ខេត្តក្រចេះ ៖ បុរសជាអ្នកបើករថយន្តដឹកដំឡូងមីម្នាក់បានស្លាប់ក្នុងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងកាប៊ីនរថយន្ត បន្ទាប់ពីជនរងគ្រោះបានបើករថយន្តធុនធំដឹកដំឡូងនេះ ជួបហេតុការណ៍ក្រឡាប់រហូតឆេះ ។ នគរបាលស្រុកចិត្របុរីបាននិយាយថា ជនរងគ្រោះដែលស្លាប់ក្នុងកាប៊ីនរថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយនគរបាលកំពុងតែស្រាវជ្រាវរកសាច់ញាតិផងដែរ ។
នគរបាលជំនាញចរាចរបានសន្និដ្ឋានថា មូលហេតុដែលបង្កឱ្យរថយន្តដឹកដំឡូងមីក្រឡាប់រហូតឆេះ ទំនងមកពីអ្នកបើកគាត់ងងុយដេកខ្លាំង ទើបរេចង្កូតធ្លាក់ចូលស្នាមភ្លោះផ្លូវជាតិក្រឡាប់ រហូតកើតទៅជាអគ្គិភ័យឆាបឆេះបែបនេះ ។
អ្នកឃើញហេតុការណ៍បាននិយាយដែរថា រថយន្តមួយគ្រឿងនេះ ជារថយន្តធុនធំ មានដឹកដំឡូងពេញប្រៀប និងរេចង្កូតធ្លាក់ផ្លូវជាតិកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ មីនា នេះ នៅលើផ្លូវជាតិលេខ៧ ក្នុងឃុំគោលាប់ ស្រុកចិត្របុរី។ បើទោះជាបែបណា ក៏គេមិនបានដឹងថា រថយន្តនេះមានជិះគ្នាប៉ុន្មាននាក់ទេ ។ ហើយអត្តសញ្ញាណរបស់ជនរងគ្រោះដែលបានស្លាប់ ក៏មិនទាន់ច្បាស់នៅឡើយដែរ ដោយសារតែរថយន្តត្រូវបានភ្លើងឆាបឆេះសល់តែឆ្អឹងដែកប៉ុណ្ណោះ ។
នគរបាលស្រុកចិត្របុរីបានប្រាប់ឲ្យដឹងថា ភ្លាមៗនគរបាលបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចំនួន២គ្រឿង ដើម្បីជួយអន្តាគមន៍បាញ់ពន្លត់ តែយ៉ាងណាមិនអាចជួយសង្គ្រោះអាយុ ជីវិតជនរងគ្រោះបាន ដោយសារតែរូបគេ ត្រូវបុកកៀបជាប់ក្នុងកាប៊ីនរថយន្ត ដែលបានកើតជាអគ្គិភ័យឆាបឆេះរហូតស្លាប់។
ចែករំលែកព័តមាននេះ