ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ច្រើន​រូប​រិះគន់​កីឡាករ​ល្បី​ៗ និង​ម្ចាស់​ខ្សែក្រវាត់ត្រង់ ​«​អឿ​ពេក​» !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​កន្លង​មកគេ​ធ្លាប់តែ​ឮ​ពី​ការ​ត្អូញត្អែរ​របស់​កីឡាករ​នៅ​ក្នុង​ពិភព​ប្រដាល់​​ជុំវិញ​ការ​ទទួល​បាន ប្រាក់​តម្លៃ​ខ្លួន​ទាប​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់ដៃ និង​បន្ត​ការ​ប្រកួត​​មិន​បាន​យូរ ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ​បែរជា​មានការ​រិះគន់​ទៅ​លើ​កីឡាករ​ល្បី​រឿង​កើតរោគ​បូស​​ក្លៀក ​និង​ពើងទ្រូង និង​ថាបើ​ទោះជា​ត្រូវ​ដំឡើង​តម្លៃ​ខ្លួន​ឱ្យ​ប៉ុន្មាន​ក៏​មិន​ស្កប់​ ។ លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​កន្លង​មកគេ​ធ្លាប់តែ​ឮ​ពី​ការ​ត្អូញត្អែរ​របស់​កីឡាករ​នៅ​ក្នុង​ពិភព​ប្រដាល់​​ជុំវិញ​ការ​ទទួល​បាន ប្រាក់​តម្លៃ​ខ្លួន​ទាប​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់ដៃ និង​បន្ត​ការ​ប្រកួត​​មិន​បាន​យូរ ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ​បែរជា​មានការ​រិះគន់​ទៅ​លើ​កីឡាករ​ល្បី​រឿង​កើតរោគ​បូស​​ក្លៀក ​និង​ពើងទ្រូង និង​ថាបើ​ទោះជា​ត្រូវ​ដំឡើង​តម្លៃ​ខ្លួន​ឱ្យ​ប៉ុន្មាន​ក៏​មិន​ស្កប់​ ។

លោក នាង សុី​វុ​ត្ថា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ប៉ុស្ដិ៍​បាយ័ន​បាន​អះអាង​ថា ករណី​តម្លៃ​ខ្លួន​កីឡាករ​នា​ពេល​បច្ចុប្បន្ន​មិនមែន​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​កីឡាករ​មួយ​ចំនួន​លែង​ចង់​តស៊ូ​ក្នុង​ការ​ប្រដាល់​នោះ​ទេ ប៉ុន្តែ​បញ្ហា​ដែល​បាន​កើតឡើង​គឺ​ដោយសារ​តែ​កីឡាករ​ភាគច្រើន​ចាប់ផ្ដើម​កើត​ជំងឺ​បូស​ក្លៀក​និង​ពើងទ្រូង ហើយ​យល់​ថា​តម្លៃ​ប៉ុណ្ណេះ​ក៏​មិន​ស្កប់ តម្លៃ​ប៉ុណ្ណោះ​ក៏​មិន​ស្កល់​ប៉ុណ្ណោះ ។

លោក​ថា កាលពី​គូ​ឯក​តម្លៃ​ត្រឹមតែ​២០​មុឺ​ន ឬ​៣០​មុឺ​ន​រៀល​ប៉ុណ្ណោះ កីឡាករ​មួយ​ចំនួន​នៅ​តែ​អាច​ប្រកួត​បាន ហើយ​ធ្វើ​ឱ្យ​ខ្លួន​ល្បីឈ្មោះ​ទៅ​បាន​ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ តម្លៃ​ខ្លួន​កីឡាករ​ខ្លះ ឡើង​ដល់​មួយ​ប្រកួត​១​ពាន់​ដុល្លារ ក៏​កីឡាករ​ល្បី​ៗ​ទាំងនោះ​គិត​ថា​មិន​ទាន់​សម ។

លោក​ថា កីឡាករ​បើ​មិន​ទាន់​លើក​ឱ្យ​ល្បី​គឺ​មិនសូវ​កើត​មាន​បញ្ហា​សតិអារម្មណ៍​ណាមួយ​នោះ​ទេ ប៉ុន្តែ​បើ​ចាប់ផ្ដើម​បាន​ខ្សែក្រវាត់ ឬ​ចាប់ផ្ដើម​ល្បីឈ្មោះ​គឺ​ប្រាកដជា​កើត​ជំងឺ​រិះគន់​ថា តម្លៃ​ខ្លួន​លែង​សមរម្យ​ហើយ ។

