេលរៀបការ និងពន្យល់អោយពួកគេចេះស្រឡាញ់ដើមឈើដូចយើងដែរ។

ក្នុងឱកាសនោះដែរ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា សួនដែលកំពុងសាងសង់ថ្មីនេះ គឺបានប្រមាណ ៧០%ហើយ ដោយដាក់ឈ្មោះ «សួនសម្តេចចៅហ្វាវាំង គង់ សំអុល» ។

សួននេះអាចនឹងរូចរាល់ នៅរយៈពេលប្រមាណជាង១ខែទៀត ។ ថ្ងៃនេះខណ្ឌ័រដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានយកដើមឈើតូចធំគ្រប់ប្រភេទ ក្នុងនោះមានប្រភេទ ធ្នង់ ត្របែកព្រៃ សំរោង ក្ងោក គ្រញូង និងដើមត្នោតជាដើម សរុបចំនួន៣០៤ដើម បានយកមកដាំដើម្បីលំអរសួនផង ក៏ដូចជាធ្វើអោយមានសោភ័ណ្ឌភាពក្នុងក្រុងកំពង់ឆ្នាំងផង ៕





ចែករំលែកព័តមាននេះ