រាជធានីភ្នំពេញ ៖ រឿងរ៉ាវកីឡាករ សំបូរ សុភ័ណ្ឌ ដណ្ដើមបានមេដាយមាសកីឡាកាយវប្បកម្មពិភពលោក ហើយទទួលបានប្រាក់រង្វាន់ត្រឹមតែ២០លានរៀលនោះ បន្ទាប់ពីក្រសួងអប់រំធ្វើការបកស្រាយកាលពីពេលថ្មីៗកន្លងមកនេះ ធ្វើឱ្យម្ចាស់មេដាយមាសពិភពលោករូបនេះក៏ដូចជាកីឡាកររួមអាជីពជាច្រើនរូបទៀតអស់សង្ឃឹមយ៉ាងខ្លាំងហើយរហូតមកដល់ពេលនេះរឿងរ៉ាវមួយនេះកំពុងក្លាយជាអាយ៉ៃឆ្លងឆ្លើយមិនទាន់រកដំណោះស្រាយឃើញនៅឡើយ ។
កីឡាករ សំបូរ សុភ័ណ្ឌ និងបងប្រុសរបស់លោក សំបូរ ណាន ក៏បានចាកចេញទៅស្រុកកំណើតវិញ ថែមទាំងប្រកាសថា នឹងឈប់ប្រកួតតំណាងឱ្យជាតិទៀតហើយព្រោះប្រាក់រង្វាន់ដែលទទួលបានមានចំនួនតិចថែមទាំងក្រសួងថា មេដាយមាសនេះ គឺមិនពេញលក្ខណៈទៀតផង។
ជាមួយគ្នានេះ ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានចេញសេចក្តីប្រកាសព័ត៌មានជាលើកទី២ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានបង្ហាញការ«មិនអាចទទួលយកបានចំពោះការបកស្រាយរបស់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា»ចំពោះការលើកឡើងថា មេដាយមាសពិភពលោកដែលកីឡាករ សំបូរ សុភ័ណ្ឌ ដណ្តើមបានពីប្រទេសថៃជាមេដាយមិនពេញលេញនោះ។
សេចក្តីប្រកាសខាងលើបានសង្កត់ធ្ងន់ថា៖«ការបកស្រាយរបស់ឯកឧត្តម ស្តាប់មើលទៅហាក់ដូចជាឯកឧត្តម មិនបានសិក្សាឱ្យគ្រប់ជ្រុងជ្រោយពីរបៀបនៃការប្រកួតរបស់កីឡាកាយវប្បកម្ម និងធ្វើការតាមអារម្មណ៍នឹកឃើញរបស់បុគ្គលខ្លួនឯង មិនយល់ពីរបៀបឱ្យពិន្ទុ ហើយហ៊ានវាយតម្លៃមេដាយមាសពិភពលោក ដែលយើងទទួលបានថាមិនពេញលេញ ចុះហេតុអ្វីបានប្រទេស៥០ផ្សេងទៀតគេឱ្យតម្លៃបែរជាក្រសួងអប់រំកម្ពុជាយើង វាយតម្លៃថាមេដាយរបស់យើងមានលក្ខណៈមិនពេញលេញ ហើយទៅជាយកកីឡាមួយទៅប្រៀបធៀបជាមួយកីឡាមួយទៀត ។ ពិតណាស់កីឡាប្រភេទនីមួយៗ ពួកគាត់មានផលវិបាករៀងៗខ្លួន បើមិនដូច្នោះទេ គ្រប់គ្នាបានជើងឯកគ្រប់គ្នាហើយ»។
បន្ថែមពីលើនេះ ខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏បានប្រកាសដែរថា ខ្លួននឹងផ្អាករាល់ការចូលរួមប្រកួតទាំងថ្នាក់តំបន់អាស៊ីអាគ្នេយ៍(មានពី៨-១០ប្រទេសចូលរួម) កម្រិតទ្វីបអាស៊ី(មានពី៣០-៣២ ប្រទេសចូលរួម) និងពិភពលោក(មានពី៤៥-៥២ប្រទេសចូលរួម) មួយរយៈសិនដោយរង់ចាំការដោះស្រាយពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាជាមុនសិនចំពោះបញ្ហាប្រាក់រង្វាន់សម្រាប់ជ័យលាភីនេះ។
លោក តឹក ប៊ុនវី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីម្សិលមិញថា លោកនៅតែមិនយល់ថាហេតុអ្វីបានជាការផ្ដល់ប្រាក់រង្វាន់មានការខុសគ្នាដាច់ស្រឡះរវាងកីឡាករពីរនាក់ដែលទទួលបានមេដាយមាសដូចគ្នា ។