លោក​ថា កីឡាករ​ខ្មែរ​ច្រើន​ណាស់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​នៅ​លើ​សង្វៀន​អន្តរជាតិ នៅ​ពេល​ដឹង​ថា កីឡាករ​បរទេស​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ពី​១០០​ទៅ​២០០​ដុល្លារ ដោយ​មិន​បានដឹង​ថា​កីឡាករ​បរទេស​គេ​ត្រូវ​បូក​តម្លៃ​ធ្វើ​ដំណើរ និង​តម្លៃ​ស្នាក់​នៅ​ទាល់តែ​សោះ ។

លោក​ថា បញ្ហា​តម្លៃ​ខ្លួន​នា​ពេល​ចុង​ក្រោយ​មិន​ថា​ប៉ុស្តិ៍​បាយ័ន ឬ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សេង​នោះ គឺ​សុទ្ធតែ​ដំឡើង​ឱ្យ​សម​ស្រប​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​ខ្លាំង ប៉ុន្តែ​លោក​ថា​មិន​ដែល​កីឡាករ​ខ្លាំង​ៗ​ទាំងនោះ​សរសើរ​ថា តម្លៃ​ខ្លួន​ដែល​បាន​ផ្ដល់​ជូន គឺ​អាច​ទទួលយក​បាន​នោះ​ទេ ។ លោក​កាន់តែ​សម្ដែង​អារម្មណ៍​ខកចិត្ត​ក្នុង​ពេល​លោក​ជា​អ្នក​រួមចំណែក​លើក​ស្ទួយ​កីឡាករ​ប្រដាល់​ច្រើន​រូប​ដែរ ប៉ុន្តែ​មិន​ដែល​សូវ​ឃើញ​កីឡាករ​ណា​ម្នាក់​លើក​សរសើរ​នោះ​ទេ គឺ​ឮ​តែ​ថា​កីឡាករ​ប្រដាល់​ស្រុក​ខ្មែរ​មិន​អាច​មានបាន ហើយ​ត្រៀមខ្លួន​ដើរ​ចេញ​។

លោក តែម មុឺ​ន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជាបាន​អះអាង​ថា សម្រាប់​តម្លៃ​ខ្លួន​កីឡាករ​ល្បី​ៗ គួរ​ណាស់​តែ​ធ្វើ​ឱ្យ​កីឡាករ​ទាំងនោះ​សប្បាយចិត្ត​ហើយ​កក់ក្ដៅ​នៅ​ក្នុង​អាជីព​ប្រដាល់ ប៉ុន្តែ​លោក​ក៏​បាន​យល់​ស្រប​នឹង​អ្នក​រៀបចំ​ការ​ប្រកួត​ទាំង​បី​រូប​ខាងលើ​ថា កីឡាករ​ល្បីឈ្មោះ​ភាគច្រើន​កើត​ជំងឺ​បូស​ក្លៀក និង​មើល​ស្រាល​ស្ថានការណ៍​ទើប​ធ្វើ​ឱ្យ​កីឡាករ​ទាំងនោះ​ធ្លាក់​កូដ ។

លោក​បន្ត​ថា កីឡាករ​មួយ​ចំនួន​ឡើង​ប្រកួត​ម្ដង​បាន​១​ពាន់​ដុល្លារ និង​ខ្លះ​អាច​លើស​ហ្នឹង ដែល​តម្លៃ​ខ្លួន​នេះ​គួរតែ​ជួយ​ឱ្យ​ស្ថានភាព​ជីវភាព​របស់​កីឡាករ​ល្អ​ប្រសើរ មិនអាច​តម្លៃ​ប៉ុន​ហ្នឹង​ទៅ​ហើយ​នៅ​តែ​ស្រែ​កថា​ ជា​មូលហេតុ​នាំ​ឱ្យ​ពួក​គេ​ធ្លាក់ដៃ​ឡើយ ។

