ជំរុំសត្វស្លាបព្រែកទាល់បឹងទន្លេសាប កំពុងឆក់យកបេះដូងភ្ញៀវទេសចរទៅទស្សនាកាន់តែច្រើន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ សត្វស្លាបគ្រប់ប្រភេទដ៏សំបូរបែប ដែលរស់នៅផ្ដុំគ្នាយ៉ាងសុខសាន្ត នៅក្នុងតំបន់«អេកូទេសចរ ព្រែលទាល់» លើផ្ទៃបឹងទន្លេសាប បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិឱ្យធ្វើដំណើរទៅទស្សនា និងផ្ដិតយករូបភាពទិដ្ឋភាពកាន់តែច្រើនឡើងៗមួយរយៈចុងក្រោយនេះ ។ នេះបើតាមការកត់សម្គាល់របស់មន្ត្រីជនាញមន្ទីរទេសចរខេត្ត ដែលបានវាយតំលៃ ។

តំបន់«អេកូទេសចរ ព្រែកទាល់»ជាជំរុំសត្វស្លាបគ្រប់ប្រភេទ និងដ៏ធំនៅលើផ្ទៃបឹងទន្លេសាបក្នុងទឹកដី ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលគ្រប់គ្រង និងការពារថែទាំដោយមន្ត្រីបរិស្ថាន ។ ភ្ញៀវទេសចរដែលមានបំណងចង់គយគន់ និងផ្ដិតយករូបភាព សកម្មភាពហ្វូងសត្វស្លាបហោះឆាបបង្ហាញរាងលើផ្ទៃទឹកដ៏ធំធេងអាចធ្វើដំណើរចេញពីទឹកដីខេត្តសៀមរាបក៏បាន និងអាចធ្វើដំណើរចេញពីទឹកដីខេត្តបាត់ដំបងក៏បានតាមរយៈមធ្យោបាយ«កាណូត» ។

គេមិនអាចគណនាអំពីចំនួនហ្វូងសត្វស្លាបរាប់សែនក្បាល និងច្រើនប្រភេទទាំងអស់នោះបានទេ ។ ប៉ុន្តែពួកវាហាក់រស់នៅផ្ដុំគ្នានៅក្នុងជំរុំដ៏ធំមួយកន្លែងយ៉ាងសុខសាន្តគឺតំបន់«ព្រែកទាល់» ។ វត្តមានហ្វូងសត្វស្លាបហោះឆាបមច្ឆជាតិ បង្អូតសម្រស់លើផ្ទៃទឹក រីឯខ្លះទៀតជួបជុំផ្ដុំគ្នាលើដើមឈើ ចឹកប្រលែងគ្នាលេងយ៉ាងត្រសងលើទ្រនុំដ៏សុខសាន្ត រួមផ្សំនិងសម្រស់ធម្មជាតិអណ្ដែតលើផ្ទៃទឹកដ៏ធំល្វឹងល្វើយគួរឲ្យចង់គយគន់ និងទាក់ទាញចំណាប់អារម្មណ៍ក្រៃលេង ។

នេះជាចំណុចពិសេសៗ ដែលអាចចាត់ទុកជាផ្ទាំងទស្សនីយភាពដ៏សំបូរបែបនៃពួកហ្វូងសត្វស្លាបដែលរស់នៅជាមួយនឹងធម្មជាតិលើផ្ទៃទឹកបឹងទន្លេសាបនៅតំបន់«អេកូទេសចរណ៍ព្រែកទាល់» ដែលបាន«ឆក់យកបេះដូងភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ» ឲ្យចាប់អារម្មណ៍ធ្វើដំណើរទៅទស្សនាកាន់តែច្រើនឡើងៗរហូតមកទល់នឹងបច្ចុប្បន្ននេះ ។

ពាក់ព័ន្ធនឹងកំណើនភ្ញៀវនេះ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានលើកបង្ហាញដោយសម្គាល់ថា មួយរយៈចុងក្រោយនេះ ភ្ញៀវទេសចរដែលបានធ្វើដំណើរទៅទស្សនាហ្វូងសត្វស្លាបនៅតំបន់«ព្រែកទាល់»ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ។

នេះជារដូវកាលដែលពួកហ្វូងសត្វស្លាបគ្រប់ប្រភេទបង្អួតរាងលើផ្ទៃទឹកជាមួយនឹងសម្រស់ធម្មជាតិផ្ទៃបឹងទន្លេសាបដ៏ធំធេងមើលដាច់កន្ទុយភ្នែកជូនភ្ញៀវទេសចរទស្សនាកម្សាន្ត បានផ្ដិតយករូបភាព ទិដ្ឋភាពដ៏ស្រស់ស្អាត ជាមួយសកម្មភាពហ្វូងសត្វ ទាំងនៅលើទ្រនំ ទាំងនៅលើអាកាស និងនៅលើផ្ទៃទឹក ។

លោកភីនីស្សារ៉ា បានលើកឡើងពីចក្ខុវិស័យនៃគោលដៅទេសចរណ៍លើផ្ទៃទឹកមួយនេះដូច្នេះថា «រមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ស្អាតលើផ្ទៃបឹងទន្លេសាបមួយនេះ ប្រសិនបើមានសេវាលក់សំបុត្រឲ្យមានភ្ញៀវរាយចេញចូលមានពេលវេលាត្រឹមត្រូវមានតំលៃសេវាដឹកជញ្ជូនសមរម្យនោះ នឹងមានភ្ញៀវធ្វើដំណើរទៅទស្សនាកាន់តែច្រើន» ។

ជាចុងក្រោយ លោកក៏បានចង្អុលបង្ហាញផ្លូវជាការងាយស្រូលដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិដែលមានបំណងចង់ធ្វើដំណើរទៅទស្សនាហ្វូងសត្វស្លាបនៅតំបន់«អេកូទេសចរណ៍ព្រែកទាល់» គឺនៅដើមរដូងប្រាំងនេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងបាត់ដំបង ឆ្លងកាត់ស្រុកឯកភ្នំ រហូតទៅដល់ភូមិបាក់ព្រា តាមរយៈយានយន្តគ្រប់ប្រភេទ។

ប៉ុន្តែភ្ញៀវទេសចរនឹងត្រូវឡើងជិះកាណូតបន្តដំណើរមួយស្របក់ទៀតនឹងបានទៅដល់គោលដៅនៃផ្ទាំងទស្សនីយភាពដ៏ស្រស់ឆើតឆាយ គយគន់យ៉ាងសប្បាយរីករាយ ប្លែកភ្នែកប្លែកអារម្មណ៏ ជាមួយនឹងហ្វូងសត្វស្លាបបង្ហាញក្បាច់ហោះហើរឆាបមច្ឆជាតិលើផ្ទៃទឹកបឹងទន្លេសាបដ៏ធំល្វឹងល្វើយនោះហើយ ៕










ចែករំលែកព័តមាននេះ