លោកថា កីឡាករសំបូរ ណាន ដែលប្រកួតឈ្នះមេដាយមាសពិភពលោកឆ្នាំ២០១៧នៅប្រទេសម៉ុងហ្គោលី ទទួលបានប្រាក់រង្វាន់១២០លានរៀល ចំណែកីឡាករសំបូរ សុភ័ណ្ឌឈ្នះមេដាយមាសពិភពលោកឆ្នាំ២០១៨នៅប្រទេសថៃទទួលបានត្រឹមតែ២០លានរៀល។មូលហេតុទាំងអស់នេះហើយដែលធ្វើឱ្យកីឡាករមួយចំនួនបាក់ទឹកចិត្តសំុឈប់វិលទៅរស់នៅស្រុកកំណើតរបស់ខ្លួនវិញ ហើយកីឡាករមួយចំនួនទៀតប្រកាសចង់ឈប់ជាបណ្ដើរៗ ធ្វើឱ្យសហព័ន្ធទាំងមូលសម្រេចចិត្តផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈសិន ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយជូនពួកគាត់ ។ ម្យ៉ាងវិញទៀតលោកក៏មិនយល់ដដែលនៅថ្ងៃដែលខាងក្រសួងអប់រំធ្វើសន្និសីទកាសែតស្ដីពីការប្រកាសប្រាក់រង្វាន់របស់អន្តរក្រសួង បើសិនជាលោកដឹងពីមុនមកក៏មិនជាបញ្ហាអ្វីដែរ ។
សហព័ន្ធមើលឃើញថា ក្រសួងមិនឱ្យតម្លៃដល់សហព័ន្ធ និងកីឡាករកាយវប្បកម្មទេ តើពួកយើងប្រឹងប្រែងដើម្បីអ្វីទៀត? សមាជិកគណៈកម្មការរបស់ខេមរៈសហព័ន្ធគឺសុទ្ធសឹងតែមានសាវតារជាកីឡាករសុទ្ធសាធ ដូចនេះរាល់ការនិយាយគឺចេញពីបេះដូងកីឡាករដូចគ្នា កីឡាករទើបយល់ពីអារម្មណ៍របែបនេះ ។ សហព័ន្ធមានការអត់ធ្មត់ជាខ្លាំងទាំងសមាជិក និងកីឡាករ ព្រមទាំងអ្នកគាំទ្រ ចាប់តាំងពីពេលប្រកួតបានជ័យលាភីជូនជាតិ រហូតដល់ចេញលិខិតប្រាក់រង្វាន់ ។
រូបលោកដែលជាអគ្គលេខាធិការតំណាងសហព័ន្ធបានស្នើសុំជួបលោកអ៊ុក សុទ្ធិជាតិ សុំការបកស្រាយ និងពន្យល់បន្ថែមពីប្រាក់រង្វាន់លើកទឹកចិត្ត តែលោកមិនទទួលជួបក្រុមយើងឡើយ ។ ក្រុមយើងចង់បញ្ចៀសណាស់ចំពោះព័ត៌មានអវិជ្ជមានទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជារាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់មានបាតុភាពកីឡាករគាត់ចេញសារជាសាធារណៈខ្លួនគាត់ ទើបក្រសួងកោះអញ្ជើញក្រុមការងារសហព័ន្ធទៅជួបបន្ទាន់ ។
សួរថា តើធ្វើអ៊ីចឹងធ្វើអី ចង់ល្បីណាស់មែនទេ? ចង់បង្ហាញពីកំសោយនៃការដឹកនាំរបស់ខ្លួនដល់ពិភពលោកមែន?
បើតាមការបកស្រាយរបស់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គ្រប់យ៉ាងគឺខាងក្រសួងអនុវត្តទៅតាមគោលការណ៍ច្បាប់តែប៉ុណ្ណោះ រឿងខាងសហព័ន្ធចង់បានដំណោះស្រាយបែបណានោះ គឺមិនអាចទៅរួចនោះទេ ។
លោកបញ្ជាក់ថា យើងត្រូវយល់ពីតម្លៃនៃគោលការណ៍ដែលចែងមកហើយមិនអាចកែប្រែបានឡើយ ។ ម្យ៉ាងវិញទៀត វាក៏មិនមែនជាទំនិញទិញដូរដែលចេះតែតថ្លៃគ្នាបានស្រេចតែចិត្តនោះដែរ។
លោកបន្តថា រឿងបែបនេះកើតឡើងជាង១០០ករណីរួចទៅហើយ មិនមែនតែរឿងមួយនេះទេ ហើយគេក៏បានឯកភាពគ្នារួចអស់ហើយដែរ ។ ដូច្នេះសូមឱ្យយើងទាំងអស់គ្នារក្សាតម្លៃថ្លៃថ្នូរ របស់វិស័យកីឡាយើងដែលរាជរដ្ឋាភិបាលខិតខំលើកកម្ពស់និងអភិវឌ្ឍន៍ ជាពិសេសកីឡាករ កីឡាការិនីឆ្នើមក្លាយជាវីរបុរស វីរនារីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ។