លោក​មាន​ច​ម្ង​ល់​មួយ​ថា កាល​កីឡាករ​មិន​ទាន់​ល្បីតម្លៃ​ខ្លួន​តែ​៣០-៤០​មុឺ​ន​រៀល ម្នាក់​ៗ​ប្រឹង​វ៉ៃ​ងាប់​ចោល​រហូត​ក្លាយជា​កីឡាករ​ល្បីឈ្មោះ បែរជា​ដល់​ពេល​ល្បីឈ្មោះ​តម្លៃ​ខ្លួន​កើនឡើង ក៏​ស្រាប់តែ​ថា​ប្រកួត​លែង​កើត រស់​ក្នុង​អាជីព​ប្រដាល់​លែង​កើត​ទៅ​វិញ ។

ជាក់ស្ដែង​កីឡាករ​ច្រើន​នាក់​ណាស់​ឱ្យ​តែ​មាន​ខ្សែក្រវាត់ គឺ​ដឹង​តែ​ខ្លាំង​មិន​បាន​យូរ​ឡើយ គឺ​រមែង​ក្លាយជា​កីឡាករ​ធ្លាក់ដៃ ដោយសារ​តែ​យល់​ថា​ពួក​គេ​ខ្លាំង​ហើយ​មិនបាច់​ប្រឹង​ហាត់​ក៏​វាយ​ឈ្នះ​ដែរ និង​ខ្លះ​ងឿក​ទារ​តម្លៃលើស​កម្រិត តែ​ដល់​ពេល​ស្ថាប័ន​ខ្លះ​លែង​ហ៊ាន​ផ្គូផ្គង​ឱ្យ​ប្រកួត តាំង​ចាប់ផ្ដើម​រិះគន់​ថា​សហព័ន្ធ ឬ​គណៈកម្មការ​ប្រដាល់​មិន​ជួយ​លើក​ស្ទួយ ។ លោក​ទទូច​កុំឱ្យ​កីឡាករ​ល្បី​ៗ​មើល​ស្រាល​គូប្រកួត និង​កុំឱ្យ​កើត​ជំងឺ​បូស​ក្លៀក ដោយសារ​តែ​ភាព​ជាក់ស្ដែង តម្លៃ​ខ្លួន​ដែល​បាន​ផ្ដល់​ឱ្យ​រាល់ថ្ងៃ គឺ​ល្អ​ច្រើន​ហើយ​។

លោក​ថា តម្លៃ​ខ្លួន​ឡើង​រេញ តែ​គេ​អាច​ទៅ​រួច​ក្នុង​តម្លៃ​ណាមួយ គឺ​គេ​ឱ្យ​តម្លៃ​នោះ​តាម​ការ​ទាមទារ​ហើយ ដូច្នេះ​គួរតែ​យោគយល់​ខ្លះ ដោយ​សង្វៀន​ខ្លះ​ដែល​ជួយ​បាន​ថ្លៃ​ក៏​ទារ​យក​ទៅ តែបើ​សង្វៀន​ណា​មិន​អាច​ផ្ដល់​ដល់​តម្លៃ​ទាមទារ​គួរតែ​បន្ធូរបន្ថយ​ខ្លះ ដើម្បី​ឱ្យ​សំបូរ​ទីផ្សារ​ហើយ​មិន​ភ័យ​រឿង​អត់​ការ​ប្រកួត​ក្លាយជា​កីឡាករ​ស្ទក់​សរសៃ ។

លោក​ថា កីឡាករ​ទោះ​ខ្លាំង​ប៉ុនណា​ក៏​នឹង​ក្លាយជា​កីឡាករ​ធ្លាក់ដៃ​ដោយ​ជៀស​មិន​ផុត​ដែរ ជា​ពិសេស​កីឡាករ​មិនសូវ​មាន​គូ​វ៉ៃ និង​កីឡាករ​ដែល​កើត​បូស​ក្លៀក​រឿង​មើល​ស្រាល​គូប្រកួត ហើយ​អត់​ប្រឹង​ហ្វឹកហាត់ ព្រោះ​អាង​ថា​ខ្លួន​ល្បី​ខ្លួន​ខ្លាំង គឺ​មិន​ពិបាក​ឈ្នះ ។ លោក ថា​បញ្ហា​ធ្លាក់ដៃ គឺជា​ការ​ខ្វះ​ការ​ទទួលខុសត្រូវ​ខ្លួនឯង ដោយ​គួរ​ឈប់​បន្ទោស​លើ​បញ្ហា​តម្លៃ​ខ្លួន​ដូចដែល​បាន​លើក​កន្លង​មក​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