បណ្តាអ្នកវិទ្យាសាស្ត្រមកពីអង្គការមូលនិធិស្រាវជ្រាវជំងឺមហារីកពិភពលោក WCRF បានថ្លែងថា ធ្វើសកម្មភាពរាងកាយសមល្មមណាមួយដែលអាចធ្វើឱ្យបេះដូងដើរញាប់ជាងធម្មតាពិតជាមានផលល្អដល់សុខភាព ពិសេសជួួយទប់ស្កាត់ជំងឺមហារីក ។
បណ្តាអ្នកជំនាញបានអះអាងថា ជំងឺមហារីកដោះ និងពោះវៀនប្រហែល១ម៉ឺនករណីក្នុងមួយឆ្នាំៗនៅចក្រភពអង់គ្លេសអាចនឹងត្រូវបានទប់ស្កាត់ ប្រសិនបើគេធ្វើលំហាត់ប្រាណដោយដើរញាប់ ។
យោងតាមទិន្នន័យសិក្សាបានលើកឡើងថា ការហាត់ប្រាណជាមធ្យមរយៈពេល៤៥នាទី ក្នុងមួយថ្ងៃអាចជួយទប់ស្កាត់ជំងឺមហារីកដោះដល់ទៅជាង៥ពាន់ករណី ។ លើសពីនេះការហាត់ប្រាណក៏អាចជួយទប់ស្កាត់ការធាត់ដុះពោះដែលជាផ្នែកមួយនាំឱ្យកើតជំងឺមហារីកផងដែរ ។
ក្រុម WCRF បានសង្កត់ធ្ងន់នៅក្នុងរបាយការណ៍របស់ពួកគេថា ភាពរស់រវើកគ្រប់ពេលទាំងអស់មានសារសំខាន់បំផុត ។ នេះមានន័យថា គេមិនចាំបាច់សន្សំពេលកន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីទៅហាត់ប្រាណនោះឡើយ ។ ក្រៅពីការដើរញាប់ សកម្មភាពដែលអាចធ្វើឱ្យមានសុខភាពល្អមានដូចជា៖ «ការធាក់កង់ ឬហែលទឹក ការរាំ ការងារក្នុងសួន កិច្ចការអនាម័យ មានការបោស ជូត សម្អាត រួមនឹងការងារផ្ទះផ្សេងៗទៀត ។
វេជ្ជបណ្ឌិតរា៉ឈែល ថំសុន ប្រធានដឹកនាំការស្រាវជ្រាវបានលើកឡើងថា ការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃបន្តិចបន្តួចអាចធ្វើឱ្យមនុស្សទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងសំខាន់ ។ លោកបន្តថា៖ «ឥឡូវនេះយើងមានភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ថា សកម្មភាពរស់រវើកផ្នែករាងកាយ មានសារសំខាន់បំផុតក្នុងការជួយទប់ស្កាត់ជំងឺមហារីក ។ ទាំងអស់នេះ ក៏បានបង្ហាញដែរថា យើងពុំចាំបាច់ត្រូវតែទៅហាត់ប្រាណរៀងរាល់ថ្ងៃនោះដែរ ។
គេអាចកាត់បន្ថយការកើតជំងឺមហារីកបានតាមរយៈការផ្លាស់ប្តូរបន្តិចបន្តួច ។ វាបានបង្ហាញដោយការពិតដែលថា ជំងឺមហារីកជាច្រើនករណីអាចត្រូវបានទប់ស្កាត់តាមវិធីដ៏ងាយដូចជាការដើរញាប់នេះឯង» ។ លោកហេនរី ស្កាវហ្រូហ្វ នាយកគ្រប់គ្រងព័ត៌មានរបស់មជ្ឈមណ្ឌលរោគមហារីកចក្រភពអង់គ្លេស បានបញ្ជាក់ថា៖ «លោកអ្នកពុំចាំបាច់ធ្វើជាអត្តពលិក ដើម្បីកាត់បន្ថយអត្រាកើតជំងឺមហារីកនោះទេ ។ នៅពេលនេះ យើងមានភស្តុតាងដ៏រឹងមាំមួយដែលថា ការហាត់ប្រាណជាមធ្យមដូចជាការដើរញាប់ពិតជាអាចទប់ស្កាត់ជំងឺមហារីកបាន»៕
ចែករំលែកព័តមាននេះ