រយៈពេល ៦ ខែ ក្រសួងការងារផ្តល់សេវាពិនិត្យកាយសម្បទា ជូនកម្មករនិយោជិតខ្មែរ បានជិត ៣០ ម៉ឺននាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចាប់ពីខែកញ្ញា ឆ្នាំ ២០២៣ ដល់ខែកុម្ភៈ ២០២៤ ពោលគឺរយៈពេល ៦ ខែ…
រាជធានីភ្នំពេញ ៖ ចាប់ពីខែកញ្ញា ឆ្នាំ ២០២៣ ដល់ខែកុម្ភៈ ២០២៤ ពោលគឺរយៈពេល ៦ ខែ…
រាជធានីភ្នំពេញ ៖ ចាប់ពីខែកញ្ញា ឆ្នាំ ២០២៣ ដល់ខែកុម្ភៈ ២០២៤ ពោលគឺរយៈពេល ៦ ខែ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់សេវាសាធារណៈ ដល់កម្មករនិយោជិតខ្មែរតាមរយៈការពិនិត្យ និងផ្ដល់វិញ្ញាបនបត្រពិនិត្យកាយសម្បទា សរុប ២៨៦,២៥៤ នាក់ ក្នុងនោះនិយោជិតជាស្រីមាន ១៩៧,៥៧៧ នាក់ ។
បន្ថែមពីនោះនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តល់សេវាបណ្តុះបណ្តាលស្តីពីសុខភាព និងសុវត្ថិភាពការងារ ដល់ប្រតិភូបុគ្គលិកចំនួន ១៤២៨ នាក់ ក្នុងនោះស្រីចំនួន ៨២៩ នាក់ ។ ក្រៅពីនោះនាយកដ្ឋានពេទ្យការងារ ក៏បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិតប្រតិភូបុគ្គលិក និងសហជីព តាមបណ្តារោងចក្រ សហគ្រាស បន្ថែមផងដែរ ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា តាមរយៈសមិទ្ធផលការងារទាំងនេះឃើញថា សកម្មភាពការងារនៅនាយកដ្ឋានពេទ្យការងារ មានដំណើរការល្អ បានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានខិតខំបង្កើនសមត្ថភាព តាមរយៈការអនុវត្តការងារជាក់ស្តែង ការចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ ។
ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះ ក្រសួងការងារដាក់ចេញ នូវផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិត ហើយវាក៏ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ។
ឯកឧត្តមគូសបញ្ជាក់ថា កិច្ចការងារទាំងនោះរួមមាន៖ ទី១ ក្របខណ្ឌច្បាប់ និងគោលនយោបាយស្តីពីសុវត្ថិភាព និងសុខភាពការងារ មានភាពស៊ីសង្វាក់គ្នាស្របតាម បទដ្ឋានអន្តរជាតិ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព ។ ទី ២ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារដែលដំណើរការ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសមត្ថភាព ។ ទី ៣ ការអនុវត្តន៍អនុលោមភាពទៅតាមច្បាប់ និងការធ្វើអធិការកិច្ចការងារផ្នែកសុវត្ថិភាព និងសុខភាពការងារប្រកបដោយគុណវុឌ្ឍិ និងប្រសិទ្ធភាព ។
ទី ៤ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងនិយោជក និងកម្មករនិយោជិត ស្តីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងវិស័យក្នុងប្រព័ន្ធ ជាពិសេសនៅវិស័យដែលមានហានិភ័យខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ និងបង្កើនផលិតភាពការងារ ។ ទី ៥ ការលើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ នៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងនៅតាមជនបទ ព្រមទាំងបង្កើនការយល់ដឹង អំពីសុវត្ថិភាព និងសុខភាពការងារ ។ និងទី ៦ ការលុបបំបាត់ពលកម្មកុមារ និងការងារដោយបង្ខំ សហប្រតិបត្តិការ ក្នុងការបង្ការមេរោគអេដស៍ ជំងឺអេដស៍ ការប្រើប្រាស់គ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅកន្លែងធ្វើការ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