លោក អ៊ុក សិទ្ធិជាតិ សង្កត់ធ្ងន់ថា រឿងប្រាក់រង្វាន់១២០លានរៀលគ្មាននៅក្នុងគោល
ការណ៍ទេ ប៉ុន្តែវាជាការលើកទឹកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលដោយឱ្យប្រាក់រង្វាន់់មេដាយពិភពលោកស្មើប្រាក់រង្វាន់មេដាយអូឡាំពិកហ្គេមតែប៉ុណ្ណោះ ។ ចំណែកប្រាក់រង្វាន់២០លានរៀលបានចែងនៅក្នុងប្រកាសអន្តរក្រសួង លេខ៧១៦ចំណុចក១ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១៥មកម៉្លេះ ។
លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៦ប្រាក់រង្វាន់ទទួលបានច្រើនដោយសារតែកាលណោះ រាល់ការចេញទៅប្រកួតចំនួនមេដាយទទួលបានតិច តែចាប់ពីឆ្នាំ២០១៧មកមាន៥២សហព័ន្ធកីឡាជាតិ ២៥កីឡាអូឡាំពិក និង២៧កីឡាមិនអូឡាំពិក ដែលក្នុងមួយឆ្នាំៗកម្ពុជាទទួលបានមេដាយពីអន្តរជាតិ កម្រិតពិភពលោក កម្រិបទ្វីប និងកម្រិតតំបន់ពីចន្លោះ១៥០ទៅ២០០មេដាយឯណោះធ្វើឱ្យមានការចំណាយច្រើនណាស់។
ដោយឡែកយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Shally D Toun ដែលរូបលោកគឺជាគ្រូបង្វឹកកីឡាកាយវប្បកម្មមួយរូបដែរបានបញ្ចេញយោបល់ចំពោះរឿងនេះថា លោកក៏ជាគ្រូបង្វឹក និងជាកីឡាករមួយរូបដែរ សូមមានយោបល់ខ្លះ! មិនផ្តល់ដំណោះស្រាយមួយជូនកីឡាករ បែរជាព្យាយាមរកការបកស្រាយដែលពុំមានភាពច្បាស់លាស់ ។
ឈ្មោះថា មេដាយមាសដូចគ្នា តែវិញ្ញាសាខុសគ្នា ខាងក្រសួងអប់រំ យុវជន និងកីឡា បានដឹងច្បាស់ពីហេតុផលនេះណាស់! សូម្បីតែម៉ូតូសឺរ៉ែន១គ្រឿងទៅទទួលក៏គ្មានដែរ។ ក្រសួងថា មិនធ្លាប់ដឹងពីសេចក្តីប្រកាសអន្តរក្រសួង បើចឹងតាមអ្វីដែលកីឡាករនិយាយថាឆ្នាំ២០១៦ ឆ្នាំ២០១៧ គឺពុំមានបញ្ហា ហើយខ្លួនទទួលបានរង្វាន់លើកទឹកចិត្តពេញលេញក្រោយទទួលបានមេដាយមាសរបស់ខ្លួន តើហេតុអ្វីក៏សេចក្តីប្រកាស ហើយក្រសួងមិនដឹង!?
ក្រសួងអប់រំគ្រាន់តែនិយាយក៏គ្មានមូលដ្ឋានត្រឹមត្រូវផង គ្មាន៥១វិញ្ញាសាទេ។ នេះបើតាមការរៀបរាប់របស់កីឡាករសំបូរ សុភ័ណ្ឌ គឺវិញ្ញាសាខុសពីអ្វីដែលក្រសួងនិយាយ ។ មួយវិញទៀតក្រសួងថាមេដាយមាសនោះមិនពេញលេញ ហេតុអ្វីបានជាមិន ពេញលេញសម្រាប់តែកីឡាករកម្ពុជា សំបូរ សុភ័ណ្ឌ ចុះប្រទេស៥០ទៀតហេតុអ្វីបានជាពួកគេពេញលេញ?
ទង់ជាតិ និងភ្លេងជាតិកម្ពុជាបានបន្លឺឡើងក្រោយពេលកីឡាករសំបូរ សុភ័ណ្ឌ ត្រូវបានប្រកាសថាជាម្ចាស់មេដាយមាស ។ តើសមទេដែលភ្លេងជាតិ និងទង់ជាតិកម្ពុជាយើង បន្លឺឡើង និងបក់រវិចលើឆាកអន្តរជាតិ ជាង៥០ប្រទេសអបអរសាទរ ហើយបកស្រាយថា ម្ចាស់មេដាយមាសមិនពេញលេញនោះ? តើក្រសួងអប់រំ និយាយបែបនេះកំពុងលើកតម្កើងជាតិសាសន៍របស់ខ្លួន ឬក៏កំពុងបន្តុះបង្អាប់ជាតិសាសន៍របស់ខ្លួនឯង?
ចែករំលែកព័តមាននេះ